ខណៈដែលមានការបារម្ភអំពីការហក់ឡើងនៃតម្លៃប្រេងឥន្ទនៈនៅលើពិភពលោកដែលបានបណ្តាលមកពីសង្គ្រាមផ្ទុះឡើងនៅអ៊ីរ៉ង់នោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំក្រសួងពាណិជ្ជកម្ម ក្រសួងរ៉ែនិងថាមពល ព្រមទាំងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមដានឱ្យបានជាប់លាប់រឿងតម្លៃប្រេងឥន្ធនៈ។ ជាមួយនឹងការណែនាំនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈនានា កុំដំឡើងថ្លៃ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញបិទសន្និបាតអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦។

សម្តេចថ្លែងយ៉ាងដូច្នេះថា «ក្រសួងពាណិជ្ជកម្ម ក្រសួងរ៉ែនិងថាមពល ព្រមទាំងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមដានឱ្យបានជាប់ ទៅលើទិន្នន័យ និងការប្រែប្រួលប្រេង»។ក្នុងនោះការតាមដានត្រូវធ្វើលើការពិនិត្យមើលបរិមាណប្រេង ដែលត្រូវគ្រប់គ្រងនៅក្នុងប្រទេស​ និងការគ្រប់គ្រងលើតម្លៃ ដោយសម្តេចបញ្ជាក់ថា មានស្ថានីយ៍ខ្លះដំឡើងតម្លៃប្រេងហើយ។

ក្រសួងពាណិជ្ជកម្ម តាមរយៈ​អ្នកនាំពាក្យ​របស់​ខ្លួន នៅ​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២៦ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ សូម​មេត្តា​ប្រើប្រាស់​ប្រេងឥន្ធនៈ​ដោយ​សន្សំសំចៃ ខណៈ​តម្លៃ​ប្រេង​ចាប់ផ្តើម​កើនឡើង ដោយសារ​ការ​ផ្ទុះ​សង្គ្រាម​នៅ​តំបន់​ដើម​បូព៌ា បណ្តាល​ឱ្យកាត់​ផ្តាច់​នូវ​ការ​ផ្គត់ផ្គង់​ប្រេង៕

អត្ថបទ៖ត្រយង

Share.