[ភ្នំពេញ]៖ ក្នុងស្មារតីបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងជំរុញប្រសិទ្ធភាពការងារសន្តិសុខសង្គម ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរខណ្ឌទាំង ១៤ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវបន្តយុទ្ធនាការត្រួតពិនិត្យ និងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យអស់ពីមូលដ្ឋានដូចភ្លៀងរលឹម។

ការណែនាំនេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារបង្ក្រាប និងបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នាព្រឹកថ្ងៃសៅរ៍ ទី០៧ ខែមីនា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ។

កុំ “សន្តិភាព” នឹងបទល្មើស៖ ត្រូវមានស្មារតីប្រុងប្រយ័ត្នជានិច្ច

ឯកឧត្ដមអភិបាលបានសង្កត់ធ្ងន់ថា អាជ្ញាធរមិនត្រូវមានមោទនភាពពេក ឬគិតថាបទល្មើសទាំងនេះអស់ពីមូលដ្ឋាននោះឡើយ។ ឯកឧត្ដមបានមានប្រសាសន៍ថា៖

“កុំសន្តិភាពថា បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអស់ហើយពីក្នុងមូលដ្ឋានឱ្យសោះ ពួកគេអាចជ្រកនៅទីតាំងដែលយើងនឹកស្មានមិនដល់។”

តាមផែនការរបស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកំណត់ឱ្យបោសសម្អាតបទល្មើស Online Scams ឱ្យអស់នៅពាក់កណ្តាលខែមីនា ឆ្នាំ២០២៦ ដែលមានន័យថាយើងនៅសល់ពេលត្រឹមតែ ១សប្តាហ៍ទៀតប៉ុណ្ណោះ ដើម្បីសម្រេចគោលដៅនេះ។

វិធានការសំខាន់ៗ និងទិសដៅការងារ៖

  • ការត្រួតពិនិត្យដូចភ្លៀងរលឹម៖ បន្តបង្ក្រាបមិនត្រឹមតែ Online Scams ប៉ុណ្ណោះទេ ប៉ុន្តែត្រូវបោសសម្អាតទាំងល្បែងស៊ីសងគ្រប់ប្រភេទ និងគ្រឿងញៀន ដើម្បីបង្កភាពកក់ក្តៅជូនប្រជាពលរដ្ឋ។
  • ការយកចិត្តទុកដាក់លើតំបន់ស្នាក់នៅប្រមូលផ្តុំ៖ អាជ្ញាធរខណ្ឌ (ពិសេសខណ្ឌកំបូល មានជ័យ ពោធិ៍សែនជ័យ ដង្កោ និងដូនពេញ) ត្រូវចុះសួរសុខទុក្ខកម្មករនៅតាមផ្ទះជួល និងពិនិត្យមើលសកម្មភាពសង្ស័យដែលអាចបង្កប់បទល្មើស Online Scams។
  • សុវត្ថិភាពក្នុងប្រតិបត្តិការ៖ រាល់ការចុះបង្ក្រាបត្រូវធ្វើឡើងដោយភាពម៉ត់ចត់ និងប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីជៀសវាងគ្រោះថ្នាក់ដែលកើតចេញពីការធ្វេសប្រហែស។

កម្ពុជាទទួលយកតែ “សេដ្ឋកិច្ចពណ៌ស”

ឯកឧត្ដម ឃួង ស្រេង ក៏បានរំលឹកពីអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានប្រកាសយ៉ាងច្បាស់ថា កម្ពុជាដាច់ខាតមិនទទួលយកសេដ្ឋកិច្ចពណ៌ប្រផេះ ឬពណ៌ខ្មៅឡើយ។ រាជរដ្ឋាភិបាលបានប្ដេជ្ញាចិត្តបោសសម្អាតបទល្មើស Online Scams ឱ្យអស់ត្រឹមខែមេសា ឆ្នាំ២០២៦ ហើយសកម្មភាពនេះនឹងត្រូវបន្តធ្វើជាប្រចាំ មិនមែនបញ្ចប់ត្រឹមឱកាសបុណ្យចូលឆ្នាំនោះទេ។

ជាទីបញ្ចប់ ឯកឧត្ដមអភិបាលរាជធានី បានធ្វើការកោតសរសើរដល់កងកម្លាំងនគរបាល កងរាជអាវុធហត្ថ និងអាជ្ញាធរខណ្ឌទាំងអស់ ដែលបានខិតខំប្រឹងប្រែងកន្លងមក និងបានជំរុញឱ្យបន្តដើរលើផ្លូវត្រូវនេះ ដើម្បីប្រែក្លាយរាជធានីភ្នំពេញឱ្យទៅជា “តំបន់ស” ដែលគ្មានបទល្មើសបច្ចេកវិទ្យា និងគ្រឿងញៀន៕

អត្ថបទ៖ត្រយង

Share.