ពោធិ៍សាត់៖ អង្គភាពបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក្នុងខេត្តទាំងមូល ឱ្យបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដើម្បីជៀសវាងគ្រោះមហន្តរាយបណ្តាលមកពីអគ្គីភ័យ និងសហការផ្ដល់ព័ត៌មានឱ្យបានទាន់ពេលវេលា ដើម្បីឲ្យកម្លាំងជំនាញអាចអន្តរាគមន៍ជួយសង្គ្រោះបានឆាប់រហ័ស និងមានប្រសិទ្ធភាព។




ការអំពាវនាវនេះធ្វើឡើងក្នុងឱកាសប្រារព្ធ ទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅបរិវេណពហុកីឡដ្ឋានខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
លោកឧត្តមសេនីយ៍ត្រី ស្វាយ វាសនា ស្នងការរង ទទួលបន្ទុកការងារបង្ការ និងពន្លត់អគ្គីភ័យ បានមានប្រសាសន៍ថា ការប្រារព្ធទិវានេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ រោងចក្រ សហគ្រាស និងស្ថាប័នទាំងអស់ ឱ្យយល់ជ្រាបអំពីវិធានការបង្ការ និងទប់ស្កាត់អគ្គិភ័យ។




លោកក៏បានសង្កត់ធ្ងន់ថា ការយកចិត្តទុកដាក់លើការបង្ការមុនកើតហេតុ គឺជាចំណុចសំខាន់បំផុត ដើម្បីកាត់បន្ថយការខូចខាតទ្រព្យសម្បត្តិ និងគ្រោះថ្នាក់ដល់អាយុជីវិត ហើយមូលហេតុនាំឱ្យកើតអគ្គីភ័យ មានទាំងកត្តាធម្មជាតិ និងកត្តាមនុស្ស ប៉ុន្តែកត្តាមនុស្សជាហេតុចម្បង ដោយសារការធ្វេសប្រហែស និងខ្វះការប្រុងប្រយ័ត្ន ដូចជា ការឆ្លងចរន្តអគ្គិសនី ការដុតទៀន ធូប និងការចម្អិនអាហារ ដោយមិនបានត្រួតពិនិត្យឱ្យបានត្រឹមត្រូវ។





ក្នុងន័យពង្រឹងប្រសិទ្ធភាពអន្តរាគមន៍ លោកឧត្តមសេនីយ៍ទោ សថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឱ្យកម្លាំងអង្គភាពបង្ការ និងពន្លត់អគ្គីភ័យ ត្រូវត្រៀមប្រចាំការ ២៤ម៉ោងក្នុងមួយថ្ងៃ មានវិន័យខ្ពស់ និងត្រៀមមធ្យោបាយ រថយន្ត ទឹក និងប្រេងឱ្យគ្រប់គ្រាន់ ដើម្បីអាចចេញប្រតិបត្តិការភ្លាមៗ ពេលទទួលបានព័ត៌មានពីប្រជាពលរដ្ឋ។
អង្គភាពក៏បានអំពាវនាវដល់រោងចក្រ សហគ្រាស និងស្ថាប័ននានា ឱ្យពិនិត្យគុណភាពប្រព័ន្ធអគ្គិសនីជាប្រចាំ រៀបចំផ្លូវច្រកចេញចូលឱ្យទូលាយ ងាយស្រួលដល់ការចូលអន្តរាគមន៍ និងត្រៀមឧបករណ៍ពន្លត់អគ្គីភ័យឱ្យបានគ្រប់គ្រាន់។
ជាមួយគ្នានេះ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត ក្នុងនាម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានណែនាំដល់អាជ្ញាធរក្រុង-ស្រុក ពិសេសតំបន់ដែលធ្លាប់មានករណីភ្លើងឆេះព្រៃញឹកញាប់ ដូចជា ស្រុកភ្នំក្រវាញ ស្រុកវាលវែង និង ស្រុកតាលោសែនជ័យ ត្រូវបង្កើនការយកចិត្តទុកដាក់ តាមដាន និងអនុវត្តវិធានការតាមផ្លូវច្បាប់ចំពោះជនល្មើស ដែលលួចដុតព្រៃយកដីធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន។








អង្គភាពបង្ការ និងពន្លត់អគ្គីភ័យ សូមអំពាវនាវជាថ្មី ឱ្យប្រជាពលរដ្ឋគ្រប់រូប ចូលរួមបង្ការ និងរាយការណ៍ព័ត៌មានភ្លាមៗ តាមលេខទូរសព្ទអន្តរាគមន៍ 012 619 192 / 060 619 192 / 099 999 129 ដើម្បីធានាថាការជួយសង្គ្រោះអាចប្រព្រឹត្តទៅបានទាន់ពេលវេលា និងកាត់បន្ថយការខូចខាតឱ្យមានកម្រិតទាបបំផុត។
អត្ថបទ÷ពោធិ៍សាត់់







