ករណីហិង្សា និងការប្រើប្រាស់អាវុធបាញ់បោះសេរី ដោយខុសច្បាប់នៅក្នុងប្រទេសថៃ នៅតែបន្តកើតមានយ៉ាងអាណាធិបតេយ្យ ដែលឆ្លុះបញ្ចាំងពីភាពទន់ជ្រាយនៃប្រព័ន្ធសន្តិសុខជាតិរបស់ប្រទេសនេះ។ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ម្សិលម៉ិញ បុរសវ័យ ៤៨ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីបានសម្រុកចូលផ្ទះអ្នកនយោបាយក្នុងស្រុកដ៏ល្បីល្បាញម្នាក់ រួចបាញ់កាំភ្លើងចំនួន ៤គ្រាប់ឡើងលើ បង្កឱ្យមានភាពវឹកវរយ៉ាងខ្លាំង។

ជនសង្ស័យម្នាក់ឈ្មោះ Phorathep Damrongkittikul អាយុ ៤៨ឆ្នាំ បានប្រើល្បិចបោកបញ្ឆោតសន្តិសុខថា រូបគេត្រូវបានជួលឱ្យមកជីកដី រួចក៏បើករថយន្តចូលក្នុងភូមិគ្រឹះនោះយ៉ាងរំភើយ។ អ្វីដែលគួរឱ្យហួសចិត្តបំផុតនោះគឺ ជននេះបានចុះពីលើរថយន្តទៅសំពះរូបសំណាកស្ដេចស្វា «ស៊ុន អ៊ូខុង» នៅចំណតរថយន្ត រួចដើរចូលទៅក្នុងបរិវេណផ្ទះ។ នៅពេលអ្នកថែរក្សាផ្ទះចូលទៅសួរនាំ ជនសង្ស័យបែរជាដកកាំភ្លើងបាញ់ឡើងលើចំនួន ៤គ្រាប់ភ្លាមៗ។ អ្នកមើលថែផ្ទះបានស្ទុះទៅដណ្តើមបានកាំភ្លើងមួយដើម ប៉ុន្ដែជនសង្ស័យនៅមានកាំភ្លើងមួយដើមទៀតដកមកគំរាម រួចបើករថយន្តគេចខ្លួនបាត់ដោយសុវត្ថិភាព។

យោងតាមសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា ជនសង្ស័យបានរត់គេចខ្លួន មុនពេលសមត្ថកិច្ចមកដល់ ដោយបើករថយន្តម៉ាក Toyota Yaris ពណ៌ស ពាក់ស្លាកលេខ បាងកក។ សមត្ថកិច្ចបានពិនិត្យមើលរូបភាពតាមកាំមេរ៉ាសុវត្ថិភាព CCTV តាមបណ្តោយផ្លូវរត់គេច ហើយក្រោយមកបានឃាត់ខ្លួនជនសង្ស័យនៅផ្ទះមួយកន្លែងក្ក្នុងសង្កាត់ Muang ដោយដាក់ពង្រាយមន្ត្រីជាង ២០នាក់ដើម្បីឡោមព័ទ្ធចាប់ខ្លួន។ ក្នុងប្រតិបត្តិការបង្រ្កាបនេះ សមត្ថកិច្ចបានរកឃើញកាំភ្លើងខ្លីចំនួន ២ដើម អាវុធខ្លីខ្នាត ៣៨ ចំនួន ១ដើម រួមទាំងគ្រឿងញៀនប្រភេទមេតំហ្វេតាមីនគ្រីស្តាល់មួយចំនួនធំ។

ថ្មីៗនេះដែរ នៅក្នុងប្រទេសថៃដូចគ្នាក៏ធ្លាប់មានមនុស្សញៀនថ្នាំ ឬបែកថ្នាំបានទៅអង្គុយជក់ថ្នាំញៀនបង្ហុយយ៉ាងរំភើយនៅមុខផ្ទះអ្នកនយោបាយក្នុងតំបន់ផងដែរ ដែលត្រង់នេះហាក់បានបង្ហាញឱ្យឃើញថា ថៃ កំពុងតែមានភាពធូរលុងខ្លាំងលើចំណាត់ការទៅលើអ្នកប្រើប្រាស់សារធាតុញៀន ឬអាចនិយាយម្យ៉ាងទៀតឱ្យខ្លី វាអាចមកពីគោលនយោបាយរបស់ នាយកណ្ដុរ អនុទិន ដែរ ដែលធ្វើឱ្យការប្រើប្រាស់កញ្ឆាស្របច្បាប់ ធ្វើឱ្យមនុស្សខ្លះយកភាពចន្លោះប្រហោងនៅក្នុងច្បាប់ មកប្រព្រឹត្តិអំពើល្មើសច្បាប់។

មែនទែនទៅព្រឹត្តិការណ៍នេះ គឺជាភស្ដុតាងមិនអាចប្រកែកបានដែលបង្ហាញថា រដ្ឋាភិបាលថៃមិនអាចគ្រប់គ្រងលំហូរនៃការគ្រប់គ្រងអាវុធក្នុងស្រុកបានឡើយ ព្រោះអាជ្ញាធរថៃខ្លួនឯងតែងតែរកឃើញករណីបាញ់ប្រហារ និងការរកឃើញអាវុធខុសច្បាប់ ឬការជួញដូអាវុធរមិនចេះអស់ លើសពីនេះ បញ្ហាគ្រឿងញៀនក៏មិនអាចគ្រប់គ្រងបានដែរ ព្រោះតែមានមន្រ្តីគ្រាក់ៗចាំកាងការពារ រួមទាំងទាក់ទងនឹងគោលនយោបាយប្រើប្រាស់កញ្ឆាក្នុងស្រុកថៃនោះក៏ជារបាំងការពារដ៏សក្ដិសិទ្ធិជួយអ្នកប្រព្រឹត្តិខុសផងដែរ។
កត្តាទាំងអស់នេះ បាននឹងកំពុងធ្វើប្រទេសដែលពឹងលើវិស័យទេសចរណ៍ដ៏ធំមួយនេះមានការរង្គោះរង្គើខ្លះដែរ ព្រោះចាប់ផ្ដើមមានសំនួរពីភ្ញៀវទេសចរណ៍បរទេសលើបញ្ហាអសន្តិសុខ នៅក្នុងប្រទេសថៃ ដែលកើតឡើងមិនលស់ថ្ងៃ។
សរុបមក ភាពអសន្តិសុខនៅក្នុងប្រទេសថៃកំពុងឈានដល់ចំណុចគ្រោះថ្នាក់ ខណៈដែលការអនុវត្តច្បាប់ហាក់នៅមានកម្រិត និងមិនអាចទប់ស្កាត់ការរីករាលដាលនៃគ្រឿងញៀន និងអាវុធខុសច្បាប់ដែលជាឫសគល់នៃបទឧក្រិដ្ឋទាំងអស់នោះបាន៕

