ភ្នំពេញ៖ ឆ្នាំ២០២៥ សមត្ថកិច្ចកម្ពុជាបានបង្ក្រាបសរុប ២៧២ ករណី ដែលជាលទ្ធផលរួមនៃការបង្ក្រាប អំពើជួញដូរមនុស្ស ១២៨ ករណី និង អំពើធ្វើអាជីវកម្មផ្លូវភេទ ១៤៤ ករណី កើនឡើង ៣៧,៣៧% បើធៀបនឹងឆ្នាំ២០២៤។

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ជាគណៈអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ លើកទី១៩ ដែលរៀបចំនៅសាលធំពិព័រណ៌កោះពេជ្រ នាថ្ងៃទី២៥ កុម្ភៈ ២០២៦។


ថ្លែងក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ លើកទី១៩ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានបញ្ជាក់ថា លទ្ធផលនេះបង្ហាញពីការពង្រឹងសកម្មភាពបង្ក្រាប និងការបង្ការទប់ស្កាត់យ៉ាងសកម្ម ទាំងលើបទល្មើសប្រពៃណី និងបទល្មើសកើតឡើងក្នុងបរិបទឌីជីថល។

ក្នុងចំណោម ២៧២ ករណីនោះ៖

• ករណីជួញដូរមនុស្ស ១២៨ ករណី ឃាត់ខ្លួនជនសង្ស័យ ២០៩ នាក់ និងសង្គ្រោះជនរងគ្រោះ ៦០៩ នាក់

• ករណីអំពើធ្វើអាជីវកម្មផ្លូវភេទ ១៤៤ ករណី ឃាត់ខ្លួន ២០១ នាក់ និងសង្គ្រោះជនរងគ្រោះ ៣៨៥ នាក់

លោកជំទាវបានគូសបញ្ជាក់ថា អនីតិជននៅតែជាក្រុមងាយរងគ្រោះខ្ពស់ ដែលត្រូវការការបង្ការ និងការពារយ៉ាងជិតស្និទ្ធ។

បន្ថែមពីលទ្ធផលបង្ក្រាបផ្ទាល់ អាជ្ញាធរបានទទួលព័ត៌មាន និងសំណើអន្តរាគមន៍សរុប ២៩១៩ ករណី ចាប់ពីខែមករា ឆ្នាំ២០២៥ តាមគេហទំព័រផ្លូវការ និងតាមបណ្តារាជធានី–ខេត្ត។

លោកជំទាវបានបញ្ជាក់ថា បទល្មើសជួញដូរមនុស្សកំពុងវិវត្តភ្ជាប់ជាមួយ ឧក្រិដ្ឋកម្មអនឡាញ ដែលប្រើប្រាស់បណ្តាញសង្គម និងប្រព័ន្ធឌីជីថលជាមធ្យោបាយអូសទាញ និងបោកបញ្ឆោតជនរងគ្រោះ។ ក្នុងយុទ្ធនាការបោសសម្អាតឧក្រិដ្ឋកម្មអនឡាញ ចាប់ពីខែមិថុនា ឆ្នាំ២០២៥ ដល់ដើមឆ្នាំ២០២៦ សមត្ថកិច្ចបានរកឃើញប្រមាណ ២០០ ករណី ពាក់ព័ន្ធទីតាំង ២៥៦០ កន្លែង បណ្តេញចេញជនបរទេសប្រមាណ ៨០០០ នាក់ និងបិទទីតាំងពាក់ព័ន្ធជាច្រើន រួមទាំងកាស៊ីណូប្រមាណ ២០០ កន្លែង។

ជាមួយគ្នានេះ តុលាការបានចាត់ការសំណុំរឿងសរុប ៣៧៥ សំណុំរឿង ដោយផ្តន្ទាទោសដាក់ពន្ធនាគារ ២៣៦ នាក់ និងពិន័យជាប្រាក់ ២៤ នាក់។

លោកជំទាវបានបញ្ជាក់ថា លទ្ធផលទាំងនេះ សម្រេចបានក្រោមការដឹកនាំរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលដឹកនាំដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងដោយការសហការពីក្រសួង ស្ថាប័ន អង្គភាពទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងដៃគូជាតិ–អន្តរជាតិ។

សម្រាប់ឆ្នាំ២០២៦ គ.ជ.ប.ជ បន្តអនុវត្តយុទ្ធសាស្ត្រ ៤ សសរស្តម្ភ គឺ៖

១. ការបង្ការ និងផ្សព្វផ្សាយទប់ស្កាត់
២. ការបង្ក្រាប និងពង្រឹងប្រព័ន្ធយុត្តិធម៌
៣. ការគាំពារ និងស្តារនីតិសម្បទាជនរងគ្រោះ
៤. កិច្ចសហប្រតិបត្តិការ

លោកជំទាវបានថ្លែងថា៖ «ការបង្ការទប់ស្កាត់ គឺជាអាទិភាពចម្បង ដើម្បីការពារប្រជាពលរដ្ឋ មិនឱ្យធ្លាក់ក្នុងអន្ទាក់នៃបទល្មើស ជាពិសេសក្នុងបរិបទឌីជីថលដែលកំពុងវិវត្តយ៉ាងឆាប់រហ័ស»។

Share.