
ជំនួសឱ្យអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ដែលត្រូវផុតអាណត្តិជាអ្នកដឹកនាំប្រតិភូអ្នកអង្កេតការណ៍អាស៊ាន (AOT) នាយឧត្តមសេនីយ៍ Romeo S. Brawner Jr. អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន នឹងចូលមកបន្តអាណត្តិដឹកនាំការងារនេះ។
នាយឧត្តមសេនីយ៍ Romeo S. Brawner Jr. បានលើកឡើងថា ភាគីហ្វីលីពីនបានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ និងបានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តដឹកនាំក្រុម AOT ក្នុងគោលបំណងសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនដោយអព្យាក្រឹតភាព សំដៅនាំមកនូវសន្តិភាព និងស្ថិរភាពយូរអង្វែងសម្រាប់ប្រទេសទាំងពីរ ក៏ដូចជាតំបន់ទាំងមូលផងដែរ។
ការលើកឡើងនេះ បានធ្វើឡើងបន្ទាប់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជូនលោកអគ្គមេបញ្ជាការ និងគណៈប្រតិភូ អំពីការវិវត្តចុងក្រោយនៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ និងបានសង្កត់ធ្ងន់ពីជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា និងសន្ធិសញ្ញាដែលមានស្រាប់ ព្រមទាំងច្បាប់អន្តរជាតិ។
កម្ពុជាប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគោរពនូវរាល់កិច្ចព្រមព្រៀងដែលប្រទេសទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ បន្ថែមលើនេះ សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ក្រុមអ្នកអង្កេតការណ៍អាស៊ាន (AOT) និងជឿជាក់ថា ក្រោមការដឹកនាំរបស់ហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ានប្ដូរវេន ក្រុម AOT នឹងបន្តចូលរួមចំណែកយ៉ាងសកម្មបន្ថែមទៀតក្នុងការសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី។
សូមជម្រាបថា កិច្ចពិភាក្សានេះបានធ្វើឡើងនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងឱកាសដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យនាយឧត្តមសេនីយ៍ Romeo S. Brawner Jr. អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ៕



