នៅក្នុងអត្ថបទវិចារណក៏ថារបស់កាសែតថៃ បានទម្លាយចេញខ្ទេចគ្មានសល់នូវស្រមោលដ៏អាប់អួរនៃអំពើពុករលួយនៅក្នុងចង្កោមអ្នកនយោបាយថៃ ដែលរួមទាំងភាពមិនប្រក្រតីនៅក្នុងព្រឹត្តិការណ៍បោះឆ្នោតថៃ ឆ្នាំ២០២៦ ដែលជួយជំរុញនិងចូកចែវឱ្យបក្ស ភូមិចៃថៃ ក្លាយជាបក្សនាំមុខមានសំឡេងឆ្នោតគាំទ្រវ៉ាដាច់គេផងដែរ។

តាមការចុះផ្សាយរបស់កាសែត Khaosod នៅថ្ងៃទី ១០ ខែកុម្ភៈ ម្សិលមិញនេះ បានវិភាគឡើងថា ទោះបីជាលទ្ធផលបោះឆ្នោតសកលឆ្នាំ២០២៦ បានបង្ហាញពីជ័យជម្នះយ៉ាងលើសលប់របស់គណបក្ស ភូមិចៃថៃ ក៏ដោយ ក៏ប៉ុន្តែដំណើរការបោះឆ្នោតកាលពីថ្ងៃទី៨ ខែកុម្ភៈ កន្លងទៅ បានបន្សល់ទុកនូវមន្ទិលសង្ស័យជាច្រើន ព្រោះតែគេបានរកឃើញភាពមិនប្រក្រតីជាច្រើន។

បញ្ហាដែលកើតមានឡើងជាហូរហែ រួមនឹងសកម្មភាពសង្ស័យនៃអំពើពុករលួយ ការកេងបន្លំ ទិញសន្លឹកឆ្នោត បានធ្វើឱ្យបរិយាកាសនយោបាយមានភាពរកាំរកូសយ៉ាងខ្លាំង ព្រោះតែទាំងគណបក្សនយោបាយ និងក្រុមអ្នកគាំទ្របក្សនយោបាយមួយចំនួនបានក្រោកមកតវ៉ាទាមទារឱ្យមានការសើរើរាប់សន្លឹកឆ្នោតឡើងវិញ ព្រោះតែមិនអាចទទួលយកលទ្ធផលដែលចេញទាំងអស់នោះបាន។

បើយោងតាមរបាយការណ៍ចេញពីគណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ និងស្នងការដ្ឋាននគរបាលជាតិថៃ បានបញ្ជាក់ពីការឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងសកម្មភាពទិញសន្លឹកឆ្នោតនៅតាមតំបន់ និងខេត្តជាច្រើនក្នុងប្រទេសថៃ ខណៈដែលគេបានដាក់ការសង្ស័យទៀតថានៅមានខេត្តច្រើនទៀត ដែលប្រព័ន្ធផ្សព្វផ្សាយនិងអ្នកអង្កេតការណ៍មិនបានទៅដល់ ប្រាកដជានឹងមានករណីកើតឡើងស្រដៀងគ្នានេះដែរ។ តាមរយៈការរកឃើញទាំងនេះ គឺជាភស្តុតាងដែលស្តែងឱ្យឃើញថា ការបោះឆ្នោតធំជាសកលរបស់ប្រទេសថៃលើកនេះ ពោពេញទៅដោយភាពចម្រូងចម្រាស ច្របូកច្របល់ និងការកេងបន្លំគ្រប់រូបភាព។

យ៉ាងណាមិញ ទំហំនៃបញ្ហានេះបានកាន់តែរីករាលដាល នៅពេលដែលគេសង្កេតឃើញកំហុសបច្ចេកទេសជាច្រើនលេចឡើងដូចជា ចំនួនសន្លឹកឆ្នោតមានបានការកើនឡើងខុសធម្មតា បញ្ហាសន្លឹកឆ្នោតមានបានការ​កើន​លើស​ និងតួលេខអ្នកបោះឆ្នោត ខ្ពស់ជាងចំនួនអ្នកមានសិទ្ធិឆ្នោតជាក់ស្តែង។ កត្តាជាច្រើនដូចបានលើកឡើងខាងលើនេះ បានជំរុញឱ្យមានការតវ៉ាទាមទារពីបណ្ដាក្រុមនិស្សិត ពលរដ្ឋ ដែលមិនសប្បាយចិត្ត ពេញចិត្តនឹងទទួល​យកលទ្ធផលនៃការបោះឆ្នោត ស្នើសុំឱ្យមានការរាប់សន្លឹកឆ្នោតឡើងវិញនៅក្នុងមណ្ឌលដែលមានបញ្ហា។

ជាការកត់សម្គាល់ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៦នេះ បញ្ហាពុករលួយ និងកំហុសឆ្គងផ្សេងៗបានកើតឡើងតាំងពីថ្ងៃបោះឆ្នោតមុនកាលកំណត់ ពោលគឺតាំងពីថ្ងៃទី១ ខែកុម្ភៈ ២០២៦ រហូតមក ដែលកំហុសឆ្គងទាំងនេះមិនមែនទើបតែកើតមានក្នុងថ្ងៃបោះឆ្នោតផ្ដាច់ព្រ័ត្រនោះទេ សូម្បីតែក្នុងថ្ងៃបោះឆ្នោតមុនកាលកំណត់ឬការបោះឆ្នោតសាកល្បង ក៏គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃបានចេញមកទទួលស្គាល់ និងសុំទោសជាសាធារណៈចំពោះកង្វះខាតបច្ចេកទេសរបស់ខ្លួនផងដែរ។ ទោះជាយ៉ាងណា ការសន្យានៃការកែលម្អហាក់មិនទាន់មានប្រសិទ្ធភាព ខណៈដែលមន្ត្រីរដ្ឋមួយចំនួនត្រូវបានគេចោទប្រកាន់ថាបានបាត់បង់ភាពអព្យាក្រឹត្យ។

ដើម្បីរក្សានូវតម្លៃនៃរបបប្រជាធិបតេយ្យ និងកសាងទំនុកចិត្តឡើងវិញ បណ្ដាអ្នកនយោបាយ និងអ្នកវិភាគឯករាជ្យ បានអំពាវនាវឱ្យគណៈកម្មាធិការរៀបចំការបោះឆ្នោតថៃចាំបាច់ត្រូវធ្វើការស៊ើបអង្កេតឱ្យបានស៊ីជម្រៅ និងរាប់សន្លឹកឆ្នោតឡើងវិញក្នុងមណ្ឌលដែលមានមន្ទិល មុននឹងសម្រេចប្រកាសលទ្ធផលជាផ្លូវការ ដើម្បីបង្ហាញពីភាពស្អាតស្អំនិងតម្លាភាពនៃការបោះឆ្នោតលើកនេះ៕

Share.