ភ្នំពេញ ៖លោកបណ្ឌិត ទូច សុឃៈ(សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានប្រកាសជាសាធារណៈនៅរសៀលថ្ងៃទី៤ខែកុម្ភៈឆ្នាំ២០២៦នេះ នូវឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ចេញនូវ «បន្ទាត់ក្រហម» ដើម្បីលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញឱ្យបានជាស្ថាពរ។ ក្រោមការដឹកនាំផ្ទាល់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី និងក្រសួងមហាផ្ទៃជាសេនាធិការ ប្រតិបត្តិការទ្រង់ទ្រាយធំដែលប្រសិទ្ធនាមថា «ប្រតិបត្តិការ XXL» នឹងត្រូវសម្រេចឱ្យបានត្រឹមខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។
មន្ត្រីថ្នាក់ក្រោមជាតិត្រូវទទួលខុសត្រូវចំពោះមុខតំណែង និងច្បាប់
អ្នកនាំពាក្យរងរូបនេះបានសង្កត់ធ្ងន់ថា នេះគឺជាបទបញ្ជាដាច់ខាតដែលតម្រូវឱ្យអភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវម្ចាស់ការក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ប្រសិនបើត្រូវបានរកឃើញថាមានទីតាំងបទល្មើសអនឡាញបន្តកើតមាន រដ្ឋបាលរាជធានី-ខេត្តនោះត្រូវទទួលខុសត្រូវលើចំណុចសំខាន់ៗរួមមាន៖
- ទទួលខុសត្រូវចំពោះមុខរាជរដ្ឋាភិបាល។
- ទទួលខុសត្រូវចំពោះមុខតំណែងរបស់ខ្លួនផ្ទាល់។
- ទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
យុទ្ធសាស្ត្រ «ក្រសោបផ្ដាច់ដង្ហើម» បទល្មើស
លោក ទូច សុខៈ បានពន្យល់ថា យុទ្ធនាការ XXL គឺជាការបូកសរុបលទ្ធផលដែលសម្រេចបានកន្លងមក ដើម្បីឈានទៅរកការបោសសម្អាតឱ្យអស់ពីលទ្ធភាពតែម្តង។ កម្លាំងប្រតិបត្តិការនឹងមានការចូលរួមពី៖
- កម្លាំងរដ្ឋបាលរាជធានី-ខេត្ត ដែលរួមមាននគរបាល និងអាវុធហត្ថ។
- កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ។
- ក្នុងករណីចាំបាច់ កម្លាំងថ្នាក់ជាតិមានសិទ្ធិចុះប្រតិបត្តិការដោយផ្ទាល់ ទោះបីគ្មានការស្នើសុំពីថ្នាក់ក្រោមជាតិក៏ដោយ។
ការអនុវត្តច្បាប់ដោយផ្អែកលើមនុស្សធម៌ និងភាពច្បាស់លាស់
ពាក់ព័ន្ធនឹងជនបរទេសដែលត្រូវបានឃាត់ខ្លួនក្នុងទីតាំងបទល្មើស អាជ្ញាធរនឹងធ្វើការបែងចែកយ៉ាងច្បាស់លាស់បំផុត៖
- ជនរងគ្រោះ (ប្រមាណ ៩០%): នឹងមិនត្រូវបានផ្ដន្ទាទោស ឬពិន័យឡើយ ទោះមានបញ្ហាឯកសារស្នាក់នៅខុសច្បាប់។ ក្រសួងនឹងសម្របសម្រួលជាមួយស្ថានទូត ដើម្បីបញ្ជូនពួកគេត្រឡប់ទៅប្រទេសកំណើតវិញ។
- ជនល្មើស (ប្រមាណ ១០%): អ្នកដែលរៀបចំ ចាត់ចែង និងទទួលបញ្ជាពីមេខ្លោងនៅក្រៅប្រទេស នឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់ជាដាច់ខាត។
ការប្រកាសនេះបង្ហាញពីការប្ដេជ្ញាចិត្តខ្ពស់បំផុតរបស់កម្ពុជា ក្នុងការស្ដារមុខមាត់លើឆាកអន្តរជាតិ និងធានាឱ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ៕
អត្ថបទ៖ត្រយង
