បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំបានអំពាវនាវឱ្យបណ្តាប្រទេសសម្ព័ន្ធមិត្តជួយរក្សាសន្តិសុខនៅច្រកសមុទ្រហ័រមូសដោយការបញ្ជូននាវាចម្បាំងទៅកាន់ទីនោះ មកទល់ថ្ងៃទី ១៦ ខែមីនា នេះមានសេចក្តីរាយការណ៍ថា ប្រទេសអូស្ត្រាលី និងជប៉ុន បានប្រកាសថានឹងមិនបញ្ជូននាវាចម្បាំងទៅកាន់ទីនោះឡើយ។នេះបើតាមការផ្សាយដោយសារព័ត៌មាន CNN។

លោកស្រី Catherine King រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនអូស្ត្រាលីបានថ្លែងនៅថ្ងៃទី ១៦ ខែមីនា ថាអូស្ត្រាលីនឹងមិនបញ្ជូននាវាទៅកាន់ច្រកសមុទ្រហ័រមូសនោះទេ។ លោកស្រីបានបញ្ជាក់ថាអូស្ត្រាលីមិនទាន់ទទួលបានសំណើឱ្យបញ្ជូននាវាទៅកាន់ច្រកសមុទ្រ ដែលកំពុងត្រូវបានរារាំងដោយអ៊ីរ៉ង់ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមអស់រយៈពេលជាង ២ សប្តាហ៍មុននោះទេ។
លោកស្រី King បានលើកឡើងថា៖«យើងបានបញ្ជាក់យ៉ាងច្បាស់នូវអ្វីដែលយើងអាចជួយបានតាមសំណើដែលមកទល់ពេលនេះគឺជាមួយសហអារ៉ាប់រួមអេមីរ៉ាត។ ជាការពិតណាស់គឺការផ្តល់យន្តហោះដើម្បីជួយក្នុងការការពារ ជាពិសេសដោយសារមានជនជាតិអូស្ត្រាលីជាច្រើននៅក្នុងតំបន់នោះប៉ុន្តែយើងនឹងមិនបញ្ជូននាវាទៅកាន់ច្រកសមុទ្រហ័រមូសឡើយ។យើងដឹងថាវាមានសារៈសំខាន់កម្រិតណា ប៉ុន្តែវាមិនមែនជាអ្វីដែលយើងត្រូវបានគេស្នើសុំឬជាអ្វីដែលយើងនឹងផ្តល់ជំនួយនោះទេ»។

លោក ត្រាំបានបង្កើនសម្ពាធលើសម្ព័ន្ធមិត្តឱ្យបញ្ជូននាវាទៅកាន់ច្រកសមុទ្រនេះបើទោះបីជាលោកមិនបានស្នើសុំអូស្ត្រាលីដោយផ្ទាល់ក៏ដោយ។ លោក ត្រាំបានមានប្រសាសន៍កាលពីថ្ងៃទី ១៥ ខែមីនា ថា៖ «វាជារឿងសមស្របដែលអ្នកទទួលបានផលប្រយោជន៍ពីច្រកសមុទ្រនេះគួរតែជួយគ្នាថែរក្សាកុំឱ្យមានរឿងអាក្រក់កើតឡើង។ ប្រសិនបើគ្មានការឆ្លើយតបឬមានការឆ្លើយតបក្នុងផ្លូវអវិជ្ជមានខ្ញុំគិតថាវានឹងជះឥទ្ធិពលអាក្រក់ខ្លាំងណាស់ចំពោះអនាគតរបស់អង្គការណាតូ (NATO)»។

ដោយឡែកប្រទេសជប៉ុន ដែលត្រូវបានលោក ត្រាំ បញ្ចេញឈ្មោះចំៗក្នុងសំណើនេះក៏បានបញ្ជាក់នៅថ្ងៃទី ១៦ ខែមីនា ដែរថា ខ្លួននឹងមិនបញ្ជូននាវាចម្បាំងទៅជួយបើកច្រកសមុទ្រហ័រមូស«នៅក្នុងពេលនេះ» ឡើយ។
លោក Koizumi Shinjiro រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនបានថ្លែងទៅកាន់សភាថា៖ «នៅក្នុងស្ថានភាពអ៊ីរ៉ង់បច្ចុប្បន្នយើងមិនទាន់ពិចារណាចាប់ផ្តើមប្រតិបត្តិការរក្សាសន្តិសុខតាមផ្លូវសមុទ្រនៅឡើយទេ»។



ចំណែកលោកស្រី Takaichi Sanae នាយករដ្ឋមន្ត្រីជប៉ុនក៏បានថ្លែងទៅកាន់សភាដែរថាជប៉ុនមិនទាន់មានផែនការបញ្ជូននាវាចម្បាំងទៅការពារនាវាដឹកប្រេងដែលឆ្លងកាត់ច្រកសមុទ្រហ័រមូសនោះទេ។លោកស្រីបានបញ្ជាក់ថា៖ «យើងមិនទាន់សម្រេចចិត្តអ្វីទាំងអស់ទាក់ទងនឹងការបញ្ជូននាវាការពារ។
យើងកំពុងពិចារណាជាបន្តបន្ទាប់នូវអ្វីដែលជប៉ុនអាចធ្វើបានដោយឯករាជ្យនិងអ្វីដែលអាចធ្វើបាននៅក្រោមក្របខ័ណ្ឌច្បាប់។រដ្ឋាភិបាលកំពុងពិចារណាលើវិធីសាស្ត្រឆ្លើយតបដែលចាំបាច់ដើម្បីការពារនាវាដែលពាក់ព័ន្ធនឹងជប៉ុន និងជីវិតរបស់នាវិក»។

