ទំនាក់ទំនងការទូតដែលស្អិតរមួតអស់រយៈពេលជាង ៦៦ ឆ្នាំ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋគុយបា បានឈានដល់របត់ថ្មីមួយទៀតនៅដើមឆ្នាំ២០២៦ តាមរយៈការដាក់ចេញនូវផែនការយុទ្ធសាស្ត្រផ្ដោតលើវិស័យអាទិភាពចំនួន ២ គឺ ជីវឱសថ និង ទេសចរណ៍។ ជំនួបកម្រិតខ្ពស់ជាបន្តបន្ទាប់នៅរាជធានីភ្នំពេញ កន្លងទៅថ្មីៗនេះ មិនត្រឹមតែជាការរំលឹកនូវចំណងមិត្តភាពប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបើកទំព័រសេដ្ឋកិច្ចបំពេញឱ្យគ្នាយ៉ាងពិតប្រាកដ។

ជុំវិញកិច្ចសហប្រតិបត្តការលើវិស័យជីវឱសថ គឺជាការផ្ដល់ក្តីសង្ឃឹមថ្មីសម្រាប់អ្នកជំងឺមហារីក និងទឹកនោមផ្អែមនៅកម្ពុជា។ គុយបាត្រូវបានពិភពលោកទទួលស្គាល់ថាជា មហាអំណាចកោះ ក្នុងវិស័យសុខាភិបាល ជាពិសេសការផលិតឱសថសម្រាប់ព្យាបាលជំងឺរ៉ាំរ៉ៃ។ ការពិភាក្សារវាងក្រសួងសុខាភិបាលកម្ពុជា ជាមួយក្រុមហ៊ុនយក្ស BIOCUBAFARMA លើការនាំចូលផលិតផលជីវឱសថសម្រាប់ព្យាបាលជំងឺមហារីក និងទឹកនោមផ្អែម គឺជាការឆ្លើយតបចំគោលដៅបំផុតទៅនឹងបន្ទុកជំងឺមិនឆ្លងដែលកម្ពុជាកំពុងប្រឈម។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ កិច្ចសហប្រតិបត្តិការនេះមិនមែនមានត្រឹមតែការទិញ-លក់ផលិតផលនោះទេ ប៉ុន្តែវាថែមទាំងគ្របដណ្តប់លើការផ្លាស់ប្តូរបច្ចេកទេស និងការបណ្តុះបណ្តាលធនធានមនុស្ស ដែលនឹងជួយលើកកម្ពស់ស្តង់ដារសេវាសុខាភិបាលកម្ពុជាឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់។
ក្រៅពីកិច្ចសហប្រតិបត្តការលើជីវឱសថ វិស័យទេសចរណ៍ឆ្លងទ្វីបក៏ត្រូវបានបន្តធ្វើឡើង ដើម្បីតភ្ជាប់ពីតំបន់អាស៊ីអាគ្នេយ៍ ទៅកាន់តំបន់ការីប៊ីន និងកំពុងក្លាយជាចំណុចស្នូលនៃកិច្ចព្រមព្រៀងថ្មីមួយទៀតជាមួយកម្ពុជា។ គម្រោងចុះអនុស្សរណៈនៃការយោគយល់គ្នា ដែលគ្រោងនឹងធ្វើឡើងនាពេលខាងមុខ រួមជាមួយការរៀបចំកម្មវិធីទស្សនកិច្ចសិក្សា ទៅវិញទៅមក នឹងក្លាយជាកាតាលីករជំរុញឱ្យមានការស្វែងយល់កាន់តែច្បាស់ពីសក្ដានុពលទេសចរណ៍នៃប្រទេសទាំងពីរ។

ទោះបីជាមានគម្លាតភូមិសាស្ត្រឆ្ងាយពីគ្នា ប៉ុន្តែវត្តមានរបស់ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines ដែលតភ្ជាប់រាជធានីភ្នំពេញ និងរដ្ឋធានីឡាហាវ៉ាណា តាមរយៈទីក្រុងអ៊ីស្តាន់ប៊ុល បានបំបែកឧបសគ្គនៃការធ្វើដំណើរ។ នេះគឺជាឱកាសមាសសម្រាប់កម្ពុជា ក្នុងការធ្វើពិពិធកម្មទីផ្សារទេសចរណ៍របស់ខ្លួន ទៅកាន់តំបន់អាមេរិកឡាទីន។
យ៉ាងណាមិញ ដំណើរទស្សនកិច្ចរបស់ប្រតិភូជាន់ខ្ពស់គុយបាមកកាន់កម្ពុជានាពេលនេះ បានសបញ្ជាក់ឱ្យឃើញថា ចំណងមិត្តភាពដែលបានកសាងតាំងពីឆ្នាំ១៩៦០ មិនមែនគ្រាន់តែជាពាក្យស្លោកនយោបាយនោះឡើយ ប៉ុន្តែបានប្រែក្លាយទៅជាផ្លែផ្កាជាក់ស្តែង ដែលផ្តល់ផលប្រយោជន៍ផ្ទាល់ដល់ប្រជាជននៃប្រទេសទាំងពីរ។ កិច្ចសហប្រតិបត្តិការ សុខាភិបាល និងទេសចរណ៍ គឺជាយុទ្ធសាស្ត្រឈ្នះ-ឈ្នះ ដែលមិនត្រឹមតែជួយសង្គ្រោះជីវិតមនុស្សតាមរយៈវេជ្ជសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការដើរកម្សាន្តឆ្លងទ្វីបផងដែរ៕

