កាលពីព្រឹកថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានចាត់លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិថ្នាក់សាខា ដឹកនាំសហការី និងគ្រូពេទ្យជំនាញ ចុះសួរសុខទុក្ខស្ត្រីភៀសសឹកចំនួន ២រូប ដែលបានមកសម្រាលបុត្រនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។ ស្រ្តីទាំង២រូបនោះរួមមាន៖ អ្នកស្រី ធុយ គឹមលាង អាយុ២១ឆ្នាំ និងអ្នកស្រី វី ស្រីហ៊ុយ អាយុ២២ ឆ្នាំ ដែលបានភៀសសឹកពីខេត្តបន្ទាយមានជ័យ មកសម្រាលកូននៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។

ក្នុងឱកាសនោះ លោកជំទាវ ប៉ាង ដានី បានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយក្តីនឹករលឹក និងអាណិតអាសូរបំផុតពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ ព្រមទាំងថ្នាក់ដឹកនាំសាខាខេត្ត។ ជានិច្ចកាល សម្តេចប្រធាន តែងតែណែនាំដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយសម្រាលទុក្ខលំបាកដល់ពលរដ្ឋរងគ្រោះ ជាពិសេសគ្រួសារកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក ដោយផ្តោតលើការគាំពារសុខភាពមាតា ទារក និងកុមារ ដោយមិនមានការរើសអើង។

គួររំលឹកថា អ្នកទាំង២បានភៀសសឹកទាំងកំពុងមានផ្ទៃពោះជិតគ្រប់ខែ មកស្នាក់នៅបណ្តោះអាសន្ន កាលពីខែធ្នូ ឆ្នាំ២០២៥, ដោយអ្នកស្រី វី ស្រីហ៊ុយ ស្នាក់នៅផ្ទះម្តាយក្មេក នាភូមិសណ្តាន់  ឃុំអំពិល ស្រុកកំពង់សៀម, ហើយអ្នកស្រី ធុយ គឹម លាង មកស្នាក់នៅផ្ទះម្តាយបង្កើតឯភូមិទំពូង ឃុំល្វា ស្រុកកោះសូទិន។  ពួកគាត់បានមកសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីពិនិត្យថែទាំសុខភាព និងត្រៀមសម្រាលអោយបានសុវត្ថិភាព ដែលសេវាសម្រាល និងថែទាំព្យាបាលជាបន្ទុកមន្ទីរពេទ្យបង្អែកខេត្តទាំងស្រុង។ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ  ស្ត្រីជនភៀសសឹកទាំង២នាក់ ក៏សម្រាលដោយការវះកាត់១នាក់ កាលពីថ្ងៃទី៧ កុម្ភៈ ២០២៦ ដោយបានកូនស្រីម្នាក់ទម្ងន់ ៣,៧គក្រ និងតាមធម្មជាតិ ១នាក់កាលពីថ្ងៃទី១០ កុម្ភៈ ២០២៦ ដោយបានកូនប្រុសម្នាក់ទម្ងន់ ២,៧គក្រ ដោយសុវត្ថិភាព។

លោកជំទាវ ប៉ាង ដានី បានផ្តល់អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា  ជូនក្នុងម្នាក់ៗ រួមមានទឹកដោះគោ សម្ភារៈ ខោអាវមាតា ទារក   ឃីតស្ត្រី ១ឈុត និងថវិកាចំនួន ៤០០,០០០រៀល ។

សកម្មភាពនេះ បានបង្ហាញឱ្យឃើញពីស្មារតីមនុស្សធម៌ និងការយកចិត្តទុកដាក់ចំពោះសុខុមាលភាពពលរដ្ឋគ្រប់កាលៈទេសៈ ស្របតាមទិសស្លោករបស់កាកបាទក្រហម «កាកបាទក្រហមកម្ពុជា មាននៅគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល»៕

Share.