ក្នុងបរិបទដែលការផ្គត់ផ្គង់ប្រេងឥន្ធនៈកំពុងស្ថិតក្រោមសម្ពាធយ៉ាងខ្លាំង ដោយសារតែភាពមិនស្ថិតស្ថេរនិងភ្លើងសង្គ្រាមកំពុងឆាបឆេះនៅតំបន់មជ្ឈិមបូព៌ា ប្រទេសហ្វីលីពីន និងប្រទេសវៀតណាម បានបោះជំហានមុនគេនិងលឿនជាងគេ នៅក្នុងការរកដំណោះស្រាយ ដើម្បីទប់ទល់នឹងបញ្ហា ក៏ដូចជារិះរកវិធីសាស្ត្រនិងយុទ្ធសាស្ត្រដើម្បីជួយសន្សំសំចៃប្រេងឥន្ធនៈ។ សមាជិកសភាហ្វីលីពីន និងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម សុទ្ធតែបានចេញមកជំរុញ និងណែនាំលើកទឹកចិត្តឱ្យរដ្ឋាភិបាល វិស័យឯកជននិងក្រុមហ៊ុននានា អនុញ្ញាតឱ្យបុគ្គលិកធ្វើការពីចម្ងាយ និងពង្រីកការប្រើប្រាស់ការធ្វើការពីផ្ទះ។

មុនគេបង្អស់សមាជិកព្រឹទ្ធសភា ហ្វីលីពីន លោក Joel J. Villanueva បានមានប្រសាសន៍ថា ការពង្រីកការធ្វើការពីផ្ទះ ឬការរៀបចំការងារដែលអាចបត់បែនបាន នឹងអាចការពារកម្មករហ្វីលីពីនពីការកើនឡើងនៃតម្លៃប្រេងសកល និងកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ។ ចំណែកសមាជិកព្រឹទ្ធសភា លោក Sherwin T. Gatchalian ប្រធានគណៈកម្មាធិការហិរញ្ញវត្ថុ បានស្នើឱ្យអនុវត្តការធ្វើការ ៤ ថ្ងៃក្នុងមួយសប្តាហ៍ ដោយទុក ១ ថ្ងៃសម្រាប់ធ្វើការពីផ្ទះ ដែលលោកយល់ថាអាចកាត់បន្ថយបន្ទុករបស់ប្រជាជន និងសន្សំសំចៃថាមពល។

ត្បិតគាំទ្រឱ្យមានការជ្រើសរើសគោលការណ៍៤ថ្ងៃ ដើម្បីកាត់បន្ថយបន្ទុក ប៉ុន្តែតំណាងរាស្ត្រម្នាក់បានលើកឡើងថា ក្រុមហ៊ុនមិនអាចយកលេសនេះមកកាត់ប្រាក់ខែរបស់បុគ្គលិកនោះឡើយ ខណៈដែលមតិខ្លះលើកឡើងថាធ្វើការនៅកន្លែង៤ថ្ងៃ និងនៅផ្ទះ១ថ្ងៃ។ ប៉ុន្តែការធ្វើការងារដែលបានកំណត់នេះមិនគ្របដណ្ដប់ឬប្រហែលជាមិនអាចអនុវត្តការធ្វើការពីផ្ទះបានពេញលេញ លើគ្រប់អាជីវកម្មឡើយ ដូចជា វិស័យសុខាភិបាល វិស័យសំណង់ និងវិស័យផលិតកម្ម (រោងចក្រ) ព្រោះបើកើតមានបញ្ហាអ៊ីនធឺណិតខ្សោយ និងកង្វះឧបករណ៍បច្ចេកទេស ក៏អាចធ្វើឱ្យផលិតភាពការងារធ្លាក់ចុះផងដែរ។

យ៉ាងណាមិញ មេដឹកនាំសហជីពបានសង្កត់ធ្ងន់ថា និយោជកត្រូវតែជាអ្នកទទួលខុសត្រូវលើការចំណាយប្រតិបត្តិការ ដូចជាថ្លៃអ៊ីនធឺណិត ថ្លៃអគ្គិសនី និងសម្ភារៈការងារផ្សេងៗ ដោយមិនត្រូវទម្លាក់បន្ទុកទាំងនេះទៅលើស្មារបស់បុគ្គលិកនោះឡើយ។

ចំណែកប្រទេសវៀតណាមវិញ កាលពីថ្ងៃទី៩ ខែមីនា ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម បានវាយតម្លៃថា ហានិភ័យនៃការខ្វះខាតប្រេងឥន្ធនៈអាចនឹងកើតឡើងជាបណ្តោះអាសន្ននៅតាមតំបន់មួយចំនួន ទោះបីជាវៀតណាមមានរោងចក្រចម្រាញ់ប្រេងចំនួនពីរ (Nghi Son និង Binh Son) ក៏ដោយ ក៏នៅតែមានការអាស្រ័យផលខ្លាំងលើការនាំចូលពីខាងក្រៅដែរ។

ក្រសួងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនអនុញ្ញាតឱ្យបុគ្គលិកធ្វើការពីចម្ងាយនៅពេលដែលអាចធ្វើទៅបាន ដើម្បីកាត់បន្ថយតម្រូវការធ្វើដំណើរ។ ខណៈដែលពលរដ្ឋក៏ត្រូវបានសំណូមពរឱ្យកាត់បន្ថយការប្រើប្រាស់យានយន្តផ្ទាល់ខ្លួន លើកទឹកចិត្តឱ្យជិះរថយន្តរួមគ្នា ឬប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ។ ប្រជាពលរដ្ឋត្រូវពន្លត់ម៉ាស៊ីនពេលឈប់យូរ ជៀសវាងការជាន់ហ្គែរភ្លាមៗ និងថែទាំយានយន្តឱ្យបានទៀងទាត់។ លើសពីនេះ អាចពិចារណាប្រើប្រាស់ឥន្ធនៈជីវសាស្ត្រ (E5, E10)។

Share.