ការលើកឡើងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី នាពេលថ្មីៗនេះពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ ទាំងបីលើកគឺមានសារៈសំខាន់ជាប្រវត្តិសាស្ត្រ។ តាមរយៈការរំលឹកឡើងវិញនូវដំណោះស្រាយកន្លងមក ឯកឧត្តមបានបង្ហាញឱ្យឃើញពីគោលជំហរដ៏ច្បាស់លាស់របស់កម្ពុជាថា រាល់ជម្លោះព្រំដែនត្រូវតែដោះស្រាយដោយសន្តិវិធី តាមរយៈការទូត និងច្បាប់អន្តរជាតិ ដើម្បីធានាបាននូវផលប្រយោជន៍ជាតិ និងសុខដុមរមនារបស់ប្រជាជនទាំងសងខាង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានរំលឹកថា បញ្ហាព្រំដែនលើកទី១ (១៩៥៤-១៩៥៥) ត្រូវបានបញ្ចប់ដោយសាលក្រមតុលាការយុត្តិធម៌អន្តរជាតិនៅឆ្នាំ១៩៦២ ដែលបានទទួលស្គាល់អធិបតេយ្យភាពរបស់កម្ពុជាលើប្រាសាទព្រះវិហារ។ លើកទី២ (២០០៨-២០១១) ក៏ត្រូវបានបញ្ចប់នៅឆ្នាំ២០១៣ ដោយប្រទេសទាំងពីរបានងាកមករកគោលការណ៍ច្បាប់ និងការទូតវិញ។ នេះជាភស្តុតាងជាក់ស្តែងដែលបញ្ជាក់ថា គ្រប់ពេលដែលភាគីទាំងពីរជ្រើសរើសយកមាគ៌ាសន្តិភាព និងនីតិរដ្ឋ នោះដំណោះស្រាយប្រកបដោយយុត្តិធម៌អាចសម្រេចបាន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តថា ការបំពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ដែលបានកើតឡើងចាប់ពីថ្ងៃទី២៨ ឧសភា ២០២៥ និងការផ្ទុះអាវុធជាបន្តបន្ទាប់នៅខែកក្កដា និងធ្នូ ឆ្នាំដដែលនោះ បានក្លាយជាបញ្ហាព្រំដែនលើកទី៣ ក្នុងប្រវត្តិសាស្ត្រកម្ពុជាក្រោយទទួលឯករាជ្យ។ ពេលនេះជាការសាកល្បងយ៉ាងម៉ត់ចត់ចំពោះឆន្ទៈ និងការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការរក្សាសន្តិភាព និងកិច្ចសហប្រតិបត្តិការឡើងវិញ។

ទោះជាយ៉ាងណា អ្វីដែលគួរឱ្យកត់សម្គាល់ គឺគ្រប់ពេលដែលជួបប្រទះបញ្ហាព្រំដែន ភាគីទាំងពីរតែងតែបញ្ចប់ជម្លោះដោយយន្តការការទូត និងច្បាប់អន្តរជាតិ។ នេះបញ្ជាក់ថា មិនថាស្ថានការណ៍តានតឹងកម្រិតណាទេ ផ្លូវនៃការចរចានៅតែជាជម្រើសដ៏ល្អបំផុត ដើម្បីធានាឱ្យទំនាក់ទំនងប្រទេសទាំងពីរបន្តទៅមុខដោយកិច្ចសហប្រតិបត្តិការ។

ការបញ្ជាក់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដែលថាកម្ពុជាប្រកាន់ខ្ជាប់នូវគោលជំហរកសាងខ្សែព្រំដែនជា “ព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍” គឺជាការបន្តនូវចក្ខុវិស័យរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានដាក់គ្រឹះដ៏រឹងមាំសម្រាប់ទំនាក់ទំនងជិតខាងល្អ។ នេះជាសារដ៏សំខាន់មួយផ្ញើទៅកាន់ភាគីថៃ និងសហគមន៍អន្តរជាតិទាំងមូលថា កម្ពុជានៅតែបន្តក្តីសង្ឃឹម និងជឿជាក់ថាបញ្ហាព្រំដែនលើកទី៣ នឹងត្រូវបានបញ្ចប់ដោយការគោរពច្បាប់អន្តរជាតិ ដូចគ្នានឹងលើកទី១ និងទី២ដែរ។ ក្តីសង្ឃឹមនេះ មិនមែនកើតចេញពីភាពទន់ខ្សោយនោះទេ ប៉ុន្តែកើតចេញពីភាពរឹងមាំនៃគោលការណ៍ច្បាប់ និងសីលធម៌អន្តរជាតិ។

សូមជម្រាបថា ការដោះស្រាយបញ្ហាព្រំដែនមិនមែនសម្រាប់តែភាគីណាមួយឡើយ ប៉ុន្តែដើម្បីធានាផលប្រយោជន៍ជាតិ និងប្រជាជនទាំងសងខាង។ ប្រជាជនខ្មែរ និងថៃ សុទ្ធតែចង់បានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ ពួកគាត់មិនចង់ឃើញជម្លោះប្រដាប់អាវុធ ការផ្លាស់ទីលំនៅ ឬការបែកបាក់គ្រួសារឡើយ។ ដូច្នេះការគោរពច្បាប់អន្តរជាតិ គឺជាផ្លូវតែមួយគត់ដែលអាចនាំមកនូវដំណោះស្រាយយូរអង្វែង និងយុត្តិធម៌។ កម្ពុជាបានបង្ហាញឆន្ទៈ និងការអត់ធ្មត់ជានិច្ចកាល ដោយទន្ទឹងរង់ចាំការឆ្លើយតបប្រកបដោយការទទួលខុសត្រូវពីភាគីថៃ ដើម្បីរួមគ្នាបញ្ចប់វិបត្តិនេះ និងបន្តកសាងទំនាក់ទំនងឱ្យកាន់តែប្រសើរឡើងថែមទៀត។

យ៉ាងណាមិញ ក្តីសង្ឃឹមរបស់កម្ពុជាចំពោះការបញ្ចប់បញ្ហាព្រំដែនលើកទី៣ ដោយការគោរពច្បាប់អន្តរជាតិ គឺជាក្តីសង្ឃឹមដ៏ត្រឹមត្រូវ ស្របច្បាប់ និងប្រកបដោយសុទ្ធចិត្ត ហើយនឹងក្លាយជាក្តីសង្ឃឹមដែលផ្អែកលើមេរៀនប្រវត្តិសាស្ត្រ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ថ្នាក់ដឹកនាំជំនាន់ថ្មី ដើម្បីសេចក្តីសុខ និងវិបុលភាពរបស់ប្រជាជនទាំងពីរប្រទេស និងដើម្បីសន្តិភាពក្នុងតំបន់អាស៊ានទាំងមូល៕

Share.