ភ្នំពេញ៖ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះបង្រ្កាបទីតាំងស្តុកទុក និងចែកចាយបារីអេឡិចត្រូនិចដោយខុសច្បាប់មួយកន្លែង ស្ថិតនៅផ្ទះលេខ C5 ផ្លូវបេតុង ភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនមនុស្ស ៥នាក់ និងដកហូតវត្ថុតាងប្រមាណ ៣០០,០០០ដើម។

ប្រតិបត្តិការនេះ អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្រោមការដឹកនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលសហការដឹកនាំ មន្ទីរប្រឆាំងគ្រឿនញៀន និងដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់ និងវត្ថុតាង ត្រូវបាននាំយកទៅរក្សាទុកនៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ត៕


