កំពង់ស្ពឺ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង ដឹកនាំដោយ លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុក នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ បានបើកប្រតិបត្តិការបង្រ្កាបល្បែងស៊ីសង ជល់មាន់ មួយកន្លែង ស្ថិតនៅដីឡូត៍ទំនេរ ភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ប្រតិបត្តិការនេះ បានឃាត់ខ្លួនមុខសញ្ញាកំពុងលេងជាក់ស្តែងចំនួន ១៩នាក់ ក្នុងនោះមានបុរសម្នាក់ឈ្មោះ ភឹម ផន អាយុ ៤៩ឆ្នាំ មានអាការៈជំងឺឡើងសម្ពាធឈាម ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ខណៈដែលជនសង្ស័យ ១៨នាក់ផ្សេងទៀត ត្រូវបាននាំមកអធិការដ្ឋាននគរបាលស្រុកសំរោងទង ដើម្បីបំពេញនីតិវិធីតាមច្បាប់។


ជាមួយគ្នានេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ទូរស័ព្ទដៃចំនួន ១៥គ្រឿង ម៉ូតូចំនួន ៨គ្រឿង ប្រាក់រៀលមួយចំនួន និងមាន់ជល់ចំនួន ៤ក្បាល។ បច្ចុប្បន្ន អធិការដ្ឋាននគរបាលស្រុកសំរោងទង កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាត់ការតាមនីតិវិធី៕
អត្ថបទ៖ចតុម្មុខ

