កណ្តាល៖ ក្មេងប្រុសស្រីមួយក្រុម ក្នុងនោះមានក្មេងស្រី៣នាក់នាំគ្នាចុះហែលទឹកស្រះលេង ស្រាប់តែក្មេងស្រីម្នាក់លង់លិចបាត់ខ្លួន ចំណែក២នាក់ទៀតពលរដ្ឋឃើញជួយសង្គ្រោះបាន បង្កឱ្យភ្ញាក់ផ្ញើល កាលពីវេលាម៉ោង៩និង៥០នាទីព្រឹក ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ នៅស្រះទឹកមួយកន្លែងក្នុងភូមិត្នោតមួយដើម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ក្មេងស្រីបាត់ខ្លួនមានឈ្មោះ ទីន អ៉ីនាង អាយុ១៣ឆ្នាំ ជាសិស្សថ្នាក់ទី៦ ស្នាក់នៅភូមិឃុំកើតហេតុ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ ក្មេងមួយក្រុមមានគ្នា៧ទៅ៨នាក់ ដើរទៅលេងមាត់ស្រះចំណុចកើតហេតុ ហើយក៏មានក្មេងស្រី៣នាក់ ចុះហែលទឹកស្រះលេង ស្រាប់តែក្មេងស្រីរងគ្រោះ រអិលជើងទៅកន្លែងជ្រៅ បណ្តាលឱ្យលង់លិចបាត់ខ្លួនក្នុងទឹក ផ្អើលពលរដ្ឋឃើញរត់ចុះទៅជួយចាប់បានតែ២នាក់។
ហេតុការណ៍ខាងលើបង្កឱ្យភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ អ្នកភូមិ សមត្ថកិច្ចចុះរាវរកតែមិនឃើញ ហើយបានស្នើសុំកម្លាំងទ័ពពិសេសឆ័ត្រយោង៩១១ ឱ្យជួយអន្តរាគមន៍មុជរាវរក ខណៈដែលទឹកស្រះជារណ្តៅដីចាស់ មានជម្រៅជ្រៅ។

កម្លាំងរបស់អង្គភាពទ័ពពិសេសឆ័ត្រយោង៩១១ រកឃើញសពក្មេងស្រី នៅវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃដដែល ស្រង់ឡើងគោកឱ្យសមត្ថកិច្ចជំនាញ ពិនិត្យកោសល្យវិច័យ រួចប្រគល់ជូនក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ តាតុងសែនជ័យ

