លោក ខាមេនី បានឡើងកាន់តំណែងជាមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ក្នុងឆ្នាំ ១៩៨៩ បន្ទាប់ពីមរណភាពរបស់លោក អាយ៉ាតូឡា រូហុលឡា ខូមេនី ដែលជាបិតាស្ថាបនិកសាធារណរដ្ឋអ៊ីស្លាម។ ខណៈពេលដែលលោក ខូមេនី គឺជាកម្លាំងមនោគមវិជ្ជាដែលនៅពីក្រោយបដិវត្តន៍បញ្ចប់របបរាជានិយម ប៉ាឡាវី លោក ខាមេនី គឺជាអ្នករៀបចំរចនាសម្ព័ន្ធកងទ័ព និងកងកម្លាំងពាក់កណ្តាលយោធា ដែលជាទាំងរបាំងការពារប្រទេសអ៊ីរ៉ង់ពីសត្រូវ និងជាឧបករណ៍ពង្រីកឥទ្ធិពលរបស់អ៊ីរ៉ង់។

មុនពេលក្លាយជាមេដឹកនាំកំពូល លោកបានដឹកនាំអ៊ីរ៉ង់ក្នុងសង្គ្រាមដ៏បង្ហូរឈាមជាមួយអ៊ីរ៉ាក់ក្នុងទសវត្សរ៍ឆ្នាំ ១៩៨០។ ជម្លោះដ៏រ៉ាំរ៉ៃ រួមផ្សំនឹងអារម្មណ៍ឯកោក្នុងចំណោមជនជាតិអ៊ីរ៉ង់ជាច្រើន ដោយសារប្រទេសលោកខាងលិចបានគាំទ្រលោក សាដាម ហ៊ូសេន មេដឹកនាំអ៊ីរ៉ាក់ បានធ្វើឱ្យលោក ខាមេនី មិនទុកចិត្តលើលោកខាងលិច និងសហរដ្ឋអាមេរិក។ ក្រោមចក្ខុវិស័យនេះ កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) បានវិវត្តពីកងកម្លាំងពាក់កណ្តាលយោធា ទៅជាស្ថាប័នសន្តិសុខ នយោបាយ និងសេដ្ឋកិច្ចដ៏មានអំណាច ដែលក្លាយជាមជ្ឈមណ្ឌលឥទ្ធិពលរបស់អ៊ីរ៉ង់ក្នុងតំបន់។

១. ជីវិតដំបូង និងការសិក្សា
លោក ខាមេនី កើតក្នុងឆ្នាំ ១៩៣៩ នៅទីក្រុងម៉ាសាដ (Mashhad) ដែលជាទីក្រុងដ៏វិសុទ្ធរបស់ជនជាតិស៊ីអ៊ីត នៅភាគឦសាននៃប្រទេសអ៊ីរ៉ង់។ លោកគឺជាកូនប្រុសរបស់មេដឹកនាំមូស្លីមដ៏លេចធ្លោ និងជាជនជាតិអាស៊ែបៃហ្សង់ដែលមកពីប្រទេសអ៊ីរ៉ាក់ដែលនៅជិតខាង។ គ្រួសាររបស់លោកបានតាំងទីលំនៅដំបូងនៅទីក្រុងតាប៊្រីស (Tabriz) ភាគពាយព្យនៃអ៊ីរ៉ង់ មុនពេលផ្លាស់ទៅទីក្រុងម៉ាសាដ ជាទីដែលឪពុករបស់លោកបានដឹកនាំវិហារអ៊ីស្លាមសម្រាប់ជនជាតិអាស៊ែបៃហ្សង់។
លោក ខាមេនី បានរៀបរាប់ពីម្តាយរបស់លោក គឺអ្នកស្រី ខាឌីជេ មៀដាម៉ាឌី (Khadijeh Mirdamadi) ថាជាអ្នកចូលចិត្តអានគម្ពីរបុរាណ និងសៀវភៅ ហើយបានបណ្តុះចំណូលចិត្តផ្នែកអក្សរសាស្ត្រ និងកំណាព្យដល់រូបលោក ហើយក្រោយមកបានគាំទ្ររូបលោកក្នុងការចូលរួមចលនាតស៊ូប្រឆាំងនឹងរបបរាជានិយមសាក្សី។
លោក ខាមេនី បានចាប់ផ្តើមរៀនសូត្រតាំងពីអាយុ ៤ ឆ្នាំ ដោយរៀនគម្ពីរបុរាណ និងបញ្ចប់ការសិក្សាថ្នាក់បឋមសិក្សានៅសាលាអ៊ីស្លាមដំបូងក្នុងក្រុងម៉ាសាដ។ លោកមិនបានបញ្ចប់មធ្យមសិក្សាទុតិយភូមិទេ ប៉ុន្តែបានចូលរៀននៅសាលាទេវវិទ្យា និងរៀនពីអ្នកប្រាជ្ញអ៊ីស្លាមល្បីៗនាសម័យនោះ។ ក្រោយមក លោកបានបន្តការសិក្សានៅវិទ្យាស្ថានជាន់ខ្ពស់ល្បីៗនៃនិកាយស៊ីអ៊ីតក្នុងទីក្រុង ណាចាហ្វ និងទីក្រុងកុម ។

២. ការឈានជើងចូលឆាកនយោបាយ និងការតស៊ូ
ក្នុងទីក្រុងកុម លោកបានរៀនសូត្រ និងស្និទ្ធស្នាលជាមួយអ្នកប្រាជ្ញមូស្លីមល្បីៗជាច្រើន រួមទាំងលោក អាយ៉ាតូឡោះ ខូមេនី ផងដែរ។ លោក ខាមេណេអ៊ី បានបង្រៀនផ្នែកច្បាប់ និងទេវវិទ្យា ដែលធ្វើឱ្យលោកអាចឈានទៅដល់ក្រុមអ្នកស្តាប់កាន់តែច្រើន ជាពិសេសសិស្សវ័យក្មេងដែលចាប់ផ្តើមអស់សង្ឃឹមនឹងរបបរាជានិយមសាក្សី។
ក្នុងនាមជាសកម្មជននយោបាយ លោក ខាមេនី ត្រូវបានប៉ូលិសសម្ងាត់របស់របបរាជានិយមសាក្សីចាប់ខ្លួន និងនិរទេសទៅកាន់តំបន់ដាច់ស្រយាលជាច្រើនដង ប៉ុន្តែលោកបានត្រឡប់មកចូលរួមក្នុងការតវ៉ានៅឆ្នាំ ១៩៧៨ ដែលនាំទៅដល់ការបញ្ចប់របបសា។ នៅពេលរបបនោះត្រូវបានផ្ដួលរំលំ លោក ខាមេណេអ៊ី បានក្លាយជាបុគ្គលសំខាន់ក្នុងការស្ថាបនាអ៊ីរ៉ង់ថ្មី ដោយធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាអ្នកត្រួតពិនិត្យកងឆ្មាំបដិវត្តន៍ (IRGC)។

៣. ការឡើងកាន់អំណាច និងការដឹកនាំ
ឆ្នាំ ១៩៨១ គឺជាឆ្នាំដ៏សំខាន់សម្រាប់លោក ខាមេនី។ លោកបានបាត់បង់ដៃស្តាំបន្ទាប់ពីរួចផុតពីការប៉ុនប៉ងធ្វើឃាត។ ក្នុងឆ្នាំដដែលនោះ លោកបានឈ្នះការបោះឆ្នោតប្រធានាធិបតី ក្លាយជាប្រធានាធិបតីដែលជាអ្នកបួសដំបូងគេរបស់អ៊ីរ៉ង់។
នៅឆ្នាំ ១៩៨៩ មរណភាពរបស់លោក ខូមេនី គឺជាចំណុចរបត់។ ក្រុមប្រឹក្សាកែសម្រួលរដ្ឋធម្មនុញ្ញបានតែងតាំងលោក ខាមេនី ជំនួសវិញ ទោះបីជាពេលនោះលោកមិនទាន់មានឋានៈជា “ហ៊ូហ្សាតូលែស្លាម” ដែលជាឋានៈខ្ពស់នៃអ្នកបួសស៊ីអ៊ីតក៏ដោយ។ ដំបូងឡើយ លោកបានមានប្រសាសន៍ថា លោកមិនស័ក្តិសមនឹងតំណែងនេះទេ ហើយវានឹងក្លាយជាការដឹកនាំបែបនិមិត្តរូបប៉ុណ្ណោះ ប៉ុន្តែការដឹកនាំរបស់លោកបានបង្ហាញឱ្យឃើញថាលើសពីនិមិត្តរូបទៅទៀត។
៤. យុទ្ធសាស្ត្រនៃការតស៊ូ និងជម្លោះចុងក្រោយ
ដើម្បីសន្តិសុខរបស់អ៊ីរ៉ង់ លោក ខាមេនី បានបង្កើតបណ្តាញទំនាក់ទំនងតាមរយៈភ្នាក់ងារ និងការផ្ទេរចំណេះដឹងអាវុធទៅកាន់ក្រុមសម្ព័ន្ធមិត្តក្រៅប្រទេស ដែលហៅថា “អ័ក្សនៃការតស៊ូ” រួមមានក្រុមហេសបូឡោះ ក្រុមហាម៉ាស , និងក្រុមហ៊ូទី ជាដើម។
ទោះជាយ៉ាងណាក៏ដោយ សម្ព័ន្ធភាពនេះបានចាប់ផ្តើមចុះខ្សោយបន្ទាប់ពីសង្គ្រាមនៅហ្គាហ្សាឆ្នាំ ២០២៣ និងការដួលរលំនៃរបបលោក បាសារ អាល់អាសាដ នៅស៊ីរីក្នុងឆ្នាំ ២០២៤។ នៅខែមិថុនា ឆ្នាំ ២០២៥ អ៊ីស្រាអែលបានបើកការវាយប្រហារយ៉ាងខ្លាំងក្លាលើអ៊ីរ៉ង់ ដែលនាំទៅដល់សង្គ្រាមពេញទំហឹង។
នៅចុងឆ្នាំ ២០២៥ អ៊ីរ៉ង់បានជួបប្រទះនឹងការតវ៉ាយ៉ាងខ្លាំងនៅទូទាំងប្រទេស ដោយសារតែបញ្ហាសេដ្ឋកិច្ច និងការធ្លាក់ចុះនៃតម្លៃប្រាក់ ដែលនាំទៅដល់ការបង្ក្រាបយ៉ាងបង្ហូរឈាម។ ការចរចាជាមួយសហរដ្ឋអាមេរិកដើម្បីបន្ធូរបន្ថយការដាក់ទណ្ឌកម្មបានបរាជ័យដោយសារអ៊ីរ៉ង់មិនព្រមបោះបង់កម្មវិធីមីស៊ីល និងការគាំទ្រក្រុមភ្នាក់ងាររបស់ខ្លួន។

ទីបំផុត ការវាយប្រហារនៅថ្ងៃទី ២៨ ខែកុម្ភៈ (ឆ្នាំ ២០២៦) បានធ្វើឱ្យលោក ខាមេនី បាត់បង់ជីវិត ដែលជាការបញ្ចប់យុគសម័យកាន់តំណែងកំពូលដ៏វែងឆ្ងាយ នៃមេដឹកនាំរូបនេះទៅលើប្រទេសអ៊ីរ៉ង់ សរុប៤៥ឆ្នាំ រាប់ចាប់ពីឆ្នាំ១៩៨៦មក៕

