យោងតាមការរកឃើញដោយ ក្រុមហ៊ុន AllClear ដែលជាក្រុមហ៊ុនធានារ៉ាប់រងរបស់ចក្រភពអង់គ្លេស បានទម្លាយឱ្យដឹងនូវលទ្ធផលស្រាវជ្រាវដែលបង្ហាញថា ការបោកប្រាស់តាមតាក់ស៊ីអាចកើតឡើងគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ជាពិសេសនៅពេលដែលភ្ញៀវទេសចរហាក់ដូចជាមិនទទួលបានភាពស្មើគ្នានឹងតម្លៃឈ្នួលក្នុងស្រុក។

អំពើបោកប្រាស់តាមតាក់ស៊ីនេះបានបង្កជារូបភាពអវិជ្ជមាន ការស្ទាក់ស្ទើចិត្តរបស់ភ្ញៀវទេសចរណ៍ដែលធ្លាប់ចាត់ទុកថៃជាគោលដៅទេសចរណ៍ អាស្រ័យដោយមានការចេញមកត្អូញត្អែរកាន់តែច្រើនឡើងៗនៅបណ្ដាញសង្គម Reddit។

ចាប់តាំងពីខែធ្នូ ឆ្នាំ ២០២៥ មក ក្រុមហ៊ុនធានារ៉ាប់រងទេសចរណ៍មួយនេះ បានវិភាគលើការបង្ហោះក្នុងបណ្តាញ Reddit ជាង ៤៥០ ចំណុច និងមតិយោបល់ជាង ៣០,០០០ ដែលពិភាក្សាអំពីការបោកប្រាស់តាមតាក់ស៊ី ដើម្បីកំណត់រកប្រទេសដែលមានការត្អូញត្អែរច្រើនបំផុត។

ការសិក្សានេះបានរកឃើញថា អ្នកធ្វើដំណើរហាក់ដូចជារាយការណ៍ពីបញ្ហាច្រើនបំផុត គឺកើតមាននៅក្នុងប្រទេសទួរគី ដែលមានមតិយោបល់រហូតដល់ ៤,២២៤ — ដែលចំនួននេះគឺស្ទើរតែស្មើនឹងចំនួនទ្វេដងនៃប្រទេសឥណ្ឌា ដែលឈរនៅចំណាត់ថ្នាក់លេខ ២ ជាមួយមតិយោបល់ ២,៣០១។

ប្រទេសថៃ ជាប់ចំណាត់ថ្នាក់លេខ ៣ ជាមួយនឹងមតិយោបល់ ២,១៦៩ បន្ទាប់មកគឺ៖

  • វៀតណាម (១,៧៤១)
  • អេស៊ីប (១,៧១៥)
  • អូស្ត្រាលី (១,៥៩៨)
  • ម៉ិកស៊ិក (១,៣៦៧)
  • ម៉ារ៉ុក (១,៣២៩)
  • សហរដ្ឋអាមេរិក (១,២៨៣)
  • កាណាដា (៩៩៥)
  • ក្នុងចំណោមចំណាត់ថ្នាក់កំពូលទាំង ១៥ ក៏មានរួមបញ្ចូលផងដែរនូវ ប្រទេសបារាំង (៩៥៧), កូឡុំប៊ី (៩២៤), ហ្វីលីពីន (៨៤០), អ៊ីតាលី (៨៣២) និងន័រវែស (៧៩៩)។

បច្ចុប្បន្នរូបភាពល្អដែលប្រទេសថៃខំកសាង កំពុងតែធ្លាក់ចុះ ដោយសារតែប្រទេសកំពុងតែបើកការឈ្លានពានមកលើកម្ពុជាផង ជាប្រទេសដែលមានអសន្តិសុខនៅខេត្តភាគខាងត្បូងផង ជាប្រទេសដែលមានអំពើឧក្រិដ្ឋកម្មច្រើនផង និងជាពិសេសការវាយកឆ្មក់ បោកប្រាស់លើភ្ញៀវទេសចរណ៍គ្រប់រូបភាពផង គឺជាចលករមួយធ្វើឱ្យមានសំនួរកើតឡើងថា តើថៃនៅអាចបន្តរក្សាកេរ្តិ៍ឈ្មោះជាប្រទេសដែលរួសរាយរាក់ទាក់ និងមានសុខសុវត្ថិភាពដូចថៃធ្លាប់តែអួតដែរឬអត់?

Share.