
អតីតកីឡាករវិសាខា កីឡាករ Ramon សញ្ជាតិប្រេស៊ីល រកគ្រាប់បាល់បាន១គ្រាប់ និងជាគ្រាប់សំខាន់ជួយឱ្យក្រុម Persib របស់ប្រទេសឥណ្ឌូណេស៊ី យកឈ្នះក្រុម Bangkok United របស់ប្រទេសថៃ ដោយលទ្ធផល ១-០ ក្នុងការប្រកួតពានរង្វាន់លំដាប់ទី២ ប្រចាំទ្វីបអាស៊ី AFC Champion League tow រដូវកាលឆ្នាំ២០២៥-២៦ កាលពីរាត្រីថ្ងៃទី១០ ខែធ្នូ កន្លងទៅ នៅក្នុងកីឡដ្ឋាន Gelora Bandung Lautan Api Stadium ប្រទេសឥណ្ឌូណេស៊ី ។

១គ្រាប់របស់កីឡាករ Ramon បានជួយឱ្យក្លិប Persib របស់ប្រទេសឥណ្ឌូណេស៊ី ឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ នៃពានរង្វាន់លំដាប់ទី២ ប្រចាំទ្វីបអាស៊ី AFC Champion League tow ទោះបីនៅសល់១ប្រកួតក្នុងដៃក៏ដោយក្តី។

បច្ចុប្បន្ននេះ ក្រុមបាល់ទាត់ Persib ដែលមានកីឡាករ Ramon កំពុងប្រកបអាជីពនៅទីនោះ ឈរនៅកំពូលតារាង នៃ Group G ក្រោយឆ្លងកាត់ ៦ប្រកួតឈ្នះ៤ ស្មើ១ និងចាញ់១ មាន១៣ពិន្ទុ ក្នុងដៃ ខណៈក្រុម
Bangkok United របស់ប្រទេសថៃ កំពុងឈរនៅចំណាត់ថ្នាក់លេខ២ ឆ្លងកាត់៦ប្រកួតកន្លងទៅ ឈ្នះ៣ប្រកួត ស្មើ១ និងចាញ់២ មាន១០ពិន្ទុ។

ពានរង្វាន់លំដាប់ទី២ AFC Champion League Tow ត្រូវជាប្អូនបង្កើតរបស់ AFC Champion League ដែលជាកូនច្បងទី១ ខណៈជើងឯកឆ្នាំចាស់ ២០២៤-២៥ បានលើក្រុម Sharjah FC របស់ប្រទេសអារ៉ាប់រួម រីឯម្ចាស់ជើងឯក AFC Champion League បានលើក្រុម Al-Ahli របស់អារ៉ាបប៊ីសាអូឌីត ចំណែកឯកូនពៅ AFC Challenge League ម្ចាស់ជើងឯកបានលើក្រុម Arkadag របស់តួកមេនីស្ថាន ៕

