ការប្រែប្រួលនៃផ្ទៃមេឃដែលប្រែជាសភាពអួអាប់នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ គឺជាសញ្ញារំលឹកមួយដ៏សំខាន់សម្រាប់យើងគ្រប់គ្នា។ ទោះបីជាការធ្លាក់ចុះគុណភាពខ្យល់ (កំហាប់ភាគល្អិត PM2.5) កើតមានឡើងក្នុងរយៈពេលខ្លី និងនៅតាមតំបន់មួយចំនួនក៏ដោយ ប៉ុន្តែវាបានដាស់តឿនឱ្យយើងដឹងថា សុខភាពផ្លូវដង្ហើម មិនមែនជារឿងដែលត្រូវមើលរំលងឡើយ។

កំហាប់ភាគល្អិតនិចលដែលមានការប្រែប្រួលចន្លោះពី ៣០មីក្រូក្រាម ក្នុងមួយម៉ែត្រគូបខ្យល់(µg/m3) ទៅ ១០០µg/m3 ដែលអាចជះឥទ្ធិពលដល់សុខភាព ប្រសិនបើគ្មានការការពារត្រឹមត្រូវ ជាពិសេសចំពោះកុមារ មនុស្សចាស់ និងអ្នកដែលមានជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ។ ការតាមដានទិន្នន័យជាក់ស្តែង (Real-time data) តាមរយៈកម្មវិធី CGS SPA ឬគេហទំព័រផ្លូវការរបស់ក្រសួងបរិស្ថាន គឺជាជំហានដំបូងនៃការថែទាំសុខភាពដោយភាពឆ្លាតវៃ។

យ៉ាងណាមិញ ការតាមដានគុណភាពខ្យល់នៅលើគេហទំព័រផ្លូវការរបស់ក្រសួងបរិស្ថាន បញ្ជាក់ថា គុណភាពខ្យល់មានព័ត៌មានបៃតង ដែលជាខ្យល់ល្អអាចធ្វើសកម្មភាពទៅខាងក្រៅ និងការធ្វើដំណើរដូចធម្មតា នៅមិនទាន់ឈានដល់កម្រិតប្រកាសអាសន្ននៅឡើយទេ។ បុគ្គលដែលមានប្រតិកម្មអាលែហ្សីតិចតួចគួរតែកាត់បន្ថយពេលវេលាសម្រាប់សកម្មភាពខាងក្រៅ។

ចំពោះការផ្សាយរបស់ព័ត៌មានអន្តរជាតិមួយចំនួន ជារឿយៗបង្ហាញពីការព្រួយបារម្ភ អំពីគុណភាពខ្យល់ នៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងតំបន់អាស៊ីអាគ្នេយ៍ ដោយផ្តោតលើកំហាប់ភាគល្អិត PM2.5 កើនឡើង ដែលបានឆ្លុះបញ្ចាំងលើស្តង់ដាគុណភាពខ្យល់ជាតិនៃប្រទេសនីមួយ ដែលបានកំណត់ យកស្របតាមបទដ្ឋាននៃប្រទេស និងការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក។

ទោះជាផ្ទៃមេឃមានសភាពអួអាប់នៅព្រឹកនេះ ក្រសួងបរិស្ថានក៏កំពុងចាត់វិធានការទប់ស្កាត់ការបំពុលខ្យល់ ដោយផ្សព្វផ្សាយជាប្រចាំ និងអនុវត្តវិធានការទប់ស្កាត់ការបំពុល រួមមានការកាប់រុករានដី ឆ្ការដុតព្រៃ ការដុតសំណល់កសិកម្ម គល់ជញ្ជ្រាំង និងសំរាមសំណល់ប្លាស្ទិកជាដើម។

រាជរដ្ឋាភិបាលតាមរយៈក្រសួងបរិស្ថាន បាននិងកំពុងពង្រឹងប្រព័ន្ធត្រួតពិនិត្យគុណភាពខ្យល់ចំនួន ៥៩ កន្លែងទូទាំងប្រទេស ដើម្បីផ្តល់ព័ត៌មានឱ្យបានទាន់ចិត្ត។ ទោះជាយ៉ាងណា ព័ត៌មានតែម្យ៉ាងមិនគ្រប់គ្រាន់ទេ បើខ្វះការចូលរួមអនុវត្តវិធានការការពារពីបងប្អូនប្រជាពលរដ្ឋ៕

Share.