
កាលពីយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ សហព័ន្ធបាល់ទាត់អាហ្រ្វិក ចេញសេចក្តីថ្លែងការណ៍ដកពាន Africa Cup of Nations 2025 ពីក្រុមបាល់ទាត់ជម្រើសជាតិសេណេហ្គាល់ ទៅឲ្យក្រុមជម្រើសជាតិម៉ារ៉ុក ជំនួសវិញ។
មូលហេតុនៃការដកពានក្រោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាហ្វ្រិក បានរកឃើញថាកីឡាកររបស់ក្រុមបាល់ទាត់ជម្រើសជាតិសេណេហ្គាល់ បានដើរចេញពីទីលាន បន្ទាប់ពីមិនពេញចិត្តជុំវិញការសម្រេចរបស់អាជ្ញាកណ្តាល ដែលបានផ្តល់ប៉េណាល់ទី១១ម៉ែត្រ ឲ្យទៅកាន់ម៉ារ៉ុក។
គួរដឹងផងដែរថាក្រុមបាល់ទាត់ជម្រើសជាតិសេណេហ្គាល យកឈ្នះម៉ារ៉ុក ១-០ នៅវគ្គផ្ដាច់ព្រ័ត្រ ក្លាយជាម្ចាស់ជើងឯក នៃពានរង្វាន់ល់ទាត់ធំជាងគេប្រចាំទ្វីបអាហ្វ្រិក Africa Cup of Nations 2025 កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ កន្លងទៅ។
យ៉ាងណាមិញក្រោយទទួលដំណឹងខាងលើខ្សែប្រយុទ្ធ Sadio Mane ប្រធានក្រុមបាល់ទាត់ជម្រើសជាតិសេណេហ្គាល់ បានថ្លែងថា៖«ពិភពលោកដឹងច្បាស់ថានរណាម្ចាស់ជើងឯកពិតប្រាកដ»។
ពានរង្វាន់បាល់ទាត់ធំជាងគេប្រចាំទ្វីបអាហ្វ្រិក Africa Cup of Nations 2025 ដែលប្រទេសម៉ារ៉ុក ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ចាប់ផ្តើមប្រកួតបើកឆាកកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២៥ ហើយបញ្ចប់ទៅវិញគឺនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ដោយមាន២៤ប្រទេសចូលរួម។
ពានរង្វាន់បាល់ទាត់ធំជាងគេប្រចាំទ្វីបអាហ្វ្រិក Africa Cup of Nations ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩៥៧ ស្របពេលក្រុមបាល់ទាត់ជម្រើសជាតិអេហ្ស៊ីប ឈ្នះពាននេះច្រើនជាងសរុប៧ដង ចំណែកឯកាមេរូន ឈ្នះ៥ដង និងហ្គាណា ឈ្នះ៤ដង នីហ្សេរីយ៉ា និងកូតឌីវ័រ បាន៣លើកដូចគ្នា៕


