ការលើកឡើងរបស់លោក ដូណាល់ ត្រាំ អំពីការបញ្ចូលប្រទេសកាណាដា កោះហ្គ្រីនឡែន និងវេណេស៊ុយអេឡា ទៅជារដ្ឋបន្ថែមរបស់សហរដ្ឋអាមេរិក ទោះបីត្រូវបានគេមើលឃើញថាជាការនិយាយលេងសើចក្នុងពេលអាហារសាមគ្គីរបស់ក្លឹបល្បីក៏ដោយ ប៉ុន្តែវាមិនមែនជារឿងចៃដន្យឡើយនៅក្នុងក្រសែភ្នែកអ្នកវិភាគភូមិសាស្ត្រនយោបាយ។ នេះគឺជាការឆ្លុះបញ្ចាំងពីគោលនយោបាយ America First ដែលមានលក្ខណៈជ្រុលនិយម និងការវិលត្រឡប់ទៅរកយុគសម័យអាណានិគមបែបទំនើប។

យោងតាមសារព័ត៌មាន The Washington Post នៅថ្ងៃទី ៣ កុម្ភៈ ២០២៦ បានឱ្យដឹងថា ប្រធានាធិបតី ដូណាល់ ត្រាំ បានពោលពាក្យបែបកំប្លែងលេងសើចនៅក្នុងសុន្ទរកថាក្នុងកម្មវិធីជប់លៀង Alfalfa Club នៅចំពោះមុខឥស្សរជននយោបាយ និងមេដឹកនាំក្រុមហ៊ុនធំៗ អំពីការកាត់យកប្រទេសកាណាដា កោះហ្គ្រីនឡែន និងប្រទេសវេណេស៊ុយអេឡា មកធ្វើជារដ្ឋចំណុះទី ៥១ ទី ៥២ និងទី ៥៣ របស់អាមេរិក។ សម្ដីរបស់លោក ត្រាំ ហាក់ដូចជាលេងសើច ប៉ុន្តែទង្វើរបស់លោកប្រាកដជាលេចឡើងនូវសកម្មភាព និងលទ្ធផលពិតជាក់ស្ដែង។
ទោះបីជាការលើកឡើងទាំងនេះអាចគ្រាន់តែជាយុទ្ធសាស្ត្រស្ទង់ទឹកចិត្ត ឬជាស្ទីលនិយាយបែបកំប្លែងបន្លំមែនរបស់លោក ត្រាំ ក៏ដោយ ក៏វាបានផ្ញើសារព្រមានដល់ពិភពលោកថា មេដឹកនាំសេតវិមានរូបនេះ កំពុងផ្លាស់ប្តូររូបរាងពីអ្នកការពារសន្តិសុខសកល មកជាអ្នកដណ្តើមភូមិសាស្ត្រនយោបាយបែបអាត្មានិយមវិញម្ដង។ ក្នុងយុគសម័យសតវត្សទី ២១ នេះ ការពង្រីកឥទ្ធិពលតាមរយៈការលេបទឹកដី មិនមែនជាជម្រើសវៃឆ្លាតឡើយ ប៉ុន្តែវាគឺជាការបើកប្រអប់ដ៏គ្រោះថ្នាក់មួយ ដែលអាចនាំទៅរកសង្គ្រាមត្រជាក់ថ្មីមួយទៀត។
មហិច្ឆតាលើកោះហ្គ្រីនឡែន មិនមែនគ្រាន់តែជារឿងអចលនទ្រព្យនោះទេ តាមពិតទៅ វាគឺជាយុទ្ធសាស្ត្រ សន្តិសុខជាតិ និង សេដ្ឋកិច្ច។ ហើយចំពោះកាណាដា គឺជាការបង្ហាញពីមហិច្ឆតាចង់បានធនធានថាមពល និងសមាហរណកម្មសេដ្ឋកិច្ចពេញលេញដែលបម្រើឱ្យប្រយោជន៍អាមេរិកតែម្នាក់ឯង។ វេណេស៊ុយអេឡាវិញ ក៏គឺជាសញ្ញានៃការចង់គ្រប់គ្រងប្រភពប្រេងបម្រុងធំជាងគេបំផុតលើលោក និងការកម្ចាត់ឥទ្ធិពលមនោគមវិជ្ជាឆ្វេងនិយមនៅក្បែររបងផ្ទះខ្លួន។
សារព័ត៌មាន Bloomberg ធ្លាប់បានរំលឹកថា មន្ត្រីមកពីសហរដ្ឋអាមេរិក ដាណឺម៉ាក និងហ្គ្រីនឡែន បានជួបគ្នាដើម្បីពិភាក្សាអំពីក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងថ្មីមួយ ដែលផ្តោតលើផលប្រយោជន៍សន្តិសុខរបស់ទីក្រុងវ៉ាស៊ីនតោននៅតំបន់អាកទិក។ ការពិភាក្សានេះផ្តោតលើការបំពេញតម្រូវការសន្តិសុខរបស់អាមេរិក ដោយមិនបំពានលើបន្ទាត់ក្រហមរបស់ទីក្រុងកូពែនហាក ដែលមានន័យថា អាចមានការពង្រីកវត្តមានយោធាអាមេរិក ប៉ុន្តែមិនមានការផ្ទេរអធិបតេយ្យភាពនៃទឹកដីនោះទេ។ ការនេះផងដែរ រដ្ឋបាលរបស់លោក ត្រាំ ធ្លាប់បញ្ជាក់ថា លោកប្រធានាធិបតីធ្លាប់បានសម្រេចចិត្តបោះបង់ចោលផែនការឈ្លានពានយោធាលើកោះហ្គ្រីនឡែន ដោយសារបារម្ភថា វាអាចនឹងបង្កឱ្យមានដំណើរការដកតំណែងប្រធានាធិបតី។
ដោយឡែកទោះជាយ៉ាងណាក៏ដោយ មហិច្ឆតារបស់លោក ត្រាំ មិនមែនជាការស្រមើស្រមៃនៃមហិច្ឆតាផ្ទាល់ខ្លួនសុទ្ធសាធនោះទេ ប៉ុន្តែវាគឺជាល្បែងសេដ្ឋកិច្ចដែលមានការភ្នាល់ខ្ពស់។ លោកមើលឃើញពិភពលោកជា ក្រុមហ៊ុនយក្សដែលត្រូវតែលេបត្របាក់ដៃគូប្រកួតប្រជែង ដើម្បីរក្សាភាពជាអ្នកដឹកនាំផ្តាច់មុខ៕

