តាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះឱ្យដឹងថា ការស្បថចូលកាន់តំណែងរបស់លោក Rob Jetten ជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសហូឡង់ មិនត្រឹមតែជាការផ្លាស់ប្តូរទំព័រនយោបាយធម្មតានោះទេ ប៉ុន្តែវាគឺជាការបំបែកកំណត់ត្រាប្រវត្តិសាស្ត្រដ៏រំភើបបំផុតមួយរបស់ប្រទេសនេះផង​ដែរ​។ លោក Rob ទទួលបានការចាប់អារម្មណ៍ខ្លាំងពីក្រសែភ្នែកសាធារណជនទូទាំងពិភពលោក ក្រោយមេដឹក​នាំ​សេត​វិមាន ប្រធានាធិបតី ដូណាល់ ត្រាំ បានពោលសរសើរលោកនៅក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សាសន្តិភាព នាពេលកន្លងមក។

ក្នុងវ័យត្រឹមតែ ៣៨ ឆ្នាំ លោក Jetten បានក្លាយជានាយករដ្ឋមន្ត្រីដែលក្មេងជាងគេបង្អស់និងជាមេដឹកនាំដំបូងគេដែលប្រកាសជាចំហថាខ្លួនជាក្រុមអ្នកស្រឡាញ់ភេទដូចគ្នា នៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសដែលធ្លាប់តែជាអ្នកត្រួសត្រាយផ្លូវនៃសេរីភាពមួយនេះ។ ជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យ ៦៦ ក្រោមការដឹកនាំរបស់លោក Jetten លើអ្នកនយោបាយប្រជាភិថុតិដែលប្រឆាំងឥស្លាម តែលោក Geert Wilders បានបង្ហាញសញ្ញាណវិជ្ជមានវិញថា ពលរដ្ឋហូឡង់នៅតែផ្តល់តម្លៃលើ ការរួមរស់ជាមួយគ្នានិង ភាពចម្រុះ។

យ៉ាងណាមិញ សម្រាប់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា (LGBTQ+) នេះគឺជាជ័យជម្នះខាងស្មារតីដ៏ធំធេង។ វាជាសារដាស់តឿនថា អត្តសញ្ញាណយេនឌ័រ មិនមែនជាឧបសគ្គដល់សមត្ថភាពដឹកនាំប្រទេសនោះទេ ហើយមនុស្សគ្រប់រូបមានសិទ្ធិស្រមៃចង់បានតំណែងខ្ពស់បំផុត ទោះបីពួកគេមានភាពខុសប្លែកពីអ្នកដទៃក៏ដោយ។

ក្រុមអ្នកស្រឡាញ់ភេទដូចគ្នាទាំងនៅក្នុងហូឡង់ និងជុំវិញពិភពលោក មើលឃើញថាការឡើងកាន់អំណាចរបស់លោក Jetten គឺជាពន្លឺនៃសមភាព។ ក្នុងបរិបទដែលពិភពលោកកំពុងមានការកើនឡើងនៃចរន្តអភិរក្សនិយម ការដែលមានមេដឹកនាំវ័យក្មេង និងមានមោទនភាពចំពោះអត្តសញ្ញាណខ្លួនឯងបែបនេះ គឺជាការផ្តល់កម្លាំងចិត្តដល់យុវជនជំនាន់ក្រោយដែលកំពុងតស៊ូដើម្បីសិទ្ធិសេរីភាព។

ដូចដែលលោក Jetten បានបង្ហោះលើបណ្តាញសង្គម X ថា៖ «មានមោទនភាពដែលបានធ្វើការងារនេះជាមួយគ្នា… តាមរយៈការមិនផ្តោតលើអ្វីដែលខុសឆ្គង ប៉ុន្តែសាងសង់លើអ្វីដែលអាចកែលម្អបាន»។ ទោះជាយ៉ាងណា ផ្លូវដើរទៅមុខរបស់លោក Jetten មិនមែនក្រាលដោយផ្កាកុលាបឡើយ ការដឹកនាំរដ្ឋាភិបាលចម្រុះមតិភាគតិចជាមួយគណបក្ស VVD និង CDA មានន័យថា រាល់ការកែទម្រង់ធំៗ ចាប់ពីកញ្ចប់ថវិកាការពារជាតិ ១៩ ពាន់លានអឺរ៉ូ រហូតដល់ការកាត់បន្ថយការចំណាយលើវិស័យសុខាភិបាល ត្រូវឆ្លងកាត់ការចរចាយ៉ាងស្វិតស្វាញបំផុត។ អ្វីដែលគួរឱ្យកត់សម្គាល់ និងជាចំណុចរសើបសម្រាប់សហគមន៍អ្នកគាំទ្រ គឺគោលនយោបាយរឹតត្បិតជនភៀសខ្លួន។

ការតម្រូវឱ្យជនភៀសខ្លួនដាក់ពាក្យសុំសិទ្ធិជ្រកកោនពីក្រៅតំបន់អឺរ៉ុប គឺជាវិធានការតឹងរ៉ឹងដែលលោក Jetten ត្រូវធ្វើតុល្យភាព ដើម្បីរក្សាស្ថិរភាពរដ្ឋាភិបាល កុំឱ្យដើរតាមគន្លងរដ្ឋាភិបាលមុនៗដែលដួលរលំដោយសារបញ្ហានេះ។ នៅពេលដែលបុរសវ័យក្មេងម្នាក់ដែលជាអ្នកស្រឡាញ់ភេទដូចគ្នាអាចឈរស្បថនៅចំពោះមុខព្រះមហាក្សត្រ​ Willem-Alexander ក្នុងនាមជានាយករដ្ឋមន្ត្រីដែលបើកចំហរពីជីវិតឯកជនរបស់ខ្លួននោះ វាហាក់បីដូចជាការចារនូវជំពូកថ្មីមួយទៀតនៃប្រវត្តិសាស្ត្ររួចជាស្រេចសម្រាប់ប្រជាធិបតេយ្យ។

ពិភពលោកនឹងរង់ចាំមើលថា តើភាពក្លាហាន និងការសហការដែលនាយករដ្ឋមន្ត្រីរូបនេះបានសន្យា នឹងអាចដឹកនាំនាវាហូឡង់ឱ្យឆ្លងផុតព្យុះនយោបាយនេះបានដោយរបៀបណា?

Share.