ក្នុងដំណើរឆ្ពោះទៅជាមជ្ឈមណ្ឌលផលិតកម្មក្នុងតំបន់ កម្ពុជាកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីវិនិយោគិនបរទេស ជាពិសេសក្នុងវិស័យផលិតសំបកកង់រថយន្ត។ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ កិច្ចប្រជុំមួយដ៏សំខាន់រវាងគណៈកម្មាធិការវិនិយោគកម្ពុជា តំណាងក្រុមហ៊ុនផលិតសំបកកង់ទាំង៨ និងសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា បានបង្ហាញឱ្យឃើញពីទស្សនវិស័យថ្មីមួយ ដែលមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់វិស័យឧស្សាហកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ក្តីសង្ឃឹមថ្មីដល់ប្រជាកសិករ និងអ្នកដាំកៅស៊ូទូទាំងប្រទេសផងដែរ។

តាមរយៈគណៈកម្មាធិការវិនិយោគកម្ពុជាបានឱ្យដឹងថា បច្ចុប្បន្ននេះរោងចក្រផលិតសំបកកង់រថយន្តចំនួន៨ បានបោះទីតាំងយ៉ាងរឹងមាំនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនានា នៅខេត្តស្វាយរៀង ព្រះសីហនុ និងខេត្តក្រចេះ។ វត្តមានរបស់រោងចក្រទាំងនេះ គឺជាឱកាសមាសដើម្បីបង្វែរកម្ពុជាពីប្រទេសនាំចេញវត្ថុធាតុដើមឆៅ ទៅជាប្រទេសកែច្នៃផលិតផលកសិកម្មប្រកបដោយតម្លៃបន្ថែមខ្ពស់។ ការលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុកនេះ មានន័យថា អ្នកដាំកៅស៊ូនឹងលែងពឹងផ្អែកតែលើទីផ្សារអន្តរជាតិដែលមានការប្រែប្រួលថ្លៃ និងថ្លៃដឹកជញ្ជូនខ្ពស់ទៀតហើយ។

កិច្ចប្រជុំបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ជា វុទ្ធី ក៏បានបង្ហាញពីឆន្ទៈដ៏មុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការភ្ជាប់អ្នកផលិត និងអ្នកប្រើប្រាស់ក្នុងស្រុកឱ្យបានជិតស្និទ្ធ។ ការពិភាក្សាផ្តោតលើសក្តានុពល បញ្ហាប្រឈម និងដំណោះស្រាយគោលនយោបាយ ដើម្បីជំរុញឱ្យរោងចក្រទាំងនោះប្រើប្រាស់កៅស៊ូក្នុងស្រុកឱ្យបានច្រើនបំផុត ដែលអាចចាត់ទុកថា ជាការនាំចេញនៅនឹងកន្លែង។ នេះជាគំនិតដ៏ឆ្នើមមួយ ព្រោះវាបង្កើតទីផ្សារមានស្ថិរភាពមួយនៅក្បែរដៃ កាត់បន្ថយការពឹងផ្អែកលើកត្តាខាងក្រៅ និងបង្កើនប្រាក់ចំណូលជូនប្រជាកសិករ។

ជាក់ស្តែង តម្រូវការកៅស៊ូពីរោងចក្រសំបកកង់ទាំង៨នេះ គឺធំសម្បើម នៅពេលដែលខ្សែច្រវាក់ផ្គត់ផ្គង់ត្រូវបានពង្រឹង នោះអ្នកដាំកៅស៊ូនឹងមានទីផ្សារធានាលក់ ហើយថែមទាំងអាចទទួលបានតម្លៃប្រកួតប្រជែង ដោយមិនចាំបាច់បារម្ភពីការជាប់គាំង ឬការដឹកជញ្ជូនទៅកាន់ទីឆ្ងាយនោះទេ។

ទោះយ៉ាងណា បញ្ហាប្រឈមមួយចំនួនដូចជា គុណភាពជ័រកៅស៊ូ បរិមាណផលិតកម្មឱ្យស្របតាមតម្រូវការរោងចក្រ និងស្តង់ដាបច្ចេកទេស ត្រូវតែត្រូវបានដោះស្រាយ។ នេះជាភារកិច្ចដែលទាមទារកិច្ចសហការរវាងសមាគមកៅស៊ូ អ្នកជំនាញបច្ចេកទេស និងការគាំទ្រផ្នែកហិរញ្ញវត្ថុពីរដ្ឋាភិបាល ដើម្បីជួយកសិករបំពាក់បច្ចេកវិទ្យាទំនើប និងកែលម្អគុណភាពផលិតផល។

សូមជម្រាបថា កិច្ចប្រជុំមួយនេះបានបញ្ជាក់យ៉ាងច្បាស់ថា អនាគតវិស័យកៅស៊ូកម្ពុជាកំពុងតែភ្លឺស្វាងជាងពេលណាទាំងអស់។ ការតភ្ជាប់រវាងអ្នកដាំកៅស៊ូ និងរោងចក្រក្នុងស្រុក គឺមិនមែនគ្រាន់តែជាទំនាក់ទំនងអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែវាជាគន្លឹះដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិ បង្កើតការងារ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅជនបទ។ ដូចនេះតម្រូវការទីផ្សារខ្ពស់សម្រាប់អ្នកដាំកៅស៊ូនេះ មិនមែនជាក្តីស្រមៃទៀតទេ ប៉ុន្តែកំពុងក្លាយជាការពិតជាបណ្តើរៗ៕

Share.