អំឡុងចុងសប្ដាហ៍នៃខែកុម្ភៈ ឆ្នាំ២០២៦នេះ កម្ពុជាបានបង្ហាញយ៉ាងច្បាស់ពីយុទ្ធសាស្ត្រការទូតពីរជាន់ដ៏វៃឆ្លាត និងសេចក្ដីអត់ធ្មត់យ៉ាងអំណត់ ដើម្បីការពារបូរណភាពទឹកដី និងសិទ្ធិប្រជាពលរដ្ឋខ្លួន។ តាមរយៈសកម្មភាពដំណាលគ្នាទាំងនៅលើវេទិកាអន្តរជាតិក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងតាមរយៈយន្តការទ្វេភាគីគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជាកំពុងបង្កើនសម្ពាធគ្រប់ជ្រុងជ្រោយ ដើម្បីបង្ខំឱ្យភាគីថៃវិលត្រឡប់មកគោរពកិច្ចព្រមព្រៀង និងគោលការណ៍ច្បាប់អន្តរជាតិដែលភាគីទាំងពីរបានឯកភាពគ្នាជាយូរមកហើយ។

តាម្នកនាំពាក្យរាជរដ្ឋាភិបាលបានឱ្យដឹងថា ការអញ្ជើញថ្លែងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស នៅទីក្រុងហ្សឺណែវ គឺជាការលើកយកបញ្ហាព្រំដែនទៅដាក់លើតុនៃយន្តការសិទ្ធិមនុស្សសកល។ នេះជាចលនាដ៏ឈ្លាសវៃ ដែលបង្ហាញថាបញ្ហាព្រំដែនមិនមែនគ្រាន់តែជាជម្លោះរវាងរដ្ឋពីរប៉ុណ្ណោះទេ ប៉ុន្តែវាជាបញ្ហាសិទ្ធិមនុស្ស ដែលកំពុងប៉ះពាល់ផ្ទាល់ដល់ជីវភាព សុវត្ថិភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋស៊ីវិលកម្ពុជារាប់ម៉ឺននាក់។
ស្របពេលជាមួយគ្នានេះ គណៈកម្មការ JBC ភាគីកម្ពុជា បានបន្តរុញច្រានយន្តការទ្វេភាគីឱ្យដំណើរការយ៉ាងសកម្ម។ ការបញ្ជូនកំណត់ត្រាទូត ការស្នើឱ្យបញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ចុះអនុវត្តការងារបោះបង្គោលបណ្តោះអាសន្ន និងការស្នើរៀបចំកិច្ចប្រជុំគ្រប់កម្រិត សុទ្ធតែបង្ហាញពីឆន្ទៈរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈយន្តការដែលមានស្រាប់។
អ្វីដែលគួរឱ្យកត់សម្គាល់ គឺការតវ៉ាប្រឆាំងយ៉ាងដាច់អហង្ការរបស់គណៈកម្មការ JBC កម្ពុជាចំពោះរាល់សកម្មភាពឈ្លានពានរបស់យោធាថៃ ដែលរាប់ចាប់តាំងពីការបង្ហោះដ្រូន រាយលួសបន្លា ដាក់ទូរកុងតឺន័រ ដោតទង់ជាតិថៃ ជីកប្រឡាយ សាងសង់ផ្លូវ និងលេណដ្ឋាន រហូតដល់ការប្តូរឈ្មោះផ្លូវជាតិលេខ៥៨ និងការកែប្រែបរិស្ថានព្រំដែននៅតំបន់ប្រាសាទតាមាន់ និងប្រាសាទព្រះវិហារ សុទ្ធតែជាសកម្មភាពរំលោភបំពានយ៉ាងធ្ងន់ធ្ងរ។
ការឈូសឆាយបំផ្លិចបំផ្លាញលំនៅឋាន និងទ្រព្យសម្បត្តិប្រជាពលរដ្ឋកម្ពុជា ព្រមទាំងការហាមឃាត់មិនឱ្យពួកគាត់វិលត្រឡប់ចូលរស់នៅក្នុងលំនៅឋានរបស់ខ្លួនវិញ គឺជារឿងដែលមិនអាចទទួលយកបានក្នុងន័យណាមួយឡើយ។ សកម្មភាពទាំងនេះ មិនត្រឹមតែរំលោភលើច្បាប់អន្តរជាត់ និងធម្មនុញ្ញអង្គការសហប្រជាជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរំលោភលើស្មារតីអាស៊ាន MOU ២០០០ កំណត់ហេតុកិច្ចប្រជុំ JBC និងកិច្ចព្រមព្រៀងនានា ដែលភាគីទាំងពីរបានឯកភាពគ្នា។
បើតាមប្រសាសន៍របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស នៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានបញ្ជាក់ថា ជនស៊ីវិលជិត៦៥ ម៉ឺននាក់ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះសម្បែង ហើយរហូតមកទល់បច្ចុប្បន្ន នៅមានប្រជាពលរដ្ឋជិត៨ម៉ឺននាក់ទៀត នៅមិនអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយដោយសារតែយោធាថៃបានរារាំងតាមរយៈការរាយបន្លាលួស ដាក់ពង្រាយទូរកុងតឺន័រដើម្បីបិទផ្លូវដែលផ្ទុយស្រឡះពីកិច្ចព្រមព្រៀងក្នុងការអនុញ្ញាតឱ្យជនស៊ីវិលអាចវិលត្រឡប់ទៅលំនោះឋានវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ លើសពីនេះ ផ្ទះសម្បែងរបស់ពួកគេ រួមទាំងហេដ្ឋារចនាសម្ព័ន្ធ និងទីតាំងគោរពបូជាតាមជំនឿសាសនាផងត្រូវបានបំផ្លិចបំផ្លាញ ខណៈដែលហេដ្ឋារចនាសម្ព័ន្ធយោធាត្រូវបានសាងសង់ក្នុងទីតាំងទាំងនោះ។
គណៈកម្មការ JBC កម្ពុជា បានប្រកាសយ៉ាងច្បាស់អំពីការប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់អន្តរជាតិ ជាពិសេសគោលការណ៍ Uti Possidetis Juris ដែលទទួលស្គាល់ថាព្រំដែនដែលបន្សល់ទុកពីអាណានិគម មិនអាចកែប្រែបានតាមរយៈការប្រើប្រាស់កម្លាំង។ កម្ពុជាបានបដិសេធយ៉ាងដាច់អហង្ការចំពោះការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង ឬសកម្មភាពយោធាឯកតោភាគី។ នេះជាជំហរដ៏ត្រឹមត្រូវ និងស្របតាមបទដ្ឋានអន្តរជាតិ ដែលប្រទេសដែលគោរពច្បាប់ទាំងអស់ត្រូវតែទទួលស្គាល់។
ការស្នើឱ្យរៀបចំកិច្ចប្រជុំក្រុមប្រតិបត្តិការ (OG) លើកទី១២ កិច្ចប្រជុំអនុគណៈកម្មការបច្ចេកទេសចម្រុះព្រំដែន (JTSC) លើកទី៥ និងកិច្ចប្រជុំពិសេសរបស់ JBC នាខែមីនា ឆ្នាំ២០២៦ គឺជាភស្តុតាងបញ្ជាក់ថា កម្ពុជានៅតែផ្តល់ឱកាសឱ្យការចរចាជាដំណោះស្រាយចម្បង។ ទោះជាយ៉ាងណា ការចរចាមិនអាចប្រព្រឹត្តទៅបានដោយរលូនទេ ប្រសិនបើភាគីម្ខាងនៅតែបន្តសកម្មភាពឈ្លានពាន និងបង្កើតអំពើទុច្ចរិតនៅលើទឹកដីភាគីម្ខាងទៀត។ ការចរចាពិតប្រាកដ ត្រូវតែឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក និងការទទួលស្គាល់នូវសិទ្ធិស្របច្បាប់របស់គ្នា។
ជាថ្មីម្ដងទៀត កម្ពុជាប្រឆាំងដាច់ខាតចំពោះការរំលោភបំពានលើបូរណភាពទឹកដី និងសេចក្តីថ្លៃថ្នូររបស់ប្រជាជាតិខ្មែរ។ កម្ពុជានឹងបន្តប្រើប្រាស់គ្រប់មធ្យោបាយស្របច្បាប់ ដើម្បីដាក់សម្ពាធឱ្យថៃគោរពកិច្ចព្រមព្រៀង និងច្បាប់អន្តរជាតិ។ ហើយកម្ពុជានឹងមិនបោះបង់ចោលសិទ្ធិស្របច្បាប់របស់ខ្លួនឡើយ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ៕

