សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី៦ខែមីនាឆ្នាំ២០២៦នេះ បានគាំទ្រការរៀបចំនគរសង្ក្រាន្តរបស់សហភាពសហព័ន្ធយុវជនកម្ពុជា នាពេលខាងមុខ និងបានបញ្ជាក់ថា ការរៀបចំឲ្យមានព្រឹត្តិការណ៍មិនមែនន័យថា រាជរដ្ឋាភិបាលចង់បង្វែរចំណាប់អារម្មណ៍របស់ប្រជាជនពីស្ថានការណ៍ជម្លោះព្រំដែននិងបញ្ហាជនភៀសសឹកនោះឡើយ។
ការបញ្ជាក់របស់សម្តេចធិបតីយ៉ាងដូច្នេះធ្វើឡើងនាឱកាសដែលសម្តេចអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្ដរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ការបញ្ជាក់យ៉ាងដូច្នេះរបស់សម្តេចធិបតីគឺបន្ទាប់ពីការលើកឡើងថា ការរៀបចំព្រឹត្តិការណ៍អបអរសង្ក្រាន្តឆ្នាំថ្មីនាពេលខាងមុខនេះ គឺរាជរដ្ឋាភិបាលមានចេតនាបង្វែរការចាប់អារម្មណ៍របស់ប្រជាជនពីបញ្ហាជម្លោះព្រំដែនដែលនៅតែមិនទាន់ដោះស្រាយចប់ ហើយនៅមានជនភៀសសឹកបន្តស្នាក់នៅក្នុងជំរុំសុវត្ថិភាពរាប់ម៉ឺននាក់នៅឡើយនោះ។

សម្តេចធិបតី បានលើកឡើងជាសំណួរថា តើការរៀបចំព្រឹត្តិការណ៍អបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ តើជាការខុសដែរឬយ៉ាងណា? ជាមួយគ្នានេះ សម្តេចថា ព្រឹត្តិការណ៍អបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ គឺជាព្រឹត្តិការណ៍បង្ហាញ នូវស្មារតីសាមគ្គីភាព និងបង្ហាញនូវវប្បធម៌ប្រពៃណីជាតិ។ សម្តេចបានណែនាំឲ្យមានការរៀបចំរថយន្តពន្លត់អគ្គិភ័យបាញ់ទឹក ឬក៏មានការប៉ាតម្សៅដូចបណ្តាឆ្នាំកន្លែងទៅនោះឡើយ ។
សម្តេចប្រមុខរាជរដ្ឋាភិបាលបានថ្លែងសង្កត់ធ្ងន់ថា រឿងជាតិទឹកដី និងរឿងកងទ័ព គឺគ្មានថ្ងៃដែលរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋភ្លេចនោះឡើយ។ សម្តេចបានណែនាំឲ្យមានរៀបចំរូបភាពបង្ហាញពីវីរភាពរបស់យុទ្ធជនដាក់តាំងនៅតាមស្តង់នានា ក្នុងព្រឹត្តិការណ៍នោះផងដែរ។
ក្នុងនោះសម្តេចបានបញ្ជាក់ដែរ រាល់ចំណូលបានពីព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នឹងយកទៅជួយដល់កងទ័ព និងជនភៀសសឹក៕




អត្ថបទ៖ត្រយង
