កណ្តាល៖ ជនសង្ស័យម្នាក់ត្រូវបាននគរបាលស្រុកអង្គស្នួលឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបលុយកម្មការនីម្នាក់ ខណៈដែលកំពុងដើរចូលរោងចក្រ កាលពីវេលាម៉ោង១១និង៥៥នាទីព្រឹក ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នៅក្នុងភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនសង្ស័យឈ្មោះ ឈឺន សុខនាង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិពាម ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ចំណែកជនរងគ្រោះ ឈ្មោះ សយ ហ៊ុននី ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរកម្មការនីរោងចក្រ រស់នៅភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។

តាមនគរបាលបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះវិលមកពីហូបបាយនៅផ្ទះវិញ ដើរថ្មើរជើងសំដៅចូលរោងចក្រ ស្រាប់តែជបសង្ស័យជិះម៉ូតូ ម៉ាកនិច ពណ៌ក្រហម-ស ពាក់ស្លាកលេខ កំពង់ស្ពឺ 1I-6519 មកដល់ធ្វើសកម្មភាពឆក់កាបូបលុយ តែមិនបានសម្រេចផ្អើលពលរដ្ឋព័ទ្ធចាប់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច។
ជនសង្ស័យត្រូវបាននាំខ្លួនយកទៅផ្នែកជំនាញ នគរបាលស្រុកអង្គស្នួល ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
អត្ថបទ៖ តាតុងសែនជ័យ

