នៅពេលដែលនិយាយដល់ប្រទេសកម្ពុជា រូបភាពដែលភ្ញៀវទេសចរអន្តរជាតិសម្រៃដល់ និងនឹកឃើញជាញឹកញាប់ជាងគេនោះ គឺប្រាសាទបុរាណ វប្បធម៌ខ្មែរ ស្នាមញញឹមដ៏កក់ក្ដៅរបស់ប្រជាជន និងភាពទាក់ទាញខាងទេសចរណ៍។ ប៉ុន្តែថ្មីៗនេះ កម្ពុជាបានបង្ហាញខ្លួនឯងក្នុងពន្លឺថ្មីមួយទៀត ដែលគួរឱ្យភ្ញាក់ផ្អើល និងមោទនភាពជាខ្លាំង នោះគឺការផ្ដល់ឱកាសការងារសម្រាប់ជនបរទេស។

តាមការប្រកាសរបស់ក្រសួងព័ត៌មាន ដោយផ្អែកលើការវាយតម្លៃពីស្ថាប័ន GoAbroad កម្ពុជាត្រូវបានជាប់ចំណាត់ថ្នាក់លេខ ៧ ក្នុងចំណោមប្រទេសល្អបំផុតទូទាំងពិភពលោក សម្រាប់ឱកាសការងាររបស់ជនបរទេស នៅក្នុងឆ្នាំ២០២៦។ សបញ្ជាក់ថា នេះមិនមែនជារឿងតូចតាចនោះទេ ប៉ុន្តែជាសញ្ញាបញ្ជាក់ពីការផ្លាស់ប្តូរដ៏ធំធេងនៃរូបភាពកម្ពុជានៅលើឆាកអន្តរជាតិ។

GoAbroad គឺជាស្ថាប័នដែលមានកេរ្តិ៍ឈ្មោះក្នុងការវាយតម្លៃ និងផ្ដល់ព័ត៌មានអំពីឱកាសការងារ ការសិក្សា និងការស្ម័គ្រចិត្តនៅបរទេស។ ការដែលដែនដីសុវណ្ណភូមិមួយនេះអាចឈរនៅលំដាប់លេខ ៧ ជាប់ជាមួយប្រទេសមហាអំណាចសេដ្ឋកិច្ចដូចជា កូរ៉េខាងត្បូង (លេខ១) បារាំង (លេខ២) និងជប៉ុន (លេខ៣) គឺជាកិត្តិយស និងជាសក្ខីភាពបញ្ជាក់ពីភាពទាក់ទាញរបស់កម្ពុជាក្នុងនាមជាគោលដៅការងារសកល។

អ្វីដែលធ្វើឱ្យកម្ពុជាលេចធ្លោ គឺមិនមែនដោយសារតែប្រាក់ខែខ្ពស់ដូចប្រទេសអភិវឌ្ឍន៍នោះទេ ប៉ុន្តែដោយសារតម្រូវការខ្ពស់ដូចជាការអប់រំផ្នែកភាសាបរទេស ដែលអនុញ្ញាតឱ្យជនបរទេសអាចរស់នៅបានយ៉ាងសមរម្យ ខណៈពេលដែលអាចបង្កើតឥទ្ធិពលវិជ្ជមានដល់សហគមន៍។

មួយវិញទៀតចំណុចសំខាន់មួយដែល GoAbroad បានលើកឡើង គឺ តុល្យភាពការងារ-ជីវិត និង គុណភាពជីវិត។ ចំណុចស្ដែងឱ្យឃើញថា កម្ពុជាមានគុណសម្បត្តិធម្មជាតិជាមួយនឹងជីវភាពរស់នៅដែលមិនសូវមានសម្ពាធខ្ពស់ បរិយាកាសសង្គមស្និទ្ធស្នាល និងលទ្ធភាពក្នុងការធ្វើដំណើរកម្សាន្តទៅកាន់តំបន់ទេសចរណ៍ធម្មជាតិ និងប្រវត្តិសាស្ត្របានយ៉ាងងាយស្រួល។ កម្ពុជាបានក្លាយជាកន្លែងដ៏ទាក់ទាញសម្រាប់អ្នកដែលស្វែងរកបទពិសោធន៍រស់នៅបែបថ្មី ខុសពីភាពអ៊ូអរនៃទីក្រុងធំៗក្នុងប្រទេសអភិវឌ្ឍន៍ផ្សេងៗ។

គួររំលឹកថា ការជាប់ចំណាត់ថ្នាក់លេខ ៧ នេះ គឺជាសញ្ញាបញ្ជាក់ថាកម្ពុជាកំពុងតែដើរលើផ្លូវត្រូវក្រៅពីជាប្រទេសទេសចរណ៍ដ៏ទាក់ទាញ កម្ពុជាក៏កំពុងក្លាយជាគោលដៅសម្រាប់អ្នកជំនាញ និងអ្នកស្វែងរកបទពិសោធន៍ការងារអន្តរជាតិ។ នេះជាឱកាសដ៏ល្អសម្រាប់កម្ពុជាក្នុងការទាក់ទាញធនធានមនុស្សដែលមានគុណភាព និងពង្រឹងកេរ្តិ៍ឈ្មោះរបស់ខ្លួននៅលើឆាកអន្តរជាតិផងដែរ។

ដូច្នោះហើយ កម្ពុជាមិនមែនគ្រាន់តែជាដែនដីនៃស្នាមញញឹម និងប្រភពកម្សាន្តមិនចេះរីងស្ងួតនោះទេ កម្ពុជាក៏កំពុងតែកសាងខ្លួនឯងជាគោលដៅអាជីពមួយដែលគួរឱ្យចាប់អារម្មណ៍សម្រាប់ជនបរទេសមកពីជុំវិញពិភពលោក។ ការទទួលស្គាល់របស់ស្ថាប័នអន្តរជាតិមួយនេះ គឺជាមោទនភាពជាតិ និងជាការលើកទឹកចិត្តដ៏ធំធេងសម្រាប់កម្ពុជាក្នុងការបន្តអភិវឌ្ឍ និងកែលម្អបរិស្ថានការងារ និងជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើងថែមទៀត៕

Share.