រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានបើកសន្និបាតបូកសរុបការងារអប់រំឆ្នាំសិក្សា ២០២៤-២០២៥ និងលើកទិសដៅឆ្នាំសិក្សា ២០២៥-២០២៦ ក្រោមប្រធានបទដ៏មានអត្ថន័យថា «គន្លងអប់រំថ្មី ដើម្បីអភិវឌ្ឍមូលធនមនុស្សប្រកបដោយបរិយាបន្ន និងភាពធន់» ។ ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានបង្ហាញនូវសមិទ្ធផលមោទនភាព និងយុទ្ធសាស្ត្រថ្មីៗដែលផ្ដោតលើការធ្វើនវានុវត្តន៍ស្របតាមបរិបទជាក់ស្តែង ។
ខាងក្រោមនេះ គឺជាចំណុចខ្លះៗដែលយើងខ្ញុំបានដកស្រង់ចេញពីសុន្ទរកថា របស់ រដ្ឋមន្ត្រីក្រសួងអបរំ៖
១. របត់ថ្មីនៃគុណភាពអប់រំ៖ «អ្នកចេះគឺជាប់» និងកំណើនសិស្សនិទ្ទេស A
ជ្រុងដែលគួរឱ្យចាប់អារម្មណ៍បំផុតមួយ គឺការវិវត្តនៃគុណភាពអប់រំតាមរយៈកំណែទម្រង់ការប្រឡងបាក់ឌុប ។ គិតត្រឹមឆ្នាំ២០២៥ អត្រាសិស្សប្រឡងជាប់បានកើនឡើងរហូតដល់ ៨៤,៥៦% ជាមួយនឹងចំនួនសិស្សទទួលបាននិទ្ទេស A កើនដល់ ៣,០២០ នាក់ ។ តួលេខនេះបង្ហាញពីជោគជ័យនៃគោលការណ៍ «អ្នកចេះគឺជាប់» ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០១៤ ដែលកាលនោះមានសិស្សជាប់ត្រឹមតែ ២៥,៧២% និងមាននិទ្ទេស A តែ ១១នាក់ប៉ុណ្ណោះ ។
២. ការជំរុញវិស័យ STEM និងឧត្តមសិក្សា
ដើម្បីឆ្លើយតបនឹងទីផ្សារការងារសតវត្សទី២១ ក្រសួងបានកត់សម្គាល់ឃើញថា ចំនួននិស្សិតដែលកំពុងសិក្សាផ្នែក STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) បានកើនឡើងដល់ ៣៦,១% ក្នុងឆ្នាំសិក្សា ២០២៤-២០២៥ ។ ទន្ទឹមនឹងនេះ អត្រាចូលរៀននៅកម្រិតឧត្តមសិក្សាក៏បានកើនឡើងជិតទ្វេដង ពី ៩,៩% ដល់ ១៩% ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ ។

៣. សាលារៀនជំនាន់ថ្មី និងការអប់រំបច្ចេកទេស
ក្រសួងបានពង្រីកវិសាលភាព «សាលារៀនជំនាន់ថ្មី» ដែលកើនឡើងដល់ ១០ កន្លែង និងមានសិស្សានុសិស្សជិត ៨,០០០ នាក់ ។ បន្ថែមលើនេះ ការអប់រំបច្ចេកទេសនៅកម្រិតមធ្យមសិក្សាទុតិយភូមិក៏មានសន្ទុះខ្លាំង ដោយមានសិស្សកើនឡើងដល់ជាង ៤,៧០០ នាក់ លើជំនាញសំខាន់ៗដូចជា កសិកម្មវៃឆ្លាត ឌីជីថលមេឌៀឌីហ្សាញ និងអេឡិចត្រូនិកជាដើម ។
៤. ការអភិវឌ្ឍយុវជន និងកីឡា៖ កិត្យានុភាពលើឆាកអន្តរជាតិ
ក្រៅពីការសិក្សា ក្រសួងក៏បានសង្កត់ធ្ងន់លើការអភិវឌ្ឍ «បំណិនទន់» ដល់យុវជន តាមរយៈកម្មវិធីជជែកដេញដោល ភាពជាពលរដ្ឋល្អ និងការងារស្ម័គ្រចិត្ត ។ ក្នុងវិស័យកីឡា កម្ពុជាបានបង្កើតប្រវត្តិសាស្ត្រថ្មីតាមរយៈការធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលទទួលបានការកោតសរសើរយ៉ាងខ្លាំង និងទទួលបានមេដាយជាច្រើនគ្រឿង ។

៥. ទិសដៅអនាគត៖ ការអប់រំត្រូវតែមាន «ភាពធន់»
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ទិសដៅទៅមុខគឺការបន្តធ្វើបរិវត្តកម្មវិស័យអប់រំឱ្យមានភាពធន់ និងបន្តការសិក្សាបានគ្រប់កាលៈទេសៈតាមរយៈនវានុវត្តន៍ ។ ក្រសួងនឹងបន្តពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀន និងការកសាងហេដ្ឋារចនាសម្ព័ន្ធសិក្សា «ស្តង់ដាតេជោ» ដើម្បីធានាថាគ្រប់កុមារកម្ពុជាទទួលបានការអប់រំប្រកបដោយគុណភាព និងសមធម៌ ៕




អត្ថបទ៖ត្រយង
