បាងកក៖ ខណៈដែលរដ្ឋាភិបាលថៃនៅតែបន្តរងការរិះគន់លើបញ្ហាសន្តិសុខសង្គម ហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងសារជាថ្មី កាលពីថ្ងៃពុធ ម្សិលម៉ិញ នៅពេលដែលខ្មាន់កាំភ្លើងម្នាក់បានដើរចូលទៅបាញ់បោះ និងចាប់ចំណាប់ខ្មាំងក្នុងសាលារៀនមួយកន្លែង នៅស្រុក Hat Yai ប៉ុន្ដែក្រោយមកបានជួយសង្រ្គោះចំំណាប់ខ្មាំងមកវិញដោយជោគជ័យ។ បើទោះបីជាជនសង្ស័យត្រូវបានចាប់ខ្លួន និងចំណាប់ខ្មាំងត្រូវបានជួយសង្រ្គោះចេញពីគ្រោះថ្នាក់វិញពិតមែន ប៉ុន្តែវាបានឆ្លុះបញ្ចាំងពីភាពបរាជ័យក្នុងការការពារសុវត្ថិភាពនៅតាមគ្រឹះស្ថានសិក្សា។

យោងតាមការចេញផ្សាយដោយសារព័ត៌មានក្នុងស្រុកបានឱ្យដឹងថា មានយុវជនអាយុ ១៨ឆ្នាំម្នាក់ បានកាន់អាវុធដើរចូលក្នុងសាលារៀន Patongprathankiriwat ក្នុងខេត្ត Songkhla បានយ៉ាងងាយស្រួល ដែលបង្កឱ្យមានការចោទសួរយ៉ាងខ្លាំងទៅលើវិធានការការពាររបស់អាជ្ញាធរថៃ។
ខ្មាន់កាំភ្លើងបានសម្រុកចូលក្នុងសាលាទាំងកណ្ដាលថ្ងៃត្រង់ ដើម្បីតាមរកគ្រូបង្រៀនម្នាក់។ នៅពេលរកមិនឃើញ គេក៏បានបាញ់ប្រហារលើបុគ្គលិកសាលាភ្លាមៗ។ ហេតុការណ៍នេះបានបណ្ដាលឱ្យមនុស្ស ២នាក់រងរបួស ម្នាក់ជាសិស្ស និងម្នាក់ទៀតជាគ្រូបង្រៀន។ ក្រោយមកគេរាយការណ៍ថា ខ្មាន់កាំភ្លើងរូបនោះត្រូវបានគេបាញ់សម្លាប់ ប៉ុន្ដែបែរជាបញ្ជាក់ថា ជាការភាន់ច្រឡំ ជនល្មើសមិនបានស្លាប់ទេ គឺគ្រាន់តែរងរបួស និងបានចាប់ខ្លួន។

យ៉ាងណាម៉ិញ ភាពមិនច្បាស់លាស់នេះបង្ហាញពីចំណុចខ្សោយនៃប្រព័ន្ធរាយការណ៍ព័ត៌មានបន្ទាន់របស់រដ្ឋ និងបញ្ហាអសន្ដិសុខក្នុងប្រទេស ដែលហាក់ដូចជាមានភាពធូររលុងនៃច្បាប់គ្រប់គ្រងអាវុធក្នុងប្រទេសថៃ ដែលរដ្ឋាភិបាលហាក់ដូចជាមិនទាន់មានឆន្ទៈពិតប្រាកដក្នុងការដោះស្រាយ ដើម្បីការពារអាយុជីវិតពលរដ្ឋស្លូតត្រង់ និងកុមារតូចៗ។


មែនទែនទៅ អំពើហឹង្សាដោយកាំភ្លើងបានក្លាយជាជំងឺមហារីកនៅក្នុងសង្គមថៃ ដែលមិនទាន់មានថ្នាំព្យាបាល។ មហាជននៅតែមិនទាន់ភ្លេចនូវសោកនាដកម្មដ៏សោកសៅ កាលពីឆ្នាំ២០២២ នៅឡើយ ដែលកាលនោះអតីតមន្ត្រីប៉ូលីសម្នាក់បានសម្លាប់មនុស្ស ៣៦នាក់ រួមទាំងកុមារ ២២នាក់ នៅក្នុងការវាយប្រហារដោយកាំភ្លើង និងកាំបិតនៅឯកន្លែងសាលាមត្តេយ្យមួយកន្លែងនៅភាគខាងកើតប្រទេសថៃ។



ទោះជាយ៉ាងណាក៏ដោយ ហេតុការណ៍ចុងក្រោយនេះ គឺជាភស្តុតាងដែលមិនអាចប្រកែកបានថា រដ្ឋាភិបាលថៃហាក់ដូចជាកំពុងបណ្ដែតបណ្ដោយឱ្យការចរាចរណ៍អាវុធ បន្តលុកលុយក្នុងសង្គម។ បើទោះបីជាមានការបង្ហូរឈាមជាបន្តបន្ទាប់ ប៉ុន្តែវិធានការរឹតបន្តឹងការកាន់កាប់អាវុធ នៅតែស្ថិតក្នុងកម្រិតទន់ខ្សោយ ដែលធ្វើឱ្យជីវិតពលរដ្ឋស្លូតត្រង់ និងកុមារតូចៗ ស្ថិតក្នុងហានិភ័យជារៀងរាល់ថ្ងៃ៕

