ពោធិ៍សាត់៖ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានបានសម្ដែងការសាទរចំពោះដំណើរការអនុវត្តគម្រោងបំពាក់ភ្លើងបំភ្លឺផ្លូវនៅលើដងផ្លូវជាតិលេខ 5 ពីព្រំប្រទល់ខេត្តកំពង់ឆ្នាំងទៅដល់ព្រំប្រទល់ខេត្តបាត់ដំបងបញ្ចប់មុនផែនការ ជួយលើកកម្ពស់ទាំងសោភ័ណ្ឌភាពនិងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍គួរឱ្យកត់សម្គាល់។

ពាក់ព័ន្ធនឹងគម្រោងខាងលើនេះទាំងបងប្អូនប្រជាពលរដ្ឋនៅក្នុងក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ពីក្រៅខេត្ត បានបង្ហាញការពេញចិត្តយ៉ាងខ្លាំង ចំពោះរដ្ឋបាលខេត្តពោធិ៍សាត់ដឹកនាំដោយឯកឧត្តមខូយរីដា ជាមួយនឹងការយកចិត្តទុកដាក់ប្រកបដោយឆន្ទៈខ្ពស់ ចាប់តាំងពីគំនិតផ្ដួចផ្ដើមរហូតឈានដល់ដំណើរការអនុវត្តគម្រោងជាដំណាក់កាលនិងបញ្ចប់ជាស្ថាពរមុនកាលកំណត់គួជាទីមោទនៈថែមទៀតផង។ ដោយបងប្អូនគ្រប់មជ្ឈដ្ឋានកត់សម្គាល់ឃើញថា នៅលើដងផ្លូវជាតិលេខ 5 ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ នាពេលរាត្រីបញ្ចេញពន្លឺជាមួយនឹងសោភ័ណភាពដ៏ស្រស់បំព្រង ថែមទាំងផ្ដល់ភាពងាយស្រួលជាងមុនឆ្ងាយក្នុងការធ្វើដំណើរផងដែរ។ ត្រង់ចំណុចនេះមានបងប្អូនមួយចំនួនបញ្ចេញទស្សនៈថា នៅពេលដែលយើងធ្វើដំណើរឆ្លងកាត់ទៅដល់ភូមិសាស្ត្រខេត្តពោធិ៍សាត់មិនពិបាកចំណាំនោះទេ ពោលគឺមានបង្គោលបំពាក់ភ្លើងបំភ្លឺផ្លូវជាកំណត់សម្គាល់ស្រាប់ទៅហើយ។

តាមការបញ្ជាក់ឲ្យដឹងពីឯកឧត្តមខូយរីដា អភិបាលខេត្តពោធិ៍សាត់ក្នុងពេលចុះទៅបំពាក់អំពូលនិងដំឡើងបង្គោលភ្លើងផ្ទាល់ជានិមិត្តរូបនៃការបញ្ចប់គម្រោងនៅព្រំប្រទល់ស្រុកមោងឬស្សីខេត្តបាត់ដំបងនិងស្រុកបាកានខេត្តពោធិ៍សាត់ នៅចុងសប្តាហ៍នេះ បើតាមផែនការគឺគម្រោងនេះត្រូវបញ្ចប់នៅចុងឆ្នាំ 20027ឬក្នុងអំឡុងឆ្នាំ 28ឯណោះ ប៉ុន្តែដោយមានការឧបត្ថម្ភគាំទ្របន្ថែម ពីក្រុមការងារចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ មានអង្គភាពថ្នាក់ដឹកនាំអគ្គិសនីកម្ពុជាជាពិសេសឯកឧត្តមកែវរតនៈ រដ្ឋមន្ត្រីក្រសួង រ៉ែនិងថាមពលនិងជាប្រធានក្រុមការងារចុះជួយខេត្តពោធិ៍សាត់ ទើបជំរុញឲ្យដំណើរការនៃការអនុវត្តគម្រោងបញ្ចប់មុនកាលកំណត់តែម្ដង។

ឯកឧត្តមអភិបាលខេត្តលើកឡើងថា សមិទ្ធផលខាងលើនេះមិនត្រឹមតែជួយលើកកម្ពស់សោភ័ណភាពនៅលើដងផ្លូវជាតិលេខ 5សម្រាប់ភូមិសាស្ត្រខេត្តពោធិ៍សាត់តែប៉ុណ្ណោះទេ ប៉ុន្តែនឹងជួយកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍បានមួយកំរិតធំផងដែរ។ ដូចដែលឯកឧត្តមតាំងចិត្តយ៉ាងមុតមាំហើយថានឹងធ្វើឲ្យខេត្តពោធិ៍សាត់ប្រែមុខមាត់ជាប្រវត្តិសាស្ត្រក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោនិងដឹកនាំបន្តសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ធ្វើឲ្យមានអនាម័យបរិស្ថានល្អស្អាតជាប្រចាំ មានសុភ័ណភាពស្រស់បំព្រងនៅគ្រប់ទីកន្លែងចាប់ពីទីប្រជុំជនក្រុងរហូតដល់ទីជនបទ។សន្តិសុខស្ដាប់ធ្នាប់ល្អ ជាមួយនឹងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើន រោងចក្រសហគ្រាសតូចធំនានា ដែលបាននិងកំពុងដំណើរការជាច្រើនទៀតដែលមួយចំនួនបានបញ្ចប់ជាស្ថាពររួចទៅហើយ៕

