សំឡេងគ្រាប់ផ្លោង សម្រែកឈឺចាប់ ការបាត់បង់ជីវិតនៃវីរយុទ្ធជនជួរមុខនិងពលរដ្ឋខ្មែរស្លូតត្រង់ជាបន្តបន្ទាប់ ជនភៀសសឹករាប់ម៉ឺននាក់ ភាពខ្ទេចខ្ទាំនៃហេដ្ឋារចនាសម្ព័ន្ធនានា ពិសេសប្រាសាទដែលជាសម្បត្តិវប្បធម៌ខ្មែរដ៏មានតម្លៃនិងមិនអាចកាត់ថ្លៃបាន ដែលបង្កឡើងដោយយោធាទាហានថៃ បាននិងកំពុងអង្រួនចិត្ត ពញ្ញាក់ស្មារតីមេដឹកនាំ យុទ្ធជន ក៏ដូចជាជនរួមជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេសឲ្យភ្ញាក់ឡើងប្រកបដោយក្តី ឈឺចាប់ខ្លោចផ្សារបំផុត។
ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប ខ្ញុំកត់សម្គាល់ឃើញថា នៅចំពោះមុខស្ថានការណ៍ដ៏ឈឺចាប់នេះ មានការជជែក វែកញែកជាច្រើនជុំវិញទង្វើដ៏គឃ្លើនរបស់ទាហាថៃដែលបានចូលមកឈ្លានពានលើដែនអធិបតេយ្យភាពរបស់កម្ពុជាដោយឥតមានក្រែងរអារចំពោះ ច្បាប់អន្តរជាតិឬក៏គោរពនូវគោលការណ៍មនុស្សធម៌អន្តរជាតិ។ទន្ទឹមនឹងការបង្ហាញនូវក្តីឈឺចាប់នេះ ស្មារតីសាមគ្គីភាពនិងភក្តីភាពក្នុងចំណោមមហាជនខ្មែរជាមួយរាជរដ្ឋាភិ-បាល កងកម្លាំងប្រដាប់អាវុធក៏បាននិងកំពុងតែរីកផុលផុសសុសសាយទាំងក្នុងនិងក្រៅ ប្រទេស លើកលែងតែក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចតែប៉ុណ្ណោះ។ក្រុមជ្រុលនិយមនេះ មិនត្រឹមតែមិនបានជួយជាយោបល់ ផ្តល់គំនិតគិតគូរជួយដល់ជាតិនៅក្នុង កាលៈទេសៈដ៏លំបាកនេះនោះទេ ប៉ុន្តែបើជាមានគំនិតទុច្ចរិតបំផុសបំផុលឲ្យមានចលនាផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ដែលកំពុងតែបំពេញកាតព្វកិច្ចដ៏ថ្លៃថ្លាក្នុងការការពារជាតិមាតុភូមិថែមទៀត។

ក្នុងទំព័រនេះ ស្មេរសូមមិនលើកយកសកម្មភាពទុច្ចរិតរបស់ក្រុមប្រឆាំងជ្រុលនិយម មកលាតត្រដាងនោះឡើយ ព្រោះថាទុកឲ្យមហាជនពិសេសប្រជាជនខ្មែរទាំងក្នុងនិងក្រៅប្រទេសពិចារណាដោយខ្លួនឯងចុះ ថាតើនរណាជាអ្នកស្នេហាជាតិ ស្រឡាញ់ប្រជាជនពិតប្រាកដនោះ?
ក្នុងនាមជាកូនខ្មែរ យើងគ្រប់រូបចងចាំនូវទំព័រប្រវត្តិសាស្ត្រដ៏ជូរចត់ ដែលបានបន្សល់ទុកនូវស្លាកស្នាមមិនអាចបំភ្លេចបាន។ ការឈ្លានពាន និងសង្គ្រាមដែលបង្កឡើងដោយទាហានថៃ កាលពីអតីតកាល ក៏ដូចជាបច្ចុប្បន្ននេះ គឺជាផ្នែកមួយនៃសោកនាដកម្មដែលបានធ្វើឲ្យជាតិយើងទទួលរងនូវការបាត់បង់យ៉ាងធ្ងន់ធ្ងរ ទាំងអាយុជីវិត ទឹកដី ធនធានរួមទាំងសម្បត្តិវប្បធម៌ដ៏មានតម្លៃដែលដូចតាខ្មែរបានបន្សល់ទុករាប់រយឆ្នាំមកហើយ។ ក្នុងនាមជាកូនខ្មែរដូចខ្ញុំដែរ ខ្ញុំយល់ថា កូនខ្មែរឯទៀតដែលមានមនសិការស្រឡាញ់ជាតិ មាតុភូមិពិតប្រាកដ ក៏មានការ សោកស្តាយ និង ឈឺចាប់ យ៉ាងក្រៃលែង ចំពោះទង្វើរំលោភបំពានរបស់ទាហាថៃ(សៀម)ម្តងហើយម្តងទៀតដោយឥតខ្លាចញញើតនិងអមនុស្សធម៌ជាទីបំផុត។
សោកនាដកម្មដែលបានកើតឡើងដោយសារកត្តាខាងក្រៅ ដូចជាសង្គ្រាម បានបង្ហាញឲ្យយើងឃើញយ៉ាងច្បាស់ថា អំណាចពិតប្រាកដរបស់ជាតិមួយ គឺស្ថិតនៅលើការរួបរួមផ្ទៃក្នុង។ បើគ្មានការរួបរួមទេ ជាតិយើងនឹងក្លាយជាចំណីសម្រាប់ការបំបែកបំបាក់ និងការជ្រៀតជ្រែកពីខាងក្រៅជារៀងរហូត។

ក្នុងកាលៈទេសៈដ៏លំបាកដែលបង្កឡើងដោយសត្រូវឈ្លានពានបរទេសនេះ ខ្ញុំយល់ថា ជនរួមជាតិកម្ពុជាទាំងអស់ ទាំងអ្នកដែលរស់នៅក្នុងប្រទេស និងក្រៅប្រទេសគប្បី៖
- លើកកម្ពស់ស្មារតីសាមគ្គីភាពនិងរួបរួមគ្នាជាធ្លុងមួយ៖ ឈប់ប្រកាន់បក្សពួក និន្នាការនយោបាយ ឬភូមិភាគនិយមតទៅទៀត។ យើងទាំងអស់គ្នាគឺជា ខ្មែរតែមួយ មានឫសគល់ វប្បធម៌ និងជោគវាសនាតែមួយ។
- សូមចងចាំមេរៀនប្រវត្តិសាស្ត្រ៖ សូមយកការឈឺចាប់ដែលបង្កឡើងដោយសង្គ្រាមពីអតីតកាល មកធ្វើជាកម្លាំងជំរុញឲ្យយើងខិតខំកសាង និងការពារជាតិយើងជាមួយគ្នា ដោយសាមគ្គីភាព និងឯកភាព។
- សូមរួមចំណែកកសាងជាតិ៖ ការរួបរួមមិនមែនត្រឹមតែការនិយាយទេ តែជាការអនុវត្តជាក់ស្តែង តាមរយៈការរួមគ្នាអភិវឌ្ឍសេដ្ឋកិច្ច ការលើកកម្ពស់ការអប់រំ និងការថែរក្សាវប្បធម៌។
- ចូលរួមបរិច្ចាគ៖ពេលនេះ ជាងពេលណាៗទាំងអស់សូមចូលរួមបរិច្ចាគទៅតាម លទ្ធភាពនិងដោយស្ម័គ្រចិត្តនូវថវិកា គ្រឿងឧបភោគបរិភោគ។ល។រួមទាំងការ បរិច្ចាគឈាមសម្រាប់ជួយដល់យុទ្ធជនជួរមុខក៏ដូចជាប្រជាពលរដ្ឋរងគ្រោះ។

មានតែការរួបរួម និងសាមគ្គីភាពជាតិប៉ុណ្ណោះ ទើបអាចធានាបាននូវឯករាជ្យ សន្តិភាព និងការរីកចម្រើនជាអមតៈរបស់កម្ពុជា។ទោះមិនមាននិន្នាការនយោបាយដោយឡែក កាន់សាសនាផ្សេងគ្នាយ៉ាងណាក៏ដោយ ក្នុងគ្រាដែលប្រទេសជាតិជួបគ្រោះយ៉ាងដូច្នេះ សូមកុំឲ្យការលាបពណ៌គ្នា ឬការបែកបាក់ផ្ទៃក្នុង ដែលនាំឲ្យសត្រូវខាងក្រៅមានឱកាសជ្រៀតជ្រែកចូលមកបានទៀត។ខ្មែររួបរួម ខ្មែរខ្លាំង! យើងត្រូវរួមគ្នាដើម្បីក្លាយជា ជញ្ជាំងដែក ដែលមិនអាចបំបែកបានសម្រាប់ការពារដែនអធិបតេយ្យ បូរណភាពទឹកដីខ្មែរឲ្យបានស្ថិតស្ថេរគង់វង្សរៀងរហូតទៅ៕
អត្ថបទ៖ត្រយង
