
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្សដែលទទួលបាននិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍យ៉ាងម៉ឺងម៉ាត់ដល់ក្រសួងពាក់ព័ន្ធ ក្នុងការរៀបចំយន្តការបណ្តុះបណ្តាល និងតម្រង់ទិសដៅសិក្សាឱ្យបានច្បាស់លាស់ដល់យុវជនកម្ពុជា។
សម្តេចធិបតីបានរំលឹក និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកជំទាវបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន និងឯកឧត្តម ហ៊ី ស៊ូ ដែលបានសហការគ្នាយ៉ាងស្អិតរមួតរវាងក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការរៀបចំផែនទីបង្ហាញផ្លូវសម្រាប់អនាគតយុវជន។ សម្តេចបានបញ្ជាក់ថា ចក្ខុវិស័យសំខាន់បំផុតគឺការផ្តល់ឱកាសឱ្យសិស្សានុសិស្សទទួលបានការតម្រង់ទិសឱ្យបានឆាប់រហ័ស ពោលគឺចាប់ពីថ្នាក់ទី១០ ឡើងទៅ ដើម្បីកុំឱ្យពួកគាត់មានភាពស្រពេចស្រពិលក្នុងការសម្រេចចិត្តជ្រើសរើសផ្លូវដើររវាងការបន្តការសិក្សាចំណេះទូទៅ ឬការងាកទៅរកជំនាញវិជ្ជាជីវៈ បន្ទាប់ពីបញ្ចប់ការប្រឡងបាក់ឌុប។
សម្តេចនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការងារនេះមិនមែនជារឿងចៃដន្យ ឬធ្វើឡើងតែក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែវាជាគំរូជោគជ័យដែលបណ្តាប្រទេសអភិវឌ្ឍន៍ដូចជា សិង្ហបុរី និងអាឡឺម៉ង់ បានអនុវត្តយ៉ាងមានប្រសិទ្ធភាពរួចមកហើយ។ គោលដៅគឺមិនត្រូវបង្ខំឱ្យសិស្សានុសិស្សទាំង ១០០នាក់ ត្រូវតែដើរលើផ្លូវចំណេះដឹងទូទៅទាំងអស់នោះទេ ប៉ុន្តែត្រូវរៀបចំឱ្យមានភាពបត់បែន ដែលអនុញ្ញាតឱ្យអ្នករៀនជំនាញវិជ្ជាជីវៈ ក៏អាចមានសមត្ថភាព និងសញ្ញាបត្រសមមូល ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ឬជំនាញជាន់ខ្ពស់ផ្សេងទៀតបានដូចគ្នា។
ជាចុងក្រោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា អនាគតរបស់ប្រទេសជាតិគឺផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយអនាគតរបស់យុវជន។ ប្រសិនបើយុវជនមានចំណេះដឹងពិតប្រាកដ មានសុខភាពល្អ និងមានជំនាញដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារជាក់ស្តែង នោះពួកគេនឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការកសាង និងអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើនរឹងមាំ។ សម្តេចក៏បានជំរុញឱ្យបន្តពង្រឹងការផ្តល់ព័ត៌មាន និងការតម្រង់ទិសឱ្យបានទូលំទូលាយដល់យុវជន ដើម្បីជួយពួកគេក្នុងការសម្រេចចិត្តដ៏ត្រឹមត្រូវសម្រាប់ឆាកជីវិត និងវិជ្ជាជីវៈនាពេលអនាគត៕




