រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ និងលោកស្រី រ៉េឈល ប៊ល (Rachel Ball) នាយនគរបាលជាន់ខ្ពស់នៃនគរបាលសហព័ន្ធអូស្ត្រាលី (AFP) ប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «វិធីសាស្រ្តស្រាវជ្រាវបទល្មើសបច្ចេកវិទ្យា» នៅសណ្ឋាគារ Novotel រាជធានីភ្នំពេញ។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្រោមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់លើជំនាញស៊ើបអង្កេតឌីជីថល។ ក្នុងឱកាសនោះ ឯកឧត្តម ជា ពៅ បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារ AFP ដែលតែងតែជួយជ្រោមជ្រែងដល់នគរបាលជាតិកម្ពុជា ក្នុងការបង្កើនសមត្ថភាពបច្ចេកទេសជាបន្តបន្ទាប់។

ឯកឧត្តមអគ្គស្នងការរង បានគូសបញ្ជាក់ថា បទល្មើសបច្ចេកវិទ្យាកំពុងក្លាយជាបញ្ហាប្រឈមខ្លាំងទាំងក្នុងតំបន់ និងសកលលោក។ វគ្គសិក្សានេះនឹងផ្ដោតសំខាន់លើ៖

  • ចំណេះដឹងជំនាញ៖ យល់ដឹងពីវិធីសាស្ត្រស៊ើបអង្កេត និងការប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យាគ្រប់ប្រភេទ។
  • ការអនុវត្តផ្ទាល់៖ ការធ្វើបទបង្ហាញពីអ្នកជំនាញ ការពិភាក្សា និងការធ្វើលំហាត់អនុវត្តជាក្រុម។
  • ប្រសិទ្ធភាពការងារ៖ ការយកចំណេះដឹងទៅប្រើប្រាស់ក្នុងអង្គភាព ដើម្បីបង្ក្រាបបទល្មើសឱ្យទាន់ពេលវេលា។

វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ៥ថ្ងៃ (ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦) ដោយមានសិក្ខាកាមចូលរួមសរុបចំនួន ២៥រូប រួមមាន៖

  1. នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា៖ ០៥រូប
  2. ក្រុមការងារ Hotline Scam 24/7៖ ០១រូប
  3. ក្រុមស៊ើបអង្កេតបទល្មើសឆ្លងដែន៖ ០២រូប
  4. ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត៖ ១២រូប
  5. មន្ត្រីនគរបាល នៃក្រសួងសន្តិសុខជាតិឡាវ៖ ០៥រូប

ជាកិច្ចបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ បានផ្ដាំផ្ញើឱ្យសិក្ខាកាមទាំងអស់ ខិតខំក្រេបជញ្ជក់ចំណេះដឹង ដើម្បីយកទៅបម្រើអង្គភាព និងសង្គមជាតិ ឱ្យទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត៕

អត្ថបទ៖ត្រយង

Share.