តាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្ដិ៍នាពេលថ្មីៗនេះបានលើកឡើងពីការប៉ាន់ប្រមាណចុងក្រោយរបស់ក្រសួងទេសចរណ៍ និងកីឡាថៃ ដែលបង្ហាញថា ប្រទេសថៃអាចនឹងបាត់បង់ចំណូលពីវិស័យទេសចរណ៍ជាង ៤០ ពាន់លានបាត ឬប្រមាណ ១.២ពាន់លានដុល្លារ ក្នុងករណីដ៏អាក្រក់បំផុត ប្រសិនបើការបិទដែនអាកាសនៅមជ្ឈិមបូព៌ានៅតែបន្តអូសបន្លាយរហូតដល់ ៨ សប្តាហ៍។

ក្នុងពេលដែលពិភពលោកកំពុងរំពឹងថា វិស័យទេសចរណ៍នឹងបន្តដំណើរឆ្ពោះទៅរកការស្តារឡើងវិញពេញលេញ ជម្លោះប្រដាប់អាវុធនៅមជ្ឈិមបូព៌ាបានក្លាយជាកត្តារំខានដ៏ធំមួយ ដែលកំពុងធ្វើឱ្យប្រទេសក្នុងតំបន់អាស៊ាន ជាពិសេសប្រទេសថៃ ព្រួយបារម្ភជាខ្លាំង។ តួលេខដ៏ធំនេះកំពុងក្លាយជាសញ្ញាប្រកាសអាសន្នធំមួយដែលមិនធ្លាប់ត្រូវបានធ្វើការប៉ាន់ស្មានកន្លងមក។

លោកស្រី ណាត់ទ្រីយ៉ា ថាវីវ៉ុង អគ្គលេខាធិការក្រសួងទេសចរណ៍ និងកីឡាថៃ បានគូសបញ្ជាក់ថា អ្នកដំណើរមកពីមជ្ឈិមបូព៌ា និងអឺរ៉ុបកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការបិទដែនអាកាស ដែលនាំឱ្យជើងហោះហើរជាច្រើនត្រូវបានផ្អាក។ ជាក់ស្ដែងក្រុមហ៊ុនអាកាសចរណ៍ធំៗដូចជា Emirates និង Etihad Airways ទើបតែអាចដំណើរការឡើងវិញបានក្នុងកម្រិតកំណត់ប៉ុណ្ណោះ។

ការវាយតម្លៃផលប៉ះពាល់ត្រូវបានចែកចេញជា ៣ សេណារីយ៉ូដ៏អាក្រក់បំផុត គឺការបិទដែនអាកាសរយៈពេល ៣ សប្តាហ៍ ៤ សប្តាហ៍ និង ៨ សប្តាហ៍។ ក្នុងសេណារីយ៉ូដ៏អាក្រក់បំផុត ៨ សប្តាហ៍ ឬយូរជាងនេះ ចំនួនភ្ញៀវទេសចរបរទេសអាចនឹងថយចុះជិត ៦០០,០០០ នាក់ ដែលភាគច្រើនជាទេសចរអឺរ៉ុបជិត ៤៣០,០០០ នាក់ និងមកពីមជ្ឈិមបូព៌ាជាង ១៤៦,០០០ នាក់។

នេះមិនត្រឹមតែប៉ះពាល់ដល់ចំណូលផ្ទាល់ពីវិស័យទេសចរណ៍ថៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់សង្វាក់ផលិតកម្មទាំងមូល ចាប់តាំងពីសណ្ឋាគារ ភោជនីយដ្ឋាន ក្រុមហ៊ុនដឹកជញ្ជូន រហូតដល់អាជីវកម្មវប្បធម៌ និងការកម្សាន្តនានា។ អ្វីដែលគួរឱ្យបារម្ភបន្ថែមទៀតនោះ គឺផលប៉ះពាល់ប្រយោលដូចជា ការឡើងថ្លៃសំបុត្រយន្តហោះដោយសារតម្លៃប្រេងកើនឡើង និងអតិផរណានៅអឺរ៉ុបដែលអាចកើនឡើងខ្ពស់ ធ្វើឱ្យថយចុះសមត្ថភាពចំណាយរបស់អ្នកដំណើរ។ ទោះបីជាទីផ្សារជិតៗដូចជាអាស៊ី ក៏រងផលប៉ះពាល់តិចជាង នោះដោយសារការកើនឡើងថ្លៃដើមនៃការធ្វើដំណើរនឹងប៉ះពាល់ដល់ទេសចរគ្រប់មជ្ឈដ្ឋាន។

ជាការឆ្លើយតប ថៃកំពុងត្រៀមយុទ្ធសាស្ត្រថ្មីជាធ្នាក់ទាក់ចិត្តទេសចរណ៍ ដោយប្រកាសផែនការផ្តោតកាន់តែខ្លាំងលើទីផ្សាររយៈចម្ងាយខ្លី ដូចជាម៉ាឡេស៊ី ឥណ្ឌា និងកូរ៉េខាងត្បូង។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលថៃក៏មើលឃើញឱកាសមួយទៀតក្នុងវិបត្តិនេះ ដោយជំរុញឱ្យប្រទេសថៃក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍ តភ្ជាប់ជើងហោះហើរពីអាស៊ី និងអាស៊ាន ទៅកាន់អឺរ៉ុប តាមរយៈការសម្របសម្រួលផ្លូវហោះហើរថ្មីៗ។

ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍ និងកីឡាថៃ ក៏បានកៀរគរអ្នកស្ម័គ្រចិត្តជួយសម្រួលដល់អ្នកដំណើរនៅតាមអាកាសយានដ្ឋានធំៗ បន្ទាប់ពីមានជើងហោះហើរជាង ៤០០ ត្រូវបានលុបចោលក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ វិបត្តិមួយនេះ បានបង្ហាញឱ្យឃើញពីភាពផុយស្រួយនៃវិស័យទេសចរណ៍ ដែលពឹងផ្អែកខ្លាំងលើស្ថិរភាពភូមិសាស្ត្រនយោបាយសកល៕

Share.