ខណៈដែលរបាយការណ៍ព័ត៌មានចេញផ្សាយដោយកាសែត The Nation Thailand អំពីសម័ន្ធមិត្តអាមេរិកបានស្នើសុំឱ្យថៃបើកដៃឱ្យប្រើប្រាស់ដែនដីខ្លួន ជាពិសេសតំបន់ទ័ពអាកាសយានដ្ឋានអ៊ូតាផៅនៅក្នុងខេត្តរ៉យ៉ុង ជាមូលដ្ឋានយោធាសម្រាប់ធ្វើសង្គ្រាមទៅលើប្រទេសអ៊ីរ៉ង់ រំលងបាន២ថ្ងៃស្រាប់តែព្រឹត្តិការណ៍បង្ហូរឈាមស្រស់ៗនៅភាគខាងត្បូងបានផ្ទុះឡើង បង្កជាមន្ទិលសង្ស័យអំពីស្ថិរភាពសន្តិសុខក្នុងប្រទេសថៃ ស្របគ្នានឹងស្ថានភាពសង្គ្រាមនៅមជ្ឈិមបូព៌ានៅតែក្ដៅគគុកនិងមិនទាន់មានច្រកចេញ។
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមទើបតែតាមដានយ៉ាងដិតដល់ពីរបាយការណ៍របស់កាសែត The Nation Thailand ដែលបានផ្សាយព័ត៌មានដ៏រសើបបំផុតមួយនៅថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៦ គឺជំនួបរវាងលោក Sean K. O’Neil ឯកអគ្គរាជទូតអាមេរិកប្រចាំប្រទេសថៃ ទើបតែបានចូលជួបសន្ទនាជាមួយនឹងនាយករដ្ឋមន្ត្រីថៃ លោក អនុទិន ឆានវីរៈកុល កាលពីថ្ងៃទី ៤ ខែមីនា កន្លងទៅ ដើម្បីស្នើសុំទីតាំងអាកាសយានដ្ឋានអ៊ូតាផៅ ដែលជាតំបន់យុទ្ធសាស្ត្រយោធា។ ទោះបីជារដ្ឋាភិបាលថៃបានចេញមុខប្រតិកម្មដោយប្រយ័ត្នប្រយែង ដោយលោក សីហសក្តិ ភួងកេតកែវ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានអះអាងថា ការស្នើសុំនេះគ្រាន់តែជាកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខធម្មតា ដូចជាការអនុញ្ញាតឱ្យឆ្លងដែនអាកាស ឬចាក់ប្រេងប៉ុណ្ណោះ ប៉ុន្តែការបកស្រាយនេះមិនទាន់អាចបំបាត់ការងឿងឆ្ងល់របស់មហាជន និងអ្នកជំនាញថៃបានឡើយ។
អ្នកវិភាគថៃជាច្រើនបានលើកឡើងថា ភាសារបស់រដ្ឋាភិបាលថៃមិនខុសអីឆ្មាលាក់ក្រចកដែលមិនបានបញ្ជាក់ចំៗថា បដិសេធចំពោះសំណើរបស់សហរដ្ឋអាមេរិកយ៉ាងដាច់ខាត និងអះអាងទទួលស្គាល់ ដូច្នេះវាពិតណាស់ថា ករណីសុំប្រើប្រាស់ព្រលានយន្តហោះនេះគឺជារឿងអាចទៅរួចបាត់ទៅហើយ។ ផ្ទុយទៅវិញ គេសង្កេតឃើញថាមានការបង្វែរស្ថានការដោយលើកឡើងអំពីការការពារផលប្រយោជន៍ប្រជាជនថៃជាង ១០ ម៉ឺននាក់ ដែលកំពុងរស់នៅមជ្ឈិមបូព៌ា និងរឿងការប្រកាន់ខ្ជាប់នូវគោលការណ៍ការទូតដោយសន្តិវិធីប៉ុណ្ណោះ។
ការណ៍នេះធ្វើឱ្យមានការងឿងឆ្ងល់ថា តើថៃកំពុងលូកដៃកាន់តែជ្រៅនិងអនុញ្ញាតឱ្យប្រើប្រាស់ទឹកដីរបស់ខ្លួនដោយប្រយោលក្នុងសង្គ្រាមនៅមជ្ឈិមបូព៌ាឬយ៉ាងណា? នៅពេលដែលបញ្ហានេះកំពុងផ្សាយព្រោងព្រាត និងបង្កការព្រួយបារម្ភក្នុងឆាកនយោបាយថៃ និងអន្តរជាតិ ស្រាប់តែនៅភាគខាងត្បូងប្រទេសថៃ តំបន់ដែលធ្លាប់ឆេះឆួលដោយសារជម្លោះបំបែកខ្លួន ពីក្រុមអ្នកទាមទារឯករាជ្យ ក៏បានផ្ទុះហិង្សាឡើងវិញជាថ្មី។ តាមកាសែត Khaosod បាននៅព្រឹកថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២៦ ថា មានករណីបាញ់ប្រហារដ៏សាហាវមួយបានកើតឡើងនៅស្រុករ៉ាម៉ាន់ ខេត្តយៈឡា។ ក្រុមខ្មាន់កាំភ្លើងចំនួន ៣ នាក់ ដែលត្រូវបានគេជឿថាជាក្រុមឧទ្ទាមផ្ដាច់ខ្លួនទាមទារឯករាជ្យ បានសម្រុកចូលទៅបាញ់ប្រហារបុរសម្នាក់ឈ្មោះ Royali Hamah ដែលជាអនុភូមិដល់មុខផ្ទះរបស់លោកតែម្ដង។
ហេតុការណ៍បាញ់សម្លាប់ឆៅៗនេះ មិនត្រឹមតែផ្ដាច់ជីវិតមន្ត្រីមូលដ្ឋានម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែក្រុមឧទ្ទាមផ្ដាច់ខ្លួនទាមទារឯករាជ្យទាំងនោះបានប្លន់យកកាំភ្លើងវែងប្រភេទ M16 និងកាំភ្លើងខ្លី ៩ មីលីម៉ែត្រ របស់រាជការទៅជាមួយថែមទៀតផង។ វាជាសញ្ញាបង្ហាញថា ក្រុមទន្ទាមនៅភាគខាងត្បូងប្រទេសថៃនៅតែមានឥទ្ធិពល និងត្រៀមខ្លួនជានិច្ចក្នុងការបង្កសង្គ្រាមទ័ពព្រៃ បង្កើនភាពភ័យខ្លាចដល់មន្ត្រីអាជ្ញាធរ និងប្រជាពលរដ្ឋក្នុងតំបន់។ សម្រាប់រដ្ឋាភិបាលថៃ ក្រុមបំបែករដ្ឋនេះប្រៀបបាននឹងគ្រោះក្នុងកែវភ្នែក ដែលបង្កឱ្យមានផលប៉ះពាល់ ប៉ុន្តែមិនទាន់អាចរកវិធីឆ្កឹះចេញបាន។
ដូច្នោះហើយ អ្នកឃ្លាំមើលព្រឹត្តិការណ៍បានចោទជាសំណួរថា តើព្រឹត្តិការណ៍ទាំងពីរខាងលើនេះមានទំនាក់ទំនងគ្នាដែរឬទេ? នៅក្នុងបរិបទនយោបាយប្រទេសថៃ នៅពេលថៃចាប់ផ្ដើមបង្ហាញភាពជិតស្និទ្ធខ្លាំងជាមួយអាមេរិកក្នុងប្រតិបត្តិការយោធាប្រឆាំងប្រទេសមូស្លីមដូចជាអ៊ីរ៉ង់ នោះវាអាចនឹងក្លាយជាឈ្នាន់មួយដែលក្រុមឧទ្ទាមផ្ដាច់ខ្លួននៅភាគខាងត្បូងយកមកធ្វើជាលេសដើម្បីបង្កើនសកម្មភាពវាយប្រហាររបស់ខ្លួន។
ការបាញ់សម្លាប់មន្ត្រីអាជ្ញាធរឆៅៗដល់ក្នុងផ្ទះក្នុងពេលដ៏រសើបបែបនេះ អាចត្រូវបានគេមើលឃើញថា ជាការផ្ញើសារព្រមានដល់រដ្ឋាភិបាលថៃ ឱ្យប្រុងប្រយ័ត្នចំពោះការសម្រេចចិត្តជ្រៀតជ្រែកក្នុងជម្លោះអន្តរជាតិ ដែលអាចប៉ះពាល់ដល់សន្តិសុខផ្ទៃក្នុងជាតិខ្លួនឯង។ តើនេះគឺជាសញ្ញាព្រមាន ថៃកុំឱ្យចេះតែលូកដៃចូលជ្រៅទៅក្នុងជម្លោះនៅមជ្ឈិមបូព៌ាឬយ៉ាងណា? ព្រោះកន្លងមកក៏ធ្លាប់មានព័ត៌មានបែកធ្លាយដែរថា ជើងហោះហើរថៃបានដឹកអាវុធពីអ៊ីស្រាអែល និងដឹកដ្រូនឱ្យទៅអ៊ុយក្រែនផងដែរ៕

