អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ បានចេញសេចក្ដីថ្លែងការណ៍ផ្លូវការមួយដើម្បីស្រាយបំភ្លឺ និងបង្ហាញពីជំហរដាច់ខាតរបស់កម្ពុជា ពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍នាពេលថ្មីៗនេះ អំពីការរកឃើញមីនប្រឆាំងមនុស្សនៅតំបន់ព្រំដែនកម្ពុជា-ថៃ។ ការបញ្ជាក់នេះ បានធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បណ្ដាញសង្គមថៃមួយចំនួន នៅអំឡុង ខែកុម្ភៈឆ្នាំ២០២៥ ដែលបានអះអាងថាមានមានការដាក់ពង្រាយមីនថ្មីៗក្នុងតំបន់ជម្លោះ។

ក្នុងសេចក្ដីថ្លែងការណ៍នោះ អាជ្ញាធរមីនបានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាគឺជាប្រទេសហត្ថលេខីដែលបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវកាតព្វកិច្ចក្រោមអនុសញ្ញាអូតាវ៉ា ហើយបានបន្តប្ដេជ្ញាចិត្តយ៉ាងពេញលេញក្នុងការលុបបំបាត់មីនប្រឆាំងមនុស្សទាំងស្រុង។ អាជ្ញាធរបានពន្យល់ថា ផ្អែកលើទិន្នន័យជាតិ និងបទពិសោធន៍ជាក់ស្ដែង មីនដែលត្រូវបានរកឃើញនៅក្នុងតំបន់ព្រំដែននាពេលនេះ គឺជាមីនដែលនៅសេសសល់តាំងពីសម័យសង្គ្រាមអតីតកាលតែប៉ុណ្ណោះ។ សំណល់ជាតិផ្ទុះទាំងនោះបានបង្កការគំរាមកំហែងដល់ប្រជាជនដែលរស់នៅតាមតំបន់ព្រំដែនអស់ជាច្រើនទសវត្សរ៍មកហើយ មិនមែនជាការដាក់ពង្រាយថ្មីដូចការចោទប្រកាន់ឡើយ។

នៅអំឡុងខែកម្ភៈ ឆ្នាំ២០២៦នេះ បើតាមសេចក្ដីរាយការណ៍ពីសារព័ត៌មានថៃដូចជា Thairath និង Khaosod បានចុះផ្សាយថា កងកម្លាំងការពារព្រំដែនថៃបានបង្កើនការប្រុងប្រយ័ត្ន និងបានរកឃើញគ្រាប់មីនមួយចំនួនក្នុងអំឡុងពេលល្បាតនៅតំបន់ព្រំដែនខេត្តស្រះកែវ និងខេត្តត្រាត។ ភាគីថៃបានលើកឡើងពីកង្វល់សុវត្ថិភាពសម្រាប់កងទ័ព និងប្រជាពលរដ្ឋដែលដើររកអនុផលព្រៃឈើ បន្ទាប់ពីមានករណីផ្ទុះមីនបង្កឱ្យមានអ្នករងរបួស។ ទោះជាយ៉ាងណា អាជ្ញាធរកម្ពុជាបានស្នើឱ្យមានការត្រួតពិនិត្យ និងស៊ើបអង្កេតឱ្យបានត្រឹមត្រូវបំផុត ដើម្បីជៀសវាងការយល់ច្រឡំដែលអាចប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

កម្ពុជាបានអះអាងជាថ្មីថា ខ្លួនមិនមានការផលិត ការស្តុកទុក ឬការប្រើប្រាស់មីនប្រឆាំងមនុស្សឡើយ ហើយការគ្រប់គ្រងគ្រាប់មីនត្រូវបានធ្វើឡើងយ៉ាងតឹងរ៉ឹងបំផុតស្របតាមបទដ្ឋានអន្តរជាតិ។ អាជ្ញាធរមីនកម្ពុជាក៏បានបង្ហាញឆន្ទៈក្នុងការចូលរួមសហការជាមួយភាគីថៃ និងអង្គការអន្តរជាតិ ក្នុងយន្តការទ្វេភាគីដើម្បីបញ្ជាក់ការពិត និងបន្តបេសកកម្មមនុស្សធម៌ក្នុងការបោសសម្អាតមីន ដើម្បីលើកកម្ពស់សុវត្ថិភាព និងសន្តិភាពយូរអង្វែងនៅតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរ។ ជាចុងក្រោយ កម្ពុជានៅតែបន្តអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀត ដើម្បីលុបបំបាត់ការគំរាមកំហែងពីសំណល់ជាតិផ្ទុះឱ្យអស់ពីតំបន់ព្រំដែននាពេលឆាប់ៗខាងមុខនេះ៕

Share.