ភ្នំពេញ៖ ក្នុងវិធានការណ៍ក្តៅដើម្បីលើកកម្ពស់សន្តិសុខឌីជីថល ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដាក់ចេញនូវបទបញ្ជាម៉ឺងម៉ាត់ដល់កងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាបង្ក្រាប និងបោសសម្អាតមេខ្លោងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យអស់ពីមូលដ្ឋានរាជធានីភ្នំពេញ យ៉ាងយូរត្រឹមថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ។

ការដាក់ទិសដៅនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ។

យុទ្ធនាការ “តំបន់ពណ៌ស”៖ កម្ចាត់មេខ្លោង កុំឱ្យកើតកូនចៅ

ឯកឧត្ដមអភិបាលរាជធានី បានសង្កត់ធ្ងន់ថា ដើម្បីលុបបំបាត់បទល្មើសនេះឱ្យមានប្រសិទ្ធភាព ចាំបាច់ត្រូវវាយកម្ទេចមេខ្លោងធំៗជាមុនសិន។ ឯកឧត្ដមមានប្រសាសន៍ថា៖

“ដើម្បីឱ្យបទល្មើស Online Scams អស់ពីមូលដ្ឋាន ដាច់ខាតយើងត្រូវសម្អាតមេខ្លោងឱ្យអស់។ បើមិនអស់ទេ វានឹងកើតកូនកើតចៅបន្តមកទៀត។”

ចំណុចគន្លឹះនៃបទបញ្ជា៖

  • អភិបាលខណ្ឌទាំង១៤៖ ត្រូវចុះត្រួតពិនិត្យមូលដ្ឋានជាប្រចាំ និងប្រើប្រាស់ជំនាញផ្ទាល់ខ្លួនដើម្បីកំណត់មុខសញ្ញា និងទីតាំងសង្ស័យឱ្យបានច្បាស់លាស់ “ដូចភ្លៀងរលឹម”។
  • កម្លាំងសមត្ថកិច្ច៖ ត្រូវត្រៀមកម្លាំងសហការតាមដានសភាពការណ៍ និងអនុវត្តវិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត។
  • គោលដៅ៖ ប្រែក្លាយរាជធានីភ្នំពេញឱ្យទៅជា “តំបន់ពណ៌ស” ដែលគ្មានបទល្មើសឆបោកតាមបច្ចេកវិទ្យា។

ពង្រឹងសេវាសាធារណៈ និងសន្តិសុខទូទៅ

ទន្ទឹមនឹងយុទ្ធនាការ “ក្តៅ” លើការបង្ក្រាបបទល្មើសអនឡាញ ឯកឧត្ដម ឃួង ស្រេង ក៏បានរំលឹកដល់អាជ្ញាធរមិនត្រូវធ្វេសប្រហែសលើភារកិច្ចស្នូលផ្សេងទៀតឡើយ។ ការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ត្រូវតែអនុវត្តឱ្យបានល្អទន្ទឹមគ្នា ដើម្បីរក្សាបាននូវជំនឿទុកចិត្តពីសាធារណជន។

រដ្ឋបាលរាជធានីភ្នំពេញ រំពឹងយ៉ាងមុតមាំថា តាមរយៈយុទ្ធនាការដ៏ម៉ឺងម៉ាត់នេះ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានឹងត្រូវរលាយសាបសូន្យពីទីក្រុងភ្នំពេញក្នុងពេលឆាប់ៗខាងមុខនេះ៕

អត្ថបទ៖ត្រយង

Share.