គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) សូមជូនដំណឹងដល់សាធារណជនទាំងជាតិ និងអន្តរជាតិមេត្តាជ្រាបថា ទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលត្រូវបានចុះហត្ថលេខា ក្នុងកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ ក៏ប្រទេសថៃនៅតែបន្តប្រើប្រាស់កម្លាំងយោធាដោយខុសច្បាប់ និងបង្កើនសកម្មភាពឈ្លានពានលើទឹកដីកម្ពុជា។

ទន្ទឹម​នេះថៃ បាន​ចូលលុកលុយលំនៅឋានប្រជាពលរដ្ឋ និងលួចយកទ្រព្យសម្បត្តិឯកជន រួមមាន ម៉ូតូ គោយន្ត និងសម្ភារៈផ្សេងៗ នៅភូមិព្រៃចាន់ ភូមិជោគជ័យ និងភូមិបឹងត្រកួន ខេត្តបន្ទាយមានជ័យ ព្រមទាំងតំបន់មួយចំនួនក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ និងពោធិ៍សាត់ ដែលស្ថិតក្នុងដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។

សូមចុចអាន៖ មន្ត្រីជាន់ខ្ពស់កម្ពុជា ថ្កោលទោសសកម្មភាពលួចប្លន់ ខណៈអន្តរជាតិតាមដានជម្លោះព្រំដែនកម្ពុជា–ថៃយ៉ាងជិតស្និទ្ធ

ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា

គ.ស.ម.ក. បញ្ជាក់ថា កងកម្លាំងយោធាថៃបានបន្តបំផ្លិចបំផ្លាញផ្ទះសម្បែង ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងវប្បធម៌ ព្រមទាំងចូលលុកលុយលំនៅឋានប្រជាពលរដ្ឋ និងលួចយកទ្រព្យសម្បត្តិឯកជន រួមមាន ម៉ូតូ គោយន្ត និងសម្ភារៈផ្សេងៗ នៅភូមិព្រៃចាន់ ភូមិជោគជ័យ និងភូមិបឹងត្រកួន ខេត្តបន្ទាយមានជ័យ ព្រមទាំងតំបន់មួយចំនួនក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ និងពោធិ៍សាត់ ដែលស្ថិតក្នុងដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។

អំពើឈ្លានពានទាំងនេះ បានបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជារាប់សែនគ្រួសារ ត្រូវបង្ខំចិត្តចាកចេញពីលំនៅឋាន បាត់បង់ដីធ្លី និងទ្រព្យសម្បត្តិ រស់នៅក្នុងស្ថានភាពគ្មានផ្ទះសម្បែង និងរងការបណ្តេញចេញដោយបង្ខំ ដែលផ្ទុយទាំងស្រុងនឹងកាតព្វកិច្ច និងស្តង់ដាច្បាប់អន្តរជាតិ ស្តីពីការការពារសិទ្ធិមានលំនៅឋានសមរម្យ និងសិទ្ធិកាន់កាប់ទ្រព្យសម្បត្តិឯកជន។

គ.ស.ម.ក. គូសបញ្ជាក់ថា ការកាន់កាប់ដោយខុសច្បាប់ ការបំផ្លិចបំផ្លាញលំនៅឋាន ការលួចទ្រព្យសម្បត្តិជនស៊ីវិល និងការរារាំងការវិលត្រឡប់ទៅលំនៅឋានវិញ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរ លើច្បាប់ និងអនុសញ្ញាអន្តរជាតិ រួមមាន កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ អនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩០៧ អនុសញ្ញាទីក្រុងហ្សឺណែវ និងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ដែលធានាសិទ្ធិមានលំនៅឋាន និងការការពារទ្រព្យសម្បត្តិឯកជនរបស់ប្រជាពលរដ្ឋ។

ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ គ.ស.ម.ក. បានដាក់ពាក្យបណ្តឹងផ្លូវការទៅកាន់ ឯកឧត្តម Volker Türk ឧត្តមស្នងការនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) និងលោក Balakrishnan Rajagopal អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមានលំនៅឋានសមរម្យ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

សំណើសំខាន់ៗរបស់ គ.ស.ម.ក. ទៅកាន់យន្តការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ

  1. ពិនិត្យ និងចាត់វិធានការបន្ទាន់ចំពោះការរំលោភសិទ្ធិមានលំនៅឋាន និងសិទ្ធិកម្មសិទ្ធិរបស់ប្រជាពលរដ្ឋកម្ពុជា។
  2. ជំរុញឱ្យបញ្ឈប់ភ្លាមៗនូវការបណ្តេញចេញដោយបង្ខំ ការបំផ្លិចបំផ្លាញផ្ទះសម្បែង និងការហាមឃាត់ការវិលត្រឡប់ទៅលំនៅឋានវិញ។
  3. ស្នើឱ្យប្រទេសថៃដកកងកម្លាំងចេញពីទឹកដីកម្ពុជា និងធានាការវិលត្រឡប់ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូររបស់ជនភៀសសឹកកម្ពុជា។
  4. ចាត់ទុកករណីនេះជាការរំលោភយ៉ាងធ្ងន់ធ្ងរ លើសិទ្ធិមានលំនៅឋានសមរម្យ ដែលពាក់ព័ន្ធនឹងជម្លោះប្រដាប់អាវុធ។
  5. ជំរុញឱ្យមានការជួសជុល សំណង និងការធានាមិនឱ្យអំពើបែបនេះកើតឡើងម្តងទៀត។

គ.ស.ម.ក. បញ្ជាក់ជាថ្មីថា សិទ្ធិមានលំនៅឋាន គឺជាសិទ្ធិមនុស្សមូលដ្ឋាន មិនមែនជាគោលដៅយោធា ហើយការបំផ្លិចបំផ្លាញលំនៅឋានស៊ីវិល និងការបណ្តេញចេញដោយបង្ខំ គឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលទាមទារការឆ្លើយតបបន្ទាន់ និងមានប្រសិទ្ធភាពពីសហគមន៍អន្តរជាតិ។

គ.ស.ម.ក. អំពាវនាវយ៉ាងទទូចឱ្យយន្តការពាក់ព័ន្ធ និងសហគមន៍អន្តរជាតិ ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារអាយុជីវិត សិទ្ធិសេរីភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនស៊ីវិលកម្ពុជា ព្រមទាំងធានាការទទួលខុសត្រូវស្របតាមច្បាប់អន្តរជាតិ ចំពោះអំពើរំលោភបំពានទាំងឡាយ។

Share.