កំពង់ស្ពឺ៖ មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ប្រចាំការនៅក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ «គិរីរម្យ» បានបង្កើនការចុះល្បាត និងអនុវត្តច្បាប់ ដោយបង្ក្រាបបទល្មើសបរិស្ថានបានចំនួន ៤ករណីផ្សេងគ្នា ក្នុងថ្ងៃតែមួយ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ដើម្បីទប់ស្កាត់ការទន្ទ្រានដី ការសាងសង់ខុសច្បាប់ និងការបរបាញ់សត្វព្រៃក្នុងតំបន់ការពារធម្មជាតិ។

ក្នុងប្រតិបត្តិការមួយ កម្លាំងឧទ្យានុរក្សបានបង្ក្រាបសកម្មភាពកាប់ គាស់ និងឈូសឆាយដីខុសច្បាប់នៅតំបន់ក្រោយមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក ក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ដោយបានដកហូតអេស្កាវ៉ាទ័រ ១គ្រឿង ដែលប្រើប្រាស់សម្រាប់គាស់កាយ និងឈូសឆាយដីធ្វើផ្លូវដោយគ្មានការអនុញ្ញាត។
ដោយឡែក កម្លាំងឧទ្យានុរក្សក៏បានរកឃើញ និងដកកម្ទេចបង្គោលរបងចំនួន ៥១បង្គោល ដែលជនមិនស្គាល់អត្តសញ្ញាណបានបោះហ៊ុមព័ទ្ធដីរដ្ឋប្រមាណ ០,៨០ហិកតា ក្នុងគោលបំណងយកធ្វើជាកម្មសិទ្ធិខុសច្បាប់។នៅទីតាំងចម្ការតែចំនួន២កន្លែងផ្សេងទៀត ក្រុមការងារបានរុះរើរោងដែកដែលសាងសង់ដោយគ្មានការអនុញ្ញាត និងដកកម្ទេចបង្គោលរបងថ្មចំនួន ៣៥បង្គោល ដែលត្រូវបានបោះហ៊ុមព័ទ្ធលើដីព្រៃក្នុងតំបន់ការពារធម្មជាតិ។

ជាមួយគ្នានេះ មន្ត្រីឧទ្យានុរក្សក៏បានចុះដោះអន្ទាក់សត្វព្រៃចំនួន ១៥ខ្សែ នៅចំណុចអូរកោះមាន់ ក្នុងឃុំយាយម៉ៅពេជ្រនិល ដោយប្រទះឃើញសត្វស្វា ១ក្បាលងាប់ជាប់អន្ទាក់។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវស្វែងរកអ្នកប្រព្រឹត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ សកម្មភាពនេះ គឺជាផ្នែកមួយនៃការរឹតបន្តឹងការអនុវត្តច្បាប់ និងការការពារធនធានធម្មជាតិនៅឧទ្យានជាតិគិរីរម្យ ដោយផ្តោតលើការទប់ស្កាត់បទល្មើសទន្ទ្រានដីព្រៃ កាប់ឈើ និងបរបាញ់សត្វព្រៃ៕
អត្ថបទ៖ត្រយងតូច

