ភ្នំពេញ ៖ កំណាត់ផ្លូវលំមួយកន្លែងនៅជាប់របងវត្តជម្ពូវ័ន ក្នុងភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចាប់ពីផ្លូវជាតិលេខ៤ ដល់ក្រុមហ៊ុនអូលែ ផ្ទះអ្នកភូមិ កន្លងមកធ្លាប់តែបែកភក់ជ្រាំ ទឹកជន់លិច នារដូវវស្សា ហើយក៏ហុយបែកផ្កាត្រែងនារដូវប្រាំង ប្រវែងត្រឹមតែ១៥០ម៉ែត្រ ឥឡូវនេះបានក្លាយជាផ្លូវបេតុងហើយ ងាយស្រួលពលរដ្ឋ រថយន្តក្រុមហ៊ុន ធ្វើដំណើរចេញចូល ។ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះផងដែរ រដ្ឋបាលសង្កាត់ចោមចៅទី៣ ចុះពិនិត្យនៃការស្ថាបនា ។

តាមអាជ្ញាធរបានឱ្យដឹងថា កំណាត់ផ្លូវត្រូវស្ថាបនា ប្រវែង១៥០ម៉ែត្រ ចាក់បេតុងឆ្អឹងដែក ទំហំទទឹង៨ម៉ែត្រ កម្រាស់១៥សង់ទីម៉ែត្រ ចំណាយជាថវិការបស់សប្បុរសជន ។

បើតាមប្រជាពលរដ្ឋបានឱ្យដឹងថា ចម្ងាយផ្លូវត្រឹមតែ១៥០ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៤ ដល់ផ្លូវបេតុងចាស់ ផ្ទះអ្នកភូមិ ក្រុមហ៊ុនដឹកជញ្ជូន អូលែ ច្រើនឆ្នាំមកហើយ ជាផ្លូវលំ ពិបាកធ្វើដំណើរឆ្លងកាត់ទាំងរដូវប្រាំង ទាំងរដូវវស្សា ព្រោះថាមានរថយន្តតូចធំឆ្លងកាត់ច្រើន ឈូស កាយ យ៉ាងយូរ១សប្តាហ៍ខូចវិញ មកដល់ពេលនេះបានប្រែក្លាយជាផ្លូវបេតុងហើយ តែមិនដឹងថាធានានឹងរថយន្តកុងតឺន័រដែរឬអត់ទេ ។

Share.