ជាប្រតិកម្មទៅនឹងការអះអាងរបស់ភាគីថៃនាពេលថ្មីៗនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី អតីតអគ្គលេខាធិការរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ (រ.ជ.រ.ប.ខ) និងជាអតីតសមាជិកក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា (SNC) បានចេញសេចក្តីប្រកាសបញ្ជាក់ពីការពិតនៃខ្សែបន្ទាត់ព្រំដែន និងប្រវត្តិសាស្ត្រជំរំភៀសខ្លួនខ្មែរ ដើម្បីឆ្លើយតបទៅនឹងការបំភាន់មតិអន្តរជាតិពីសំណាក់មន្ត្រីជាន់ខ្ពស់ថៃ។

ប្រតិកម្មនេះធ្វើឡើងបន្ទាប់ពី រដ្ឋមន្ត្រីការបរទេសថៃ បានថ្លែងប្រាប់កាសែតអន្តរជាតិថា អតីតជំរំភៀសខ្លួនខ្មែរក្នុងទសវត្សរ៍ឆ្នាំ ៨០ ស្ថិតនៅលើទឹកដីថៃ និងបានចោទប្រកាន់ថាមានជនភៀសខ្លួនខ្មែរខ្លះបន្តរស់នៅលើទឹកដីថៃរាប់សិបឆ្នាំមកហើយ។ ឯកឧត្តម អៀង មូលី បានបញ្ជាក់យ៉ាងច្បាស់ថា ការអះអាងនេះគឺជា “ពាក្យភូតភរកុហកទាំងស្រុង”

១. ភស្តុតាងប្រវត្តិសាស្ត្រ៖ ជំរំភៀសខ្លួនស្ថិតនៅលើដីខ្មែរ

យោងតាមបទពិសោធន៍ផ្ទាល់តាំងពីឆ្នាំ ១៩៨២ ឯកឧត្តមបានរៀបរាប់ថា៖

  • ទីតាំងជំរំ៖ ជំរំនងចាន់, រិទ្ធិសែន, អំពិល, សម្លរឆ្ងាញ់, អូបុក, ណាំយឺន និងជំរំសុខសាន្ត គឺសុទ្ធតែតាំងនៅលើទឹកដីខ្មែរជាប់ព្រំដែនថៃ មិនមែននៅលើដីថៃដូចការលើកឡើងរបស់រដ្ឋមន្ត្រីថៃនោះទេ។
  • ភស្តុតាងកងទ័ព៖ នៅពេលកងទ័ពវៀតណាម និងកងទ័ពសាធារណរដ្ឋប្រជាមានិតកម្ពុជាវាយប្រហារជំរំទាំងនោះក្នុងទសវត្សរ៍ឆ្នាំ ៨០ គ្មានកងទ័ពថៃណាមួយចេញមុខមកការពារឡើយ ព្រោះថៃដឹងច្បាស់ថាជាទឹកដីខ្មែរ។
  • ការមាតុភូមិនិវត្តន៍៖ ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជនភៀសខ្លួនខ្មែរត្រូវបានធ្វើមាតុភូមិនិវត្តន៍អស់គ្មានសល់ម្នាក់ឡើយ ដូច្នេះគ្មានជនភៀសខ្លួនណាបន្តរស់នៅដីថៃរាប់សិបឆ្នាំដូចការចោទប្រកាន់ឡើយ។

២. តំបន់បឹងត្រកួន និងល្បិចកលនយោបាយថៃ

ពាក់ព័ន្ធនឹងតំបន់ បឹងត្រកួន និង បន្ទាយអំពិល ឯកឧត្តមបានបញ្ជាក់ថា ជាទឹកដីខ្មែរសុទ្ធសាធ ដែលត្រូវបានគ្រប់គ្រងដោយកងកម្លាំងលោកឧត្តមសេនីយ៍ ដៀន ដែល និងសាក់ ស៊ុតសាខន តាំងពីឆ្នាំ ១៩៨៩។ សូម្បីតែមន្ត្រីថៃនាដងនោះ ក៏ទទួលស្គាល់និងគ្មានការជំទាស់ឡើយ នៅពេលសម្តេចព្រះ នរោត្តម សីហនុ យាងទៅបំពេញព្រះទស្សនកិច្ច។

ឯកឧត្តមបានរិះគន់ចំៗថា ភាគីថៃកំពុងប្រើប្រាស់ល្បិចកល៖

  • យកលេសប្រយុទ្ធប្រឆាំង “អំពើឆបោកអនឡាញ” ឬ “ការដោះមីន” ដើម្បីបិទបាំងមហិច្ឆតាឈ្លានពានទឹកដី។
  • ប្រើប្រាស់ “ស្មារតីជាតិនិយមជ្រុល” ដើម្បីទាញយកប្រយោជន៍នយោបាយក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថៃ។
  • ប្រើល្បិច “ពន្យារពេល” ដោយប្រាប់ឱ្យកម្ពុជារង់ចាំរដ្ឋាភិបាលថៃថ្មី ប៉ុន្តែបែរជាលួចសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងព័ទ្ធរបងលួសបន្លាយកដីខ្មែរជាបន្តបន្ទាប់។

ជាចុងក្រោយ ក្នុងនាមជាអតីតសមាជិក SNC ឯកឧត្តម អៀង មូលី បានប្រកាស គាំទ្រទាំងស្រុង លើវិធានការដោះស្រាយទំនាស់ព្រំដែនរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានថ្លែងយ៉ាងម៉ឺងម៉ាត់កាលពីពេលថ្មីៗនេះក្នុងបទសម្ភាសន៍ជាមួយ Reuters និង Fox News នៅសហរដ្ឋអាមេរិក ដើម្បីការពារអធិបតេយ្យភាពជាតិ៕

អត្ថបទ៖ត្រយង

Share.