កាលពីថ្ងៃទី១៧ មីនា ក្រុមហ៊ុនលីគកំពូលកម្ពុជា Cambodian Premier League បានចេញការកំណត់ចំនួនកូតាកីឡាករបរទេស និងកីឡាករទទួលបានសញ្ជាតិខ្មែរ សម្រាប់រដូវកាល ២០២៦/២៧។

ក្នុងនោះឃើញថា ការប្រកួតបាល់ទាត់ជម្រើសជើងឯកលីគបាល់ទាត់កម្ពុជា រដូវកាលថ្មី ២០២៦-២៧ នឹងអនុញ្ញាឱ្យគ្រប់ក្លិបអាចចុះឈ្មោះកីឡាករបរទេសបានចំនួន ៧ នាក់ ដោយមិនកំណត់ថាតើកីឡាករបរទេសទាំង ៧ នាក់់នោះមកពីតំបន់ណាទេ។
សម្រាប់បញ្ជីឈ្មោះចាប់ផ្ដើមការប្រកួត អាចចុះឈ្មោះកីឡាករបរទេស បាន ៦នាក់ ខណ:លេងនៅលើទីលានអាចដាក់កីឡាករបរទេសបាន ៥នាក់ និងកីឡាករទទួលបានសញ្ជាតិខ្មែរ ១នាក់។

គួរបញ្ជាក់ថា សម្រាប់ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលថ្មីឆ្នាំ ២០២៥-២៦ ដែលកំពុងដំណើរការ ចុះឈ្មោះកីឡាករបរទេសបានចំនួន ៧ នាក់ ដោយមិនកំណត់ថាមកពីតំបន់ណាទេ ខណ:ការចុះឈ្មោះកីឡាករបរទេសបាន ៦នាក់ ដាក់លេងនៅលើទីលាកីឡាករបរទេសបាន ៥នាក់ និងកីឡាករទទួលបានសញ្ជាតិខ្មែរ ១នាក់។
ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier Leauge រដូវកាលថ្មីឆ្នាំ ២០២៥-២៦ ចាប់ផ្ដើមនៅថ្ងៃសៅរ៍ ទី៩ ខែសីហា ឆ្នាំ២០២៥ មានសមាជិកក្រុម ១១ចូលរួមប្រកួតប្រជែង រួមមាន៖ ឡាយ ខេត្តព្រះសីហនុ បឹងកេត កងយោធពលខេមរភូមិន្ទ វិសាខា ព្រះខ័នរាជស្វាយរៀង ណាហ្គាវើលដ៍ អឹម អូ អាយ កំពង់ដេវ៉ា អង្គរថាហ្កឺរ អាយអេសអាយ ដង្កោសែនជ័យ និងគិរីវង់សុខសែនជ័យ៕

