ព្រះអង្គម្ចាស់ រ៉េសា ប៉ាឡាវី ម្កុដរាជកុមារនៃប្រទេសអ៊ីរ៉ង់ បានបង្ហោះសារសម្តែងការអបអរសាទរចំពោះព័ត៌មាននៃមរណភាពរបស់លោក អាយ៉ាតូឡោះ អាលី ខាមេនី មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ ក្នុងការវាយប្រហារដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។
នៅថ្ងៃទី ១ ខែមីនា ព្រះអង្គម្ចាស់ រ៉េសា បានបញ្ជាក់ថា លោក អាលី ខាមេនី ដែលជាជនផ្តាច់ការស្រេកឃ្លានឈាមនៃសម័យកាល និងជាអ្នកសម្លាប់កូនចៅដ៏ក្លាហានរបស់អ៊ីរ៉ង់រាប់ម៉ឺននាក់ ត្រូវបានលុបចេញពីទំព័រប្រវត្តិសាស្ត្រហើយ។ ជាមួយនឹងមរណភាពរបស់គាត់ សាធារណរដ្ឋអ៊ីស្លាមបានឈានដល់ទីបញ្ចប់យ៉ាងពិតប្រាកដ ហើយមិនយូរប៉ុន្មាននឹងត្រូវបោះចោលក្នុងធុងសម្រាមនៃប្រវត្តិសាស្ត្រ។

រាល់ការប៉ុនប៉ងណាមួយរបស់ក្រុមដែលនៅសេសសល់នៃរបបនេះ ដើម្បីតែងតាំងអ្នកបន្តវេនពីលោក ខាមេនី គឺប្រាកដជាបរាជ័យតាំងពីដំបូង។ មិនថាពួកគេតែងតាំងអ្នកណាមកជំនួសនោះទេ បុគ្គលនោះនឹងមិនមានទាំងភាពស្របច្បាប់ និងអំណាចស្ថិតស្ថេរឡើយ ហើយគ្មានការសង្ស័យទេថា ពួកគេនឹងត្រូវរួមចំណែកក្នុងឧក្រិដ្ឋកម្មនៃរបបនេះដូចគ្នា។ ខាងក្រោមនេះគឺជាខ្លឹមសារដកស្រង់ចេញពីការបង្ហោះរបស់ព្រះអង្គម្ចាស់ រ៉េសា ៖
ផ្ញើជូនកងទ័ព មន្ត្រីអនុវត្តច្បាប់ និងកងកម្លាំងសន្តិសុខ៖ រាល់ការប៉ុនប៉ងដើម្បីរក្សាស្ថិរភាពនៃរបបដែលកំពុងដួលរលំនេះនឹងត្រូវបរាជ័យ។ នេះគឺជាឱកាសចុងក្រោយរបស់អ្នកក្នុងការចូលរួមជាមួយប្រជាជាតិ ដើម្បីជួយធានាថាអ៊ីរ៉ង់នឹងឆ្លងកាត់ទៅកាន់អនាគតដ៏សេរី និងរុងរឿងប្រកបដោយស្ថិរភាព និងចូលរួមក្នុងការកសាងអនាគតនោះ។


ទោះបីជាមរណភាពរបស់ឧក្រិដ្ឋជនដូចជាលោក ខាមេនី មិនអាចលាងជម្រះការសងសឹកចំពោះឈាមដែលបានហូរចេញក៏ដោយ ប៉ុន្តែវាអាចប្រៀបដូចជាថ្នាំបំបាត់ការឈឺចាប់ក្នុងបេះដូងរបស់ឪពុកម្តាយ ស្វាមីភរិយា កូនប្រុសកូនស្រី និងក្រុមគ្រួសារនៃអ្នកដែលបានលះបង់ជីវិតក្នុងព្រឹត្តិការណ៍បដិវត្តន៍ជាតិ តោ និងព្រះអាទិត្យ របស់អ៊ីរ៉ង់។
ប្រជាជនអ៊ីរ៉ង់ដ៏មានកិត្តិយស និងក្លាហានទាំងឡាយ នេះអាចជាចំណុចចាប់ផ្តើមនៃការអបអរសាទរកម្រិតជាតិដ៏អស្ចារ្យរបស់យើង ប៉ុន្តែវាមិនមែនជាទីបញ្ចប់នៃផ្លូវនោះទេ។ ចូរប្រុងប្រយ័ត្ន និងត្រៀមខ្លួនជានិច្ច។ ពេលវេលាសម្រាប់ការបង្ហាញមតិយ៉ាងទូលំទូលាយ និងដាច់ខាតនៅលើដងផ្លូវជិតមកដល់ហើយ។ ដោយសាមគ្គីភាព និងការប្តេជ្ញាចិត្ត យើងនឹងនាំមកនូវជ័យជម្នះចុងក្រោយ ហើយយើងនឹងអបអរសាទរសេរីភាពរបស់អ៊ីរ៉ង់នៅទូទាំងទឹកដីជាទីស្រឡាញ់របស់យើង។ សូមឱ្យអ៊ីរ៉ង់ចូលចម្រើន៕



