ភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្រុម «ហាម៉ាស» ដែលជាក្រុមប្រដាប់អាវុធប៉ាលេស្ទីនគាំទ្រដោយអ៊ីរ៉ង់បានអំពាវនាវដល់ប្រទេសអ៊ីរ៉ង់ កុំឱ្យធ្វើការវាយប្រហារលើបណ្តាប្រទេសជិតខាងទន្ទឹមនឹងការប្រកាសគាំទ្រសិទ្ធិរបស់ទីក្រុងតេហេរ៉ង់ក្នុងការឆ្លើយតបទៅនឹងការវាយប្រហារពីសំណាក់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

នេះជាលើកដំបូងហើយដែលក្រុមប្រដាប់អាវុធមួយនេះបញ្ចេញមតិជាសាធារណៈចំពោះគោលនយោបាយរបស់អ៊ីរ៉ង់។ កន្លងមកក្រុមហាម៉ាសតែងតែបង្ហាញសាមគ្គីភាពយ៉ាងស្អិតរមួតជាមួយអ៊ីរ៉ង់ក្នុងអំឡុងពេលសង្គ្រាមប៉ុន្តែបានព្យាយាមជៀសវាងការគំរាមកំហែងសងសឹកណាមួយនៅក្នុងពេលនេះ។

ក្រុមហាម៉ាសបានថ្លែងក្នុងសេចក្តីថ្លែងការណ៍ថា៖ «ខណៈពេលដែលយើង​ គាំទ្រសិទ្ធិរបស់អ៊ីរ៉ង់ក្នុងការឆ្លើយតបទៅនឹងការឈ្លានពាននេះតាមគ្រប់មធ្យោបាយដែលមាន ស្របតាមបទដ្ឋាននិងច្បាប់អន្តរជាតិ យើងក៏សូមអំពាវនាវដល់បងប្អូនរបស់យើងនៅក្នុងប្រទេសអ៊ីរ៉ង់កុំឱ្យវាយប្រហារលើប្រទេសជិតខាងឡើយ។»
ក្រុមហាម៉ាសក៏ បានអំពាវនាវដល់គ្រប់ប្រទេសក្នុងតំបន់និងអង្គការអន្តរជាតិ ឱ្យបញ្ឈប់សង្គ្រាមជាបន្ទាន់ផងដែរ។

រ៉យទ័របានរាយការណ៍បន្ថែមថាអ៊ីស្រាអែល និងក្រុមហាម៉ាសបានព្រមព្រៀងគ្នាបទឈប់បាញ់នៅហ្គាហ្សាដែលមានប្រសិទ្ធភាពតាំងពីខែតុលាប៉ុន្តែបន្ទាប់មកអំពើហិង្សានៅតែបន្តកើតមានជាបន្តបន្ទាប់។

ទោះបីជាការវាយប្រហារលើតំបន់ហ្គាហ្សាបានថយចុះនៅដើមសង្គ្រាមជាមួយអ៊ីរ៉ង់ក៏ដោយប៉ុន្តែក្រោយមកវាបានចាប់ផ្តើមកើនឡើងវិញ។

ទន្ទឹមនឹងនេះដែរក្រុម «ហ៊ីសបូឡាហ៍» ក្នុងប្រទេសលីបង់ដែលគាំទ្រដោយអ៊ីរ៉ង់ បានបើកការបាញ់ប្រហារលើអ៊ីស្រាអែលកាលពីថ្ងៃទី ២ ខែមីនាដើម្បីសងសឹកនឹងការសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់នៅដើមសង្គ្រាម។ បន្ទាប់មកអ៊ីស្រាអែលបានបាញ់ផ្លោងដាក់ប្រទេសលីបង់ និងវាយប្រហារក្រុមហ៊ីសបូឡាហ៍ជាបន្តបន្ទាប់។

ចំណែកឯក្រុម «ហ៊ូទី» ក្នុងប្រទេសយេម៉ែនដែលទទួលបានការគាំទ្រពីអ៊ីរ៉ង់ដូចគ្នាហើយបានបើកប្រតិបត្តិការយោធាលើនាវាដែលពួកគេយល់ថាពាក់ព័ន្ធនឹងអ៊ីស្រាអែលនៅក្នុងសមុទ្រក្រហមក៏បានបង្ហាញសាមគ្គីភាពយ៉ាងខ្លាំងក្លាជាមួយទីក្រុងតេហេរ៉ង់ផងដែរ។ ទោះជាយ៉ាងណាក៏ដោយពួកគេមិនទាន់បានគំរាមកំហែងថានឹងត្រឡប់មកវាយប្រហារម្តងទៀតនោះទេ៕

ប្រភព​​៖ Mizzima News

Share.