ភ្នំពេញ៖ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធាន និងអនុប្រធានថ្មីនៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញនូវអនុសាសន៍សំខាន់ៗ ដើម្បីពង្រឹងប្រសិទ្ធភាពការងារការពារសិទ្ធិជនដែលត្រូវបានដកហូតសេរីភាព។
ចំណុចសំខាន់ៗនៃអនុសាសន៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី៖
- ពង្រឹងការអប់រំ និងផ្សព្វផ្សាយ៖ ជំរុញឱ្យ គ.ជ.ប.ទ បើកវគ្គបណ្តុះបណ្តាលដល់អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីគ្រប់គ្រងពន្ធនាគារ ឬមណ្ឌលឃាត់ខ្លួន ឱ្យយល់ដឹងកាន់តែច្បាស់អំពីអនុសញ្ញាអន្តរជាតិ និងច្បាប់ជាតិពាក់ព័ន្ធនឹងការប្រឆាំងទារុណកម្ម។
- កិច្ចសហប្រតិបត្តិការអន្តរជាតិ៖ កោតសរសើរចំពោះកិច្ចសហការជាមួយការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ក្នុងការជួយបណ្តុះបណ្តាលជំនាញស៊ើបអង្កេត និងស្រាវជ្រាវករណីសង្ស័យថាមានទារុណកម្ម។
- ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល៖ បញ្ជាក់ពីជំហររឹងមាំក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងនីតិរដ្ឋ តាមរយៈការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវពិធីសារបន្ថែមនៃអនុសញ្ញាប្រឆាំងទារុណកម្ម។

ប្រមុខក្រសួងមហាផ្ទៃ ក៏បង្ហាញក្តីរីករាយ និងសាទរ ឯកឧត្តម សៀង ឡាប្រេស្ស ដែលត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ជំនួសឯកឧត្តម នុត សាអាន អតីតប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងឯកឧត្តម ម៉ក់ សម្បត្តិ ជាអនុប្រធាន តាមព្រះរាជក្រឹត្យលេខ ១២២៥/១៦៩៥ នស.រកត.។
ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ជឿជាក់ថា គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងមានសមត្ថភាពកាន់តែរឹងមាំ និងសកម្ម ក្នុងការពារជនទាំងឡាយដែលត្រូវបានដកហូតសេរីភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលកម្ពុជា ចូលជារដ្ឋភាគី នៃពិធីសារបន្ថែមនិងអនុសញ្ញាប្រឆាំងទារុណកម្ម ក្នុងការលើកស្ទួយសិទ្ធិមនុស្ស និងពង្រឹងនីតិរដ្ឋនៅកម្ពុជា។
គ.ជ.ប.ទ គឺជាស្ថាប័នជាតិដែលមានតួនាទីបង្ការ និងទប់ស្កាត់រាល់អំពើទារុណកម្ម អំពើឃោរឃៅ ឬអំពើអមនុស្សធម៌។ គណៈកម្មាធិការនេះមានសិទ្ធិចូលពិនិត្យគ្រប់កន្លែងឃុំឃាំង និងឃាត់ខ្លួនទូទាំងប្រទេស ដើម្បីធានាថាជនដែលបាត់បង់សេរីភាពត្រូវបានការពារស្របតាមច្បាប់៕



អត្ថបទ៖ត្រយង
