ក្រចេះ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ បានជូនដំណឹងស្តីពីផ្អាកបិទចរាចរណ៍យានយន្តធុនធំគ្រប់ប្រភេទ ដែលមានទម្ងន់ផ្ទុកសរុបចាប់ពី ១៥តោនឡើងទៅ មិនឱ្យធ្វើចរាចរណ៍លើកំណាត់ផ្លូវខេត្តលេខ៣៧១ (ឆ្លូង-រកាខ្នុរ) ចាប់ពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ តទៅ ដើម្បីអនុវត្តគម្រោងស្ថាបនាស្ពានព្រែកសំរោងឡើងវិញ។

ការបិទចរាចរណ៍នេះ ធ្វើឡើងដោយសារក្រុមការងារត្រូវរុះរើស្ពានដែកបេឡេត៍ចាស់ និងសាងសង់ស្ពានថ្មីជាបេតុងសរសៃដែក ដែលមានប្រវែង ១៨ម៉ែត្រ និងទទឹង ១០,៩ម៉ែត្រ ស្ថិតក្នុងឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ។
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ បានបញ្ជាក់ថា ផ្លូវវាងការដ្ឋានមានប្រវែងប្រមាណ ៤គីឡូម៉ែត្រ ជាផ្លូវលំក្រាលដីល្បាយថ្ម មានទទឹងតូច និងគ្រឹះមិនរឹងមាំ មិនអាចទ្រទម្ងន់រថយន្តធុនធំបាន។ ដូច្នេះ រថយន្តដឹកទំនិញធុនធំ ត្រូវបង្វែរទិសដៅធ្វើដំណើរតាមផ្លូវជាតិលេខ៧៣ (ឆ្លូង-ប្រធាតុ) ជំនួសវិញ។ ដោយឡែក រថយន្តធុនតូច រថយន្តទេសចរណ៍ រថយន្តលក្ខណៈគ្រួសារ រថយន្តដឹកទំនិញធុនតូច ម៉ូតូ និងកង់ អាចធ្វើចរាចរណ៍តាមផ្លូវវាងប្រវែង ៤គីឡូម៉ែត្រ ដែលក្រុមការងារបានដាក់ស្លាកសញ្ញាបង្ហាញទិសដៅរួចរាល់។
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ ក៏បានអំពាវនាវដល់សាធារណជន និងអ្នកធ្វើដំណើរទាំងអស់ មេត្តាយោគយល់ និងអធ្យាស្រ័យ ចំពោះការបិទចរាចរណ៍នេះ រហូតដល់ការដ្ឋានស្ថាបនាស្ពានព្រែកសំរោងបានបញ្ចប់ជាស្ថាពរ។
អត្ថបទ៖ ចតុម្មុខ

