
សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យផ្ទាល់ខ្លួនសរុបចំនួន ៦២០ ០០០ ដុល្លារសហរដ្ឋអាមេរិក ដើម្បីជួយទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌ និងសុខុមាលភាពសង្គមតាមរយៈមន្ទីរពេទ្យ មជ្ឈមណ្ឌល និងអង្គការ-សមាគម ចំនួន ១១ កន្លែង។ ពិធីប្រគល់ព្រះរាជទ្រព្យនេះ បានប្រព្រឹត្តទៅនៅក្រសួងព្រះបរមរាជវាំង នាថ្ងៃអង្គារ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមអធិបតីភាពសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ដែលជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចព្រះវររាជមាតាជាតិខ្មែរ។
នៅក្នុងព្រះរាជទានដ៏មហាសប្បុរសនេះ ផ្នែកសុខាភិបាលទទួលបានការយកចិត្តទុកដាក់ខ្ពស់បំផុត ដោយក្នុងនោះមន្ទីរពេទ្យហ្លួងម៉ែទទួលបានចំនួន ២០ ម៉ឺនដុល្លារ មន្ទីរពេទ្យកុមារគន្ធបុប្ផាទទួលបាន ១០ ម៉ឺនដុល្លារ មន្ទីរពេទ្យកុមារអង្គរសៀមរាបទទួលបាន ៥ ម៉ឺនដុល្លារ មន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹមទទួលបាន ៣ ម៉ឺនដុល្លារ និងមន្ទីរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ គីឡូម៉ែត្រលេខ៦ ទទួលបានចំនួន ៣ ម៉ឺនដុល្លារ។
ជាមួយគ្នានេះ ព្រះអង្គក៏បានប្រោសព្រះរាជទានដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ចំនួន ១០ ម៉ឺនដុល្លារ និងអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) ចំនួន ២ ម៉ឺនដុល្លារ។ ចំណែកឯផ្នែកសមាគម និងវប្បធម៌វិញ រួមមានសមាគមកាយរិទ្ធនារីកម្ពុជាទទួលបាន ៣ ម៉ឺនដុល្លារ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីទទួលបាន ៣ ម៉ឺនដុល្លារ មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជាទទួលបាន ២ ម៉ឺនដុល្លារ និងសមាគមដូនជី និងឧបាសិកាកម្ពុជរដ្ឋទទួលបានចំនួន ១ ម៉ឺនដុល្លារ។ ព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមនេះ គឺជាសក្ខីភាពនៃព្រះរាជហឫទ័យស្រឡាញ់ និងការគិតគូរយ៉ាងជ្រាលជ្រៅបំផុតរបស់ព្រះវររាជមាតាជាតិខ្មែរ ចំពោះការបម្រើសេវាសុខភាព និងការងារសង្គមធម៌សម្រាប់ប្រជារាស្ត្ររបស់ព្រះអង្គ៕












