ត្បូងឃ្មុំ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ សហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ «គោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនបទ ២០២៥-២០៣៥» ដើម្បីពង្រឹងប្រសិទ្ធភាពការងារនៅមូលដ្ឋាន និងគាំទ្រដល់យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ឡាច សាម៉ន អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និង ឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានយ៉ាងច្រើនកុះករ នៅឯសាលប្រជុំរំដួល (ខាងលើមន្ទីរធម្មការ និងសាលាខេត្ត)។

ថ្លែងក្នុងមតិសំណេះសំណាល ឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្ត បានលើកទឹកចិត្តដល់មន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការក្រេបជញ្ជក់ចំណេះដឹងពីគោលនយោបាយថ្មីនេះ ដើម្បីយកទៅផ្សព្វផ្សាយបន្ត និងអនុវត្តឱ្យចេញជាលទ្ធផលជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។ ឯកឧត្តមក៏បានជំរុញឱ្យមន្ទីរអភិវឌ្ឍន៍ជនបទ និងអាជ្ញាធរពាក់ព័ន្ធ បង្កើនកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីកៀរគរធនធានមកអភិវឌ្ឍន៍មូលដ្ឋានឱ្យទាន់ពេលវេលា ស្របតាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ។ ឯកឧត្តម បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍជនបទ គឺជាផ្នែកដែលមិនអាចខ្វះបាន ស្របតាមអាទិភាពគន្លឹះរបស់រាជរដ្ឋាភិបាលគឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា»។ ជាមួយគ្នា ឯកឧត្តម ក៏បានជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់អនុវត្តគោលនយោបាយនេះឱ្យមានប្រសិទ្ធភាព តម្លាភាព និងសហការល្អជាមួយដៃគូអភិវឌ្ឍន៍។

ក្នុងឱកាសនេះដែរ លោកជំទាវ ឡាច សាម៉ន អនុរដ្ឋលេខាធិការ បានលើកឡើងថា គោលនយោបាយជាតិស្តីពី «ការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥» គឺជាផែនទីបង្ហាញផ្លូវដ៏សំខាន់សម្រាប់ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងជាសសរស្តម្ភគាំទ្រដល់ការសម្រេចបាននូវចក្ខុវិស័យកម្ពុជា ជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ។

លោកជំទាវបានបន្ថែមថា គោលនយោបាយនេះបានផ្តោតលើតំបន់ភូមិសាស្ត្រចម្រុះ រួមមានតំបន់ទំនាប តំបន់ជុំវិញបឹងទន្លេសាប តំបន់ឆ្នេរ និងតំបន់ខ្ពង់រាប ជាពិសេសគឺការអភិវឌ្ឍនៅតាមបន្ទាត់ព្រំដែន ដើម្បីប្រែក្លាយទៅជាតំបន់សន្តិភាព និងសហប្រតិបត្តិការ។

គោលដៅយុទ្ធសាស្ត្រសំខាន់ៗទាំង ៤ រួមមាន៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធជនបទឱ្យមានភាពប្រទាក់ក្រឡាគ្នា, ការលើកកម្ពស់សុខភាព និងអាយុសង្ឃឹមរស់ របស់ប្រជាជនជនបទ, ការបង្កើតភូមិឋានដែលមានសេចក្តីសុខក្សេមក្សាន្ត និងបរិស្ថានល្អ និងការជំរុញកំណើនប្រាក់ចំណូលគ្រួសារនៅជនបទប្រកបដោយចីរភាព ។

ជាទីបញ្ចប់ លោកជំទាវអនុរដ្ឋលេខាធិការ បានបញ្ជាក់ថា យុទ្ធនាការផ្សព្វផ្សាយនេះ គឺដើម្បីផ្សារភ្ជាប់គោលនយោបាយថ្នាក់ជាតិ ទៅកាន់ការអនុវត្តជាក់ស្តែងនៅថ្នាក់ក្រោមជាតិ ក្នុងគោលដៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជា ជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

អត្ថបទ៖ អាចារ្យលាក់

Share.