លោក ភីរៈផាន់ ប្រធានគណបក្ស Ruam Thai Sang Chart បានបង្ហោះសារតាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន “Peeraphan Salirathavibhaga” ដោយលើកឡើងពីមន្ទិលសង្ស័យជុំវិញភាពមិនប្រក្រតីក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២៦ ដោយបញ្ជាក់ថា មានសកម្មភាពជាច្រើនដែលធ្វើឱ្យសង្គមដាក់សំណួរថា ការបោះឆ្នោតលើកនេះអាចនឹងមិនប្រព្រឹត្តទៅដោយសុចរិត និងយុត្តិធម៌នៅទូទាំងប្រទេសនោះទេ។

ប្រធានបក្សរូបនេះបានបញ្ជាក់ថា នៅថ្ងៃបោះឆ្នោត គេបានរកឃើញហេតុការណ៍មិនប្រក្រតីក្នុងចំណុចជាច្រើនដូចជា៖
១.ការផ្លាស់ប្តូរមណ្ឌលបោះឆ្នោត ដោយមិនបានជម្រាបជូនអ្នកមានសិទ្ធិបោះឆ្នោតឱ្យដឹងជាមុន។
២. ការរាប់សន្លឹកឆ្នោតដែលមិនអនុវត្តតាមបទបញ្ជា មិនបង្ហាញសន្លឹកឆ្នោតឱ្យសាធារណជនឃើញ មានការយកថង់ខ្មៅមកគ្របកាមេរ៉ាសុវត្ថិភាព (CCTV) ការគូសសន្លឹកឆ្នោតយ៉ាងចម្លែក។
៣. ករណីមន្ត្រីប្រចាំមណ្ឌលខ្លះត្រូវបានចាប់បាន ថាបានយកសន្លឹកឆ្នោតជាច្រើនសន្លឹកទៅគូសឱ្យគណបក្សនយោបាយណាមួយ និងការរាប់ពិន្ទុខុសដោយចេតនា។

៤. ការចែកចាយវីដេអូក្នុងបណ្តាញសង្គម ដែលបង្ហាញរូបភាពមន្ត្រីយកសន្លឹកឆ្នោតយ៉ាងច្រើនមកគូសពេញឥដ្ឋការ៉ូ ដោយមិនដឹងថាធ្វើឡើងដើម្បីអ្នកណា។
៥. មានព័ត៌មាន និងរូបភាពដែលគួរឱ្យជឿថាអាចមានការទិញសន្លឹកឆ្នោត ក្នុងមណ្ឌលបោះឆ្នោតជាច្រើន រួមទាំងហេតុការណ៍ចម្លែកៗ ដូចជាក្នុងអំឡុងពេលរាប់ពិន្ទុមានការដាច់ចរន្តអគ្គិសនី ប៉ុន្តែកង្ហារនៅតែបន្តវិលដដែល។
លោក ភីរៈផាន់ ក៏បានបញ្ជាក់ទៀតថា នៅរសៀលថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២៦ ផ្ដើមមានសេចក្តីរាយការណ៍ថា មណ្ឌលបោះឆ្នោតជាច្រើនមានចំនួនសន្លឹកឆ្នោតច្រើនជាងចំនួនអ្នកមកប្រើសិទ្ធិបោះឆ្នោតពិតប្រាកដ។
អ្វីដែលកាន់តែបង្កើតឱ្យមានការព្រួយបារម្ភនោះគឺ នៅពេលដែល iLaw ដែលជាអង្គការក្រៅរដ្ឋាភិបាលផ្នែកសិទ្ធិមនុស្ស បានចេញមកថ្លែងថា លទ្ធផលពិន្ទុដែលបានកត់ត្រាពីសន្លឹកបោះឆ្នោតតាមមណ្ឌលនានាទូទាំងប្រទេស មិនស្របគ្នានឹងពិន្ទុដែលប្រកាសដោយគណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប) ឡើយ ដែលនេះអាចបណ្តាលឱ្យលទ្ធផលនៃការបោះឆ្នោតមានការប្រែប្រួលពីអ្វីដែលបានប្រកាសកាលពីយប់ថ្ងៃទី ៨ ខែកុម្ភៈ កន្លងទៅ។

លើសពីនេះ លោក ភីរៈផាន់ ក៏បានលើកឡើងពីករណីខេត្តឈុនបុរី មណ្ឌលទី ១ ដោយបញ្ជាក់ថា រកឃើញឯកសារពាក់ព័ន្ធនឹងលទ្ធផលសន្លឹកឆ្នោត ត្រូវបានគេបោះចោលក្នុងធុងសំរាម រហូតនាំឱ្យមានការតវ៉ាដែលមាននិន្នាការរីករាលដាលខ្លាំង។ ព្រឹត្តិការណ៍នេះមិនដែលធ្លាប់មានឡើយក្នុងប្រវត្តិសាស្ត្របោះឆ្នោតថៃ ចាប់តាំងពីការបន្លំបោះឆ្នោតកាលពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ១៩៥៧ ដែលហៅថា “សន្លឹកបៀរភ្លើង” ដែលនាំឱ្យមានហេតុការណ៍ប្រឆាំងទ្រង់ទ្រាយធំ បានត្រឡប់មកលងបន្លាចសង្គមថៃជាថ្មីម្តងទៀតក្នុងរយៈពេល ៦៩ ឆ្នាំក្រោយ។
លោក ភីរៈផាន់ បានសង្កត់ធ្ងន់ថា សកម្មភាពបែបនេះធ្វើឱ្យគិតបានថា ការបោះឆ្នោតសកលកាលពីថ្ងៃទី ៨ ខែកុម្ភៈ កន្លងទៅ អាចនឹងមិនប្រព្រឹត្តទៅដោយសុចរិត និងយុត្តិធម៌ទូទាំងប្រទេសឡើយ។ ដូច្នេះ វាជាអំណាចនិងតួនាទីរបស់ គ.ជ.ប តាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីគណៈកម្មាធិការរៀបចំការបោះឆ្នោត ដែលត្រូវតែចាត់វិធានការជាបន្ទាន់ ដូចជា ការប្រកាសឱ្យមានការរាប់សន្លឹកឆ្នោតឡើងវិញទូទាំងប្រទេស ដោយចំហ អាចត្រួតពិនិត្យបាន និងមានទម្រង់តែមួយ។ ប្រសិនបើ គ.ជ.ប នៅតែព្រងើយកន្តើយ មិនចាត់ការតាមតួនាទី នោះអាចនឹងចូលក្នុងករណីបោះបង់ការបំពេញតួនាទី៕

